ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយកក្រុមហ៊ុន ផែ ឧកញ៉ា ម៉ុង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានគូសបញ្ជាក់ថា ការនាំចេញដូងប្រេងទៅក្រៅប្រទេសនៅពេញមួយឆ្នាំ២០២៣ សម្រេចបានជាង៦ម៉ឺនតោន មានការកើនឡើងប្រមាណ៥ពាន់តោន បើធៀបនឹងឆ្នាំ២០២២ គិតជាប្រាក់មានទំហំប្រហែល៥០លានដុល្លារ អាម៉េរិក។ ទោះបីការនាំចេញដូងប្រេងនៅឆ្នាំនេះមានការកើនឡើងក្តី តែតម្លៃដូងប្រេងនៅឆ្នាំនេះហាក់ទាបជាងឆ្នាំមុន។ នេះបើតាមការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំរូបនេះ ដែលបានបន្ថែមថា ទីផ្សារដូងប្រេងធំបំផុតរបស់កម្ពុជា គឺប្រទេសឥណ្ឌា។
ជុំវិញតម្លៃដូងប្រេងនៅឆ្នាំ២០២២ ខ្ពស់ជាងឆ្នាំ២០២៣ ត្រូវបានអ្នកឧកញ៉ា ម៉ុង ឬទ្ធី គូសបញ្ជាក់កាលពីពេលថ្មីៗថា ដោយសារនៅដើមឆ្នាំ២០២២ ពិភពលោកបានជួបប្រទះនូវបញ្ហាជាបន្តបន្ទាប់ ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ដែលជំរុញឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងដូងប្រេងបានឡើងថ្លៃខ្ពស់។
បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មរូបនេះ ដំណាំដូងប្រេងសព្វថ្ងៃ នៅមិនសូវមានអ្នកដាំដុះនោះទេ ព្រោះដំណាំប្រភេទនេះ ទាមទារលក្ខខណ្ឌច្រើន ដូចជាកត្តាដី ទឹកភ្លៀង បច្ចេកទេស ហិរញ្ញវត្ថុ និងត្រូវការផ្ទៃដីធំ ហើយចំណាយច្រើន ដូច្នេះ ក៏ទាមទារឱ្យមានការគាំទ្រពីស្ថាប័ណ្ណផ្សេងៗ ជួយគាំទ្រ ទៅលើផ្នែកហិរញ្ញប្បទានផងដែរ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានដាំដុះដូងប្រេងលើផ្ទៃដី ទំហំជាង១ម៉ឺន៦ពាន់ហិកតា ដែលសុទ្ធតែអាចប្រមូលផលបាន៕