លោកបានសង្កត់ធ្ងន់ថា ការកសាងស្ថិរភាពហិរញ្ញវត្ថុពិតប្រាកដ គឺត្រូវផ្តើមចេញពីចំណេះដឹង និងការរៀបចំផែនការច្បាស់លាស់។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី២ ខែឧសភារដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានអះអាងថា យុវជនអាម៉េរិកជាច្រើន ជាពិសេសបុរស ដែលធ្វើការដោយប្រើកម្លាំងបាយ ចូលចិត្តចំណាយប្រាក់ទិញឆ្នោតផ្សងសំណាង ដែលជាក្ដីបារម្ភរបស់លោក។ នេះជាមូលហេតុដែល លោក ជួបជាមួយសហគមន៍នានាដើម្បីបង្រៀនអំពីចំណេះដឹងហិរញ្ញវត្ថុដូចជាការរៀបចំផែនការលុយកាក់ ការសន្សំ និងការគ្រប់គ្រងបំណុលជាដើម។
រដ្ឋមន្ត្រីរូបនេះ បានយកការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុធ្វើជាគោលនយោបាយអាទិភាពចម្បង ជាពិសេសសម្រាប់យុវជន ខណៈដែលពលរដ្ឋអាម៉េរិកជាច្រើនកំពុងដុនដាបដោយសារការកើនឡើងថ្លៃជីវភាពរស់នៅដូចជាលំនៅឋាន ចំណីអាហារ និងថាមពលជាដើម។
ទោះជាយ៉ាងណាក្រុមអ្នករិះគន់អះអាងថា បញ្ហាពិតប្រាកដមិនមែនគ្រាន់តែជាចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះទេ ពោលគឺពលរដ្ឋអាម៉េរិកជាច្រើនមិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំនោះទេ ដោយសារតែការចំណាយជីវភាពខ្ពស់ពេក។ ទន្ទឹមនឹងនេះ អាម៉េរិកកំពុងប្រឈមមុខនឹងបំណុលជាតិខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅជាង៣៩ទ្រីលានដុល្លារ ដែលកំពុងបង្កើតជាសំណួរដៅឆ្ពោះទៅរកទាំងពលរដ្ឋ និងរដ្ឋាភិបាលអាមេរិកអំពីសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងលុយកាក់៕
ដោយ: តែម សុខុម