ដំណាំម្រេច

ទិន្នផលម្រេចមានការធ្លាក់ចុះប្រមាណ៦០% តែតម្លៃមានការកើនឡើងនៅឆ្នាំនេះ មកពីមូលហេតុអ្វី?


ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា បញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យការប្រមូលទិន្នផលម្រេចរបស់ប្រជាកសិករនៅឆ្នាំនេះមានការធ្លាក់ចុះយ៉ាងខ្លាំងដល់ប្រមាណ ៦០% បើធៀបនឹងឆ្នាំមុន។ ស្របពេលទិន្នផលម្រេចមានការធ្លាក់ចុះ និងមានតម្រូវការច្រើនពីទីផ្សារផងនោះ បានធ្វើឱ្យតម្លៃម្រេចនៅកម្ពុជា បច្ចុប្បន្នហក់ឡើងខ្ពស់ដល់ប្រមាណ២ម៉ឺនរៀល ក្នុង១គីឡូក្រាម ហើយតម្លៃនេះអាចបន្តកើនឡើងបន្ថែមទៀត។
ដំណាំម្រេច
ដោយ

លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុក្តៅខ្លាំងបានទាញទម្លាក់ទិន្នផលម្រេចនៅឆ្នាំនេះឱ្យធ្លាក់ចុះចន្លោះពី៥០% ទៅ៦០% នៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈមកទល់ពេលនេះការប្រមូលផលម្រេចនៅទូទាំងប្រទេសកម្ពុជាសម្រេចបានប្រមាណ៩០%ហើយ។

​តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ដោយសារតែការផ្គត់ផ្គង់មានតិចជាងតម្រូវការ បានជំរុញឱ្យតម្លៃម្រេចនៅឆ្នាំនេះហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នម្រេចក្នុង១គីឡូក្រាមអាចលក់បានក្នុងរង្វង់២ម៉ឺនរៀល ខណៈកាលពីឆ្នាំមុនអាចលក់បានប្រមាណជាង១ម៉ឺនរៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ ទន្ទឹមនេះលោកជឿជាក់ថា តម្លៃម្រេចនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ ទោះបីទិន្នផលម្រេចនៅឆ្នាំនេះមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការនាំចេញម្រេចរបស់កម្ពុជា នៅរយៈពេល៤ខែដំបូងដើមឆ្នាំនេះ មានការកើនឡើងគួរឱ្យកកត់សម្គាល់បើធៀបនឹងឆ្នាំមុន ក្រោយកសិករបានបញ្ចេញលក់ម្រេចដែលបានស្តុកទុកកាលពីឆ្នាំមុន។

​បើតាមលោក ម៉ាក នី ការដាំដុះដំណាំម្រេចរបស់ប្រជាកសិករនៅឆ្នាំនេះ គឺមិនមានការដាំដុះបន្ថែមនោះទេ ហើយលោកក៏បានអំពាវនាវឱ្យប្រជាកសិករដែលកំពងុដាំដុះដំណាំម្រេចស្រាប់ ត្រូវពង្រឹងការថែទាំម្រេចរបស់ខ្លួនឱ្យបានល្អឡើងវិញ ដ្បិតថា តម្លៃម្រេចនឹងមានភាពល្អប្រសើរឡើងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ ខណៈបច្ចុប្បន្នម្រេចកម្ពុជា ក៏ទទួលបានទីផ្សារថ្មីមួយបន្ថែមទៀត គឺទីផ្សារចិន ដោយថ្មីៗនេះ ក្រុមហ៊ុន Sela Pepper បានសម្រេចការនាំចេញម្រេចខ្មៅចំនួនមួយកុងតឺន័រ ជាលើកដំបូងទៅកាន់ប្រទេសនេះ។ ប្រធានសហព័ន្ធរូបនេះ រំពឹងថា ទីផ្សារចិននឹងរួមចំណែកច្រើនសម្រាប់ការនាំចេញម្រេចរបស់កម្ពុជា នៅពេលអនាគត៕

None



អត្ថបទបន្ទាប់


ឥណ្ឌា ជួលកំពង់ផែអ៊ីរ៉ង់ ពង្រីកពាណិជ្ជកម្មនៅតំបន់អាស៊ីកណ្ដាល ដើម្បីប្រកួតប្រជែងនឹងចិន

ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដើម្បីជួលកំពង់ផែយុទ្ធសាស្ត្រឆាបាហា (Chabahar) របស់អ៊ីរ៉ង់ រយៈពេល១០ឆ្នាំ ដើម្បីពង្រីកច្រកពាណិជ្ជក…

ការលក់រថយន្តជជុះនៅកម្ពុជា ធ្លាក់ចុះជិត៣០% ខណៈរថយន្តថ្មីធ្លាក់ចុះ២០% នៅត្រីមាសទី១ឆ្នាំនេះ

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ មានការធ្លាក់ចុះប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ