

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ (UN) ចំពោះការគ្រាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ តុលាការខ្មែរក្រហមក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងបានការទទួលស្គាល់ជាអន្តរជាតិ និងចំពោះការប្តេជ្ញាគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ព្រមទាំងបានពាំនាំនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក ជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នេះ នឹងមិនត្រឹមតែជួយថែរក្សាធនធានចំណេះដឹង និងបទពិសោធសំខាន់ៗរបស់ អ.វ.ត.ក. ប៉ុណ្ណោះទេ គឺថែមទាំងប្រើប្រាស់ជាប្រភពចំណេះដឹង និង ឯកសារសម្រាប់បម្រើជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយនៅប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងគោលដៅថែរក្សា និងលើកកម្ពស់ការយល់ដឹងអំពីសន្តិភាព យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ផងដែរ។

តាមរយៈការងារដ៏សំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បង្ហាញនូវក្តីសង្ឃឹមថា កម្ពុជាអាចចែករំលែកជាមួយសហគមន៍អន្តរជាតិនូវគុណតម្លៃនៃសន្តិភាព, ការផ្សះផ្សាជាតិនិងយុត្តិធម៌អន្តរកាល និងរួមចំណែកជួយលើកកម្ពស់សន្តិភាពជាទូទៅ។ សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ក្នុងនាមជាប្រទេសដែលទើបចេញពីសង្គ្រាម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកសន្តិភាពនិងការអភិវឌ្ឍជាកត្តាបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកដែលមិនអាចខ្វះបាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា គឺ «យកសន្តិភាពសម្រាប់ការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព»។

ដើម្បីបង្ហាញជ្រុងមួយនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនត្រឹមតែចាត់ទុកយុត្តិធម៌ក្នុងក្របខណ្ឌច្បាប់ជាកត្តាសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់តម្លៃផងដែរលើ «យុត្តិធម៌សង្គម» ដែលជាទស្សនាទានសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ធានាសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលអតីតកាល បច្ចុប្បន្ន និងអានាគត។

នៅក្នុងជំនួបដ៏សំខាន់នេះដែរ ឯកឧត្តម Miguel de Serpa Soares បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈពិសេស (uniqueness) និងភាពជោគជ័យរបស់ អ.វ.ត.ក. ដែលបានក្លាយជាគំរូសម្រាប់សហគមន៍អន្តរជាតិ ព្រមទាំងបានកោតសរសើរចំពោះសមិទ្ធផល និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ហើយ ប្តេជ្ញាបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. និងចូលរួមក្នុងការជួយផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗទាំងនេះទៅដល់សហគមន៍អន្តរជាតិ ព្រមទាំងបានបង្ហាញការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តម Miguel de Serpa Soares ក៏បានពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការទៅមុខទៀត ក្នុងការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក.៕




