ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក បានប្រព្រឹត្តដោយជោគជ័យ ក្រោមអធិបតីភាពលោក Brindley De Zylva ប្រធានក្រុមប្រឹក្សាភិបាល និងលោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ គណៈគ្រប់គ្រង បុគ្គលិក អិលអូអិលស៊ី និងអតិថិជនជាច្រើនកុះករ។ ក្រៅពីការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អ្នកចូលរួមក៏បានស្វែងយល់បន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃផលិតផលនេះ ដែលត្រូវបានពង្រីកគ្របដណ្តប់គ្រប់សាខារបស់អិលអូអិលស៊ីក្នុងរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀត។
លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយបានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រផលិតផល «ឥណទានមាសកើនទ្រព្យ» ចាប់តាំងពីថ្ងៃដាក់ឱ្យដំណើរការនៅសាខាទី01 រហូតដល់សាខាទី10 នៅក្នុងខណ្ឌទួលគោកនេះ ក៏ដូចជាសាខាចុងក្រោយនៅក្នុងរាជធានីភ្នំពេញផងដែរ។ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយក្នុងការជួយអតិថិជនដោះស្រាយតម្រូវការហិរញ្ញវត្ថុ តាមរយៈការផ្តល់ជូនដំណោះស្រាយសាច់ប្រាក់រហ័សក្នុងរយៈពេលត្រឹមតែ 15 នាទី ដោយមិនចាំបាច់លក់គ្រឿងមាសរបស់ខ្លួន ព្រមទាំងទទួលបានអត្រាការប្រាក់សមរម្យ និងការរក្សាទុកទ្រព្យសម្បត្តិរបស់អតិថិជនប្រកបដោយសុវត្ថិភាពខ្ពស់។ ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងបន្តពង្រីកសេវាកម្មនេះទៅកាន់សាខារបស់ អិលអូអិលស៊ី នៅទូទាំងប្រទេស ដើម្បីឱ្យអតិថិជនកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីផលិតផលនេះពីគ្រប់មជ្ឈដ្ឋាន។»
ចំពោះលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម)ក្នុងមួយគ្រឿងមាស។
ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕