ទោះជាយ៉ាងណា ក្រុមអ្នកជំនាញក៏បានដាស់តឿនឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវដាក់ចេញនូវវិធានការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ក្រុមឆ្លៀតឱកាសចូលមកបង្កភាពវឹកវរ និងបញ្ហាផ្សេងៗនៅកម្ពុជា។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានគូសបញ្ជាក់ថា ករណីឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam នៅតែជាស្រមោលអវិជ្ជមានមួយរាំងស្ទះដល់លំហូរវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការលើកលែងទិដ្ឋាការសាកល្បងរយៈពេល៤ខែនេះក៏ដោយ។ តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយមថា កម្ពុជា នៅតែមានឱកាសខ្ពស់ក្នុងការស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវចិន ឱ្យមកកម្សាន្តឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែបន្តយុទ្ធនាការបោសសម្អាតរូបភាពអវិជ្ជមានទាំងឡាយ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ។
ស្រដៀងគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានវាយតម្លៃថា ការបើកទ្វារលើកលែងទិដ្ឋាការសាកល្បងនេះ មិនត្រឹមក្លាយជាកាតាលីករ ដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនភ្ញៀវទេសចរចិន ប៉ុណ្ណោះទេ តែវាក៏ជាឱកាសមាសសម្រាប់វិនិយោគិនចិន ដែលមានបំណងចង់ស្វែងយល់ និងស្ទាបស្ទង់ពីបរិយាកាសវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា ផងដែរ។ ទន្ទឹមនឹងនេះ លោក ជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរពាក់ព័ន្ធបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តវិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់រាល់បញ្ហាចម្រូងចម្រាស ជាពិសេសគឺក្រុមកាងារខុសច្បាប់អនឡាញ ដែលកន្លងមកធ្លាប់បានរុញច្រានកិត្តិយសកម្ពុជា ឱ្យធ្លាក់ចូលក្នុងព្យុះភ្លៀងនៃពាក្យចចាមអារ៉ាម។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា នៅក្នុងពេលដែលភ្ញៀវទេសចរ និងអ្នកវិនិយោគិចិន អាចនឹងចូលមកកម្ពុជាច្រើន តាមរយៈការលើកលែងទិដ្ឋការនេះ ក៏ទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការតាមដានត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីបញ្ចៀសការហូរចូលនូវជនជាតិចិនដែលជាក្រុមស្គេមអនឡាញចូលមកកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ក៏បានស្នើឱ្យប្រតិបត្តិករទេសចរក្នុងស្រុកបង្កើនការរៀបចំបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរចិន ឱ្យបានល្អ ជាមួយការបង្កើតនូវផលិតផលទេសចរថ្មីៗឱ្យបានច្រើន ដើម្បីឱ្យពួកគេមកម្តងហើយម្តងទៀត។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរចេញពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការអនុវត្តការលើកលែងទិដ្ឋាការនេះ ភ្ញៀវទេសចរចិន អាចមកកម្ពុជា ប៉ុន្មានលើកក៏បាន។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន បានជាង៣៣ម៉ឺននាក់ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៦ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រភពទេសចរអន្តរជាតិ ឈានមុខគេរបស់កម្ពុជា ដែលទទួលបានសរុបជាង១លាន៣សែននាក់៕