មនុស្សយន្ត

ចិនបង្កើនការដាក់ពង្រាយមនុស្សយន្តនៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីជំរុញផលិតភាព


ចិននៅពេលនេះកំពុងត្រូវបានពិភពលោកមើលឃើញថា ជាមហាអំណាចបច្ចេកវិទ្យាឈានមុខគេ ដែលបាន និងកំពុងសម្រេចផលិត ព្រមទាំងដាក់ពង្រាយមនុស្សយន្ត (Robots) ចូលទៅក្នុងចរន្តការងារ និងជីវភាពរស់នៅរបស់មនុស្សជាតិស្ទើរតែគ្រប់វិស័យ។ សារព័ត៌មាន Bloomberg បានចុះផ្សាយថា អ្វីដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោកមួយនេះកំពុងធ្វើ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្សយន្ត គឺបានកំពុងតែបោះជំហានទៅមុខយ៉ាងលឿន និងនាំមុខសហរដ្ឋអាម៉េរិកទៅទៀត។
មនុស្សយន្ត
ដោយ

តើចិនមានមហិច្ឆតា និងផែនការយុទ្ធសាស្ត្រយ៉ាងណាខ្លះលើកម្មវិធីមនុស្សយន្តទាំងនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត?
ចិននៅពេលនេះត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយមនុស្សយន្តក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយដាក់នៅតាមមជ្ឈមណ្ឌលដឹកជញ្ជូន ឧស្សាហកម្មធុនធ្ងន់ និងរោងចក្រផលិតកម្មនានារាប់ពាន់គ្រឿងក្នុងល្បឿនមួយដ៏លឿនបំផុត ដែលសហរដ្ឋអាម៉េរិកពិបាកនឹងដេញតាមទាន់។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលទីក្រុងប៉េកាំង និងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ពីវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនរាប់ចាប់តាំងពី Alibaba រហូតដល់ Xiaomi កំពុងយករ៉ូបូតទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មយ៉ាងមានប្រសិទ្ធភាព។
អ្វីដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនោះ គឺក្រុមហ៊ុន Unitree Robotics របស់ចិនបានបង្ហាញនូវមនុស្សយន្តដែលមានរូបរាងដូចមនុស្សបំពាក់ដោយប្រព័ន្ធឆ្លាតវៃកម្រិតខ្ពស់ ដែលអាចធ្វើចលនាយ៉ាងរស់រវើក សូម្បីតែការសម្តែងក្បាច់គុនបុរាណគុងហ្វូដ៏ល្បីល្បាញរបស់ចិន។ ទោះបីជាក្រុមហ៊ុនយក្សៗរបស់សហរដ្ឋអាម៉េរិកដូចជា Google ឬក្រុមហ៊ុន Physical Intelligence ដែលគាំទ្រដោយ OpenAI កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យានេះក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគបានវាយតម្លៃថា ពួកគេហាក់កំពុងរត់ដេញតាមពីក្រោយបច្ចេកវិទ្យារបស់ចិននៅឡើយ។
បើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារវិនិយោគ Morgan Stanley បានបង្ហាញថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០ វត្តមានរបស់មនុស្សយន្តនឹងរួមចំណែកជួយជំរុញផលិតភាពសេដ្ឋកិច្ចសកលឱ្យកើនឡើងតម្លៃរហូតដល់ទៅជាង៥ទ្រីលានដុល្លារអាម៉េរិក។ ការប៉ាន់ស្មាននេះ គឺយោងទៅលើទិន្នន័យជាក់ស្តែង ដែលបង្ហាញថា ប្រទេសចិនបាន និងកំពុងដាក់ពង្រាយមនុស្សយន្តនៅក្នុងចរន្តការងារសកម្មរហូតដល់ទៅជាង៣០ម៉ឺនគ្រឿង។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកមានមនុស្សយន្តកំពុងដំណើរការត្រឹមប្រមាណជិត៤ម៉ឺនគ្រឿងប៉ុណ្ណោះ។
ស្របពេលដែលពិភពលោកកំពុងបារម្ភថា បច្ចេកវិទ្យាមនុស្សយន្តដ៏ទំនើបនេះ អាចនឹងត្រូវចិនយកទៅអភិវឌ្ឍក្នុងវិស័យយោធា និងការពារជាតិបន្ថែមទៀតនោះលោក ស៊ូ ហាវ (Su Hao) អ្នកវិទ្យាសាស្ត្រកុំព្យូទ័រដ៏ល្បីឈ្មោះម្នាក់ ដែលទទួលបានការអប់រំនៅអាម៉េរិកបានសង្កត់ធ្ងន់ថា ពិភពលោកទាំងមូលកំពុងតែស្ថិតនៅលើបន្ទាត់ចាប់ផ្តើម នៃយុគសម័យបញ្ញាសិប្បនិម្មិតជារូបវន្ត ហើយប្រទេសចិនកំពុងបោះជំហានអនុវត្តកម្មវិធីនេះយ៉ាងសកម្ម និងមានឥទ្ធិពលបំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមតម្រូវឱ្យនិស្សិតបញ្ចប់ការសិក្សាទាំងអស់ត្រូវតែមានជំនាញ AI និងឌីជីថល

ដើម្បីត្រៀមលក្ខណៈដណ្តើមតំណែងជាបងធំសេដ្ឋកិច្ចទី២ក្នុងតំបន់អាស៊ានជំនួសប្រទេសថៃនៅពេលខាងមុខ វៀតណាមបានបោះជំហានយ៉ាងលឿនដោយកំណត់យកបច្ចេកវិទ្យា…

អ្នកជំនាញបារម្ភពីកង្វះធនធានមនុស្ស និងនីតិវិធីស្មុគស្មាញធ្វើឱ្យកម្ពុជាបាត់ឱកាសក្នុងការស្រូបទាញក្រុមហ៊ុនចិន ដែលបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា

ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កម្ពុជាកំពុងមានឱកាសខ្ពស់ក្នុងការស្រូបទាញលំហូរទុនវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិន ក្រោយដំណើរទស្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ