វិស័យ SME

​​អ្នកជំនាញស្នើឱ្យឈ្មួញឈប់នាំចូលសាច់បង្កកពីថៃ ហើយងាកមកវិនិយោគលើការចិញ្ចឹម និងកែច្នៃក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ


ប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុករបស់សមត្ថកិច្ចចម្រុះលើឃ្លាំងស្តុកសាច់បង្កក និងទំនិញលបលួចនាំចូលដោយខុសច្បាប់ពីប្រទេសថៃ នាពេលថ្មីៗនេះ កំពុងឆាបឆេះជាកំហឹងជាតិនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ រលកនៃការបង្ក្រាបនេះ បានផ្ទុះឡើងចំពេលដែលកម្ពុជា កំពុងរងការរំលោភបំពាន និងការប្រមាថយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពពីប្រទេសជិតខាងមួយនេះ ដែលវាបានក្លាយជាកាតាលីករដាស់ស្មារតីពលរដ្ឋខ្មែរឱ្យងាកមកបង្កើតចលនាពហិការឈប់ប្រើប្រាស់ទំនិញថៃ។
វិស័យ SME
ដោយ

បញ្ហានេះបានបង្កើតជាសំណួរថា តើល្មមដល់ពេលហើយឬនៅ ដែលអ្នកមានធនធាន និងវិនិយោគិនខ្មែរត្រូវរួមគ្នាបង្វែរទុនមកវិនិយោគលើការចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារក្នុងស្រុក ដើម្បីវាយបំបែកការពឹងផ្អែកលើថៃ?

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ានឹងមិននាំចូលជង្គង់មាន់ ឬសាច់បង្កកខូចគុណភាពដែលជាកាកសំណល់បោះចោលពីបរទេសចូលមកជាន់ឈ្លីសុខភាពពលរដ្ឋខ្មែរជាដាច់ខាត។ ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុក អ្នកឧកញ៉ា ក៏បានពញ្ញាក់ស្មារតីដល់អ្នកមានធនធាននៅក្នុងស្រុកទាំងអស់ គួរតែមានមនសិការជាតិ ងាកមកបោះទុនបង្កើតរោងចក្រកែច្នៃចំណីអាហារដោយខ្លួនឯង ព្រោះការបង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុកមិនត្រឹមតែជួយបិទច្រកទំនិញបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្នងបង្អែកដ៏រឹងមាំក្នុងការបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ជាតិផងដែរ។

ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមអ្នកសត្វកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចុប្បន្នការកែច្នៃសាច់សត្វ និងចំណីអាហារនៅកម្ពុជា នៅមានកម្រិត និងចន្លោះប្រហោងនៅឡើយ ដែលនេះជាឱកាសមាសសម្រាប់អ្នកមានធនធានក្នុងស្រុក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈដែលជាតិ រងការប្រមាថ វិនិយោគិនខ្មែរត្រូវតែបង្កើនការផលិត និងកែច្នៃផលិតផលសម្រេចដោយខ្លួនឯង ដើម្បីវាយលុក និងដណ្តើមយកទីផ្សារក្នុងស្រុកមកគ្រប់គ្រងវិញ ដែលកត្តានេះនឹងជួយបង្កើតតម្លៃបន្ថែមដល់កសិផលខ្មែរ និងធានាបាននូវសន្តិសុខស្បៀងយ៉ាងរឹងមាំ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចពីការហូរចូលសាច់បង្កកនិងទំនិញពីប្រទេសថៃ ខណៈកម្ពុជា កំពុងរងការប្រមាថយ៉ាងធ្ងន់ធ្ងរពីប្រទេសជិតខាងមួយនេះ។ អ្នកជំនាញរូបនេះចាត់ទុកការនាំចូលទំនិញពីថៃ មកកម្ពុជា គឺជាការបំផ្លាញជាតិសាសន៍ខ្លួនឯង។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងស្ថានភាពនេះ ក្រុមឈ្មួញដែលនាំទំនិញថៃ ចូលមកកម្ពុជា គួរតែបញ្ឈប់ការនាំចូល ហើយងាកមកវិនិយោគផលិត កែច្នៃក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារ និងពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យដល់ឬសគល់ចំពោះករណីនាំចូលសាច់បង្កកពីប្រទេសថៃ។ សម្រាប់សម្តេចតេជោ ការចាត់វិធានការលើករណីនាំចូលសាច់បង្កកពីថៃ មិនត្រឹមតែចាត់វិធានការតែលើឈ្មួញនាំចូលនោះទេ គឺត្រូវចាត់វិធានការចំពោះមន្ត្រី ដែលគប់គិតជាមួយឈ្មួញនាំចូលបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


International SOS និង WorldBridge Group ប្រកាសពីកិច្ចសហការរួមគ្នា ដើម្បី នាំមកនូវស្តង់ដារ​ថែទាំសុខភាព​កម្រិតពិភពលោកមកកាន់កម្ពុជា

ក្រុមហ៊ុន International SOS និងក្រុមហ៊ុន WorldBridge Group នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបង្កើតនូវរបត់ដ៏សំខាន់មួយនៅក្នុងវិស…

យន្តការលើកលែងទិដ្ឋាការចាប់ផ្ដើមហើយ ខណៈអ្នកជំនាញរំពឹងភ្ញៀវ និងវិនិយោគិនចិន ហក់ឡើង តែស្នើឱ្យអាជ្ញាធររឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ

នៅទីបំផុតយន្តការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរចូលមកកាន់កម្ពុជា បានចាប់ផ្ដើមដំណើរជាផ្លូវការហើយនៅថ្ងៃទី១៥ ខែមិថុនា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ