គម្រោងថវិកានេះ ត្រូវបានប្រកាសឡើងនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុលើកទី២៦ ហៅកាត់ថា COP26 នាប្រទេសស្កុតឡេន។ ក្នុងចំណោមថវិកាទាំង ៦៦៥លានដុល្លារដែលទទួលបានពីដៃគូររួមមាន ទទួលបាន ១៥១លានដុល្លារពីរដ្ឋាភិបាលអង់គ្លេស, ១៥៥លានដុល្លារពីគម្រោងផ្តល់ប្រាក់កម្ចី របស់រដ្ឋាភិបាល អ៊ីតាលី ហៅកាត់ថា CDP, ជិត៦០លានដុល្លារពីសហភាពអឺរ៉ុប និង៣០០លានដុល្លារទៀតទទួលបានពី មូលនិធិអាកាសធាតុបៃតង ហៅកាត់ថា GCF។
ប្រធានធនាគារអភិវឌ្ឍអាស៊ី ADB លោក Masatsugu Asakawa បាននិយាយថា ប្រទេសនៅក្នុងតំបន់អាស៊ានមានឱកាសល្អ ក្នុងការកសាងអនាគតពណ៌បៃតងដ៏ស្រស់បំព្រង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ត្រូវបានបញ្ចប់ទៅ។ លោកបានបន្ថែម ថវិកានេះនឹងជួយពន្លឿនលំហូរនៃការវិនិយោគ ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។
គួរជម្រាបថា ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាពសាធារណៈ និងសង្គមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វេទិកានេះ នឹងផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ និងជំរុញការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលឈានទៅបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ជំនួយដដែល ក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ផងដែរ៕