តាមរយៈរបាយការណ៍លទ្ធផលបង្ហាញថា ការសិក្សាលើមនុស្ស ១.២០០នាក់ ដែលសុទ្ធសឹងជាអ្នកជំងឺប្រឈមនឹងការវិវត្តទៅរកកម្រិតធ្ងន់ធ្ងរ អ្នកដែលបានលេបថ្នាំរបស់ Pfizer មានភាគរយតិចតួចប៉ុណ្ណោះ ដែលធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យ បើធៀបនឹងអ្នកដែលមិនបានលេប។
ក្នុងរបាយការណ៍របស់ Pfizer ដដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានលេបថ្នាំ មិនមាននរណាម្នាក់ស្លាប់ដោយសារកូវីដ១៩នោះទេ ខណៈអ្នកជំងឺ១០នាក់ ដែលមិនបានលេបថ្នាំ ត្រូវបានគេរាយការណ៍ថាស្លាប់។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយថា បើគេគិតទៅតាមរបាយការណ៍នេះ វាបានសេចក្តីថា ថ្នាំគ្រាប់ Pfizer អាចជួយជិវិតអ្នកជំងឺ ៩នាក់ ក្នុងចំណោម១០នាក់មិនឲ្យស្លាប់បាត់បង់ជីវិតបាន។
យ៉ាងណាមិញ អ្នកជំនាញខាងជំងឺឆ្លងក៏បានព្រមានថា លទ្ធផលទាំងនេះ គឺជាលទ្ធបឋម ដែលបានរៀបរាប់តែនៅក្នុងរបាយការណ៍មួយប៉ុណ្ណោះ។ ប៉ុន្តែអ្នកជំនាញសាទរចំពោះ ការផលិតបាននេះ ដោយអះអាងថា វាតំណាងឱ្យការអភិវឌ្ឍដ៏ជោគជ័យមួយផ្សេងទៀត ក្នុងការស្វែងរកថ្នាំគ្រាប់ដែលមានប្រសិទ្ធភាព និងងាយស្រួលក្នុងការគ្រប់គ្រងជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ អ្នកឯកទេសខាងជំងឺឆ្លងបានសង្កត់ធ្ងន់ថា ថ្នាំគ្រាប់ទាំងនេះមិនមែនអាចយកមក ជំនួសវ៉ាក់សាំងបាននោះទេ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងនៅតែជាមធ្យោបាយដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃការសម្រាកនៅមន្ទីរពេទ្យ។ ទោះយ៉ាងណា វាអាចចូលរួមបង្កើនខែលការពារសារពាង្គកាយបានខ្លះដែរ ហើយវាទំនងជាអាចដើមរតួនាទីសំខាន់ ក្នុងប្រទេស ឬតំបន់ដែលពុំទាន់មានវ៉ាក់សាំងប្រើប្រាស់។
សូមជម្រាបថា មិនមែនមានតែ Pfizer នោះទេដែលកំពុងផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩។ ក្រុមហ៊ុនមួយផ្សេងទៀតរបស់អាមេរិកឈ្មោះ Merck ក៏មានការផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះដូចគ្នាដែរ ហើយក៏បាន បោះជំហានទៅមុខ មុន Pfizer ទៅទៀត ដោយបានសហការផលិតជាមួយក្រុមហ៊ុន ផ្សេងទៀតរួចហើយ ខណៈពួកគេក៏កំពុងរង់ចាំការអនុម័តឲ្យប្រើប្រាស់បន្ទាន់ពី រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិកផងដែរ។
បើទោះបីជា មិនទាន់មានការអនុម័តពីរដ្ឋាភិបាលអាមេរិកចំពោះការប្រើប្រាស់ថ្នាំគ្រាប់ព្យាលកូវីដ១៩ទាំង២ប្រភេទនេះក៏ដោយចុះ ប៉ុន្ដែ ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះបានសម្រេចយល់ព្រមបញ្ជាទិញថ្នាំគ្រាប់ពីក្រុមហ៊ុន Pfizer ចំនួន៧ម៉ឺនបន្ទះ ខណៈដែលកន្លងមកនេះ កូរ៉េខាងត្បូងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ពីក្រុមហ៊ុន Merck ចំនួន២០ម៉ឺនបន្ទះរួចហើយដែរ៕