ពិធីបុណ្យនេះ ជាធម្មតា គេធ្វើនៅអំឡុងដើមខែមេសា ដោយកូនចៅនាំគ្នាទៅផ្នូរជីដូនជីតាកុងម៉ា ឬសាច់ញាតិដែលបានចែកឋានទៅ ដើម្បីសម្អាតផ្នូរ សែនម្ហូបអាហារ ដុតទៀតធូប ដុតក្រដាសសែន និងលុយក្រដាស ជាដើម ។ល។ ជាកិច្ចឧទ្ទិសកុសលដល់អ្នកមានគុណដែលបានស្លាប់ទៅ។
និយាយពីលុយក្រដាសដែលដុតសែន គេនិយមដុតក្រដាសប្រាក់ចិន និងក្រដាសលុយដុល្លារអាមេរិកលើសលប់។
ហេតុអ្វីគេនិយមដុតលុយក្រដាសជាប្រាក់ដុល្លារអាមេរិក ?
អ្នកខ្លះយល់ថា ដុតលុយក្រដាសជាប្រាក់ដុល្លារអាមេរិក ក៏ព្រោះតែពួកគេចង់ឲ្យបុព្វការីជនរបស់ពួកគេអាចចាយវាយប្រាក់នេះបានទូលំទូលាយឆ្លងប្រទេស និងអាចធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយ ដោយអាចប្រើលុយដុល្លារអាមេរិកបាន។
នៅប្រទេសខ្លះ ដែលរូបិយប័ណ្ណជាតិមានឧស្សាហ៍ធ្លាក់ថ្លៃ គេយល់ថា ដុតសែនក្រដាសប្រាក់ដុល្លារអាមេរិកទៅ ព្រោះថា វាមានលំនឹងតម្លៃជាង។
ដោយឡែក នៅស្រុកខ្មែរវិញ គេកម្រឃើញប្រជាជនខ្មែរកាត់ចិន ឬប្រជាជនចិនរស់នៅស្រុកខ្មែរ ដុតសែនក្រដាសប្រាក់រៀលខ្មែរណាស់៕