

ដើម្បីលើកស្ទួយវិស័យអប់រំ និងព្រះពុទ្ធសាសនា ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកាចំនួនសរុប $250,000 (ម្ភៃប្រាំម៉ឺន ដុល្លារអាមេរិក) ក្នុងនោះបែងចែក $150,000 (ដប់ប្រាំម៉ឺន ដុល្លារអាមេរិក) កសាងនូវអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា។

ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា និងថវិកាចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ទៀតកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្តនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានរបស់ខ្លួនចេញពីរមណីដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍លើការអនុវត្តនៅតំបន់អភិវឌ្ឍរុនតាឯកនេះឱ្យក្លាយទៅជាទីក្រុងថ្មីមួយ នៅថ្ងៃអនាគតផងដែរ។
សូមបញ្ជាក់ផងដែរ៖ ពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា គឺមានទីតាំងស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈគណៈគ្រប់គ្រងសាកលវិទ្យាល័យនូវតែបន្តបើកទទួលការចូលរួមឧបត្ថម្ភដើម្បីកសាងអគារសិក្សាថ្មី ពីសម្បុរស់ជនផងដែរ។

សូមរំលឹកថា៖ ការងារអប់រំ និងការងារសង្គម គឺជាយុទ្ធសាស្រ្តគោល ក្នុងចំណោមយុទ្ធសាស្រ្តធំទាំងបី នៃផ្នែកទំនួលខុសត្រូវសង្គមរបស់ ប៉េង ហួត គ្រុប រួមមាន “ការងារអប់រំ ការងារសង្គម និងការងារបរិស្ថាន” ក្នុងនោះកន្លងមកក្រុមហ៊ុន បានចូលរួមកសាងវត្តអារាម សាលារៀន និងផ្លូវថ្នល់។ល។ នៅតាមបណ្ដាខេត្តមួយចំនួន៕