វិស័យធានារ៉ាប់រង

ពាក់កណ្ដាលឆ្នាំ២០១៩ ចំណូលពីវិស័យធានារ៉ាប់រងកើនជិត ១២០លានដុល្លារអាមេរិក


វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តភាពរឹងមាំនៅក្នុងទីផ្សារដោយក្នុងរយៈពេលកន្លះឆ្នាំ ដំបូងឆ្នាំ២០១៩នេះ ប្រាក់ចំណូលនៅក្នុងវិស័យនេះមានប្រមាណ ១១៩លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានប្រមាណជិត២០០លានដុល្លារហើយ សម្រាប់ឆ្នាំ២០១៩នេះ និងគិតជាមធ្យមគឺមានកំណើន ៣៥ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំមកនេះ។
ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ជាង​គេ​នៅកម្ពុជា។
ដោយ

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte បានលើក​ឡើងថា នៅឆ្នាំ២០១៩នេះ​ វិស័យ​ធានារ៉ាប់រង​នៅកម្ពុជា​បានវិវឌ្ឍ​ខ្លួនកាន់តែ​ប្រសើរ​ឡើង ដោយក្នុងនោះ តម្រូវការ​នៃសេវាធានារ៉ាប់រង​សម្រាប់​អតិថិជន ជាប្រជាជន​ទូទៅ ឬហៅថា សេវាធានារ៉ាប់​រង​អាយុជីវិត ហាក់មាន​សន្ទុះកើនឡើង​ខ្លាំងគួរឲ្យ​កត់សម្គាល់ បើធៀប​នឹងសេវាធានា​រ៉ាប់រង​សម្រាប់​អាជីវកម្ម ក្រុមហ៊ុន អង្គការ និងសហគ្រាស។ 

លោក ចំរើនឬទ្ធី បន្តថា ការកើនឡើង​នៃអ្នកប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់​រងអាយុជីវិត​នេះ គឺបានសបញ្ជាក់​ឲ្យឃើញ​ពីកំណើន​នៃប្រជាជន​ដែលមាន​ចំណូល​មធ្យម​មានការកើន​ឡើង គួបផ្សំ​នឹងការយល់​ដឹងពី​អត្ថប្រយោជន៍​នៃសេវាធានា​រ៉ាប់រង​សម្រាប់​អនាគត។

យោងតាម​របាយការណ៍​ពីសមាគម​ធានារ៉ាប់រង​កម្ពុជា​បានបង្ហាញថា ក្រុមហ៊ុន​ដែលជា​សមាជិត​ប្រមាណ ៣២ ក្រុមហ៊ុន បង្ហាញឲ្យ​ឃើញថា ក្នុងឆមាសទី១ នេះ បុព្វលាភ​ដែលទទួល​បានពីវិស័យ​ធានារ៉ាប់រង សរុប​១១៩លានដុល្លារ​អាមេរិក ក្នុងនោះ​បុព្វលាភ​ធានារ៉ាប់រងទូទៅ​មានជាង ៤៩ លាន​ដុល្លារ កើន ជាង ១៤ភាគរយ បុព្វលាភ​ធានារ៉ាប់​រង​អាយុជីវិត​ទទួលបានជាង ៦៦លានដុល្លារ កើនជាង ៥៥ភាគរយ  និងបុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូចវិញទទួលបាន​ជាង ៣លានដុល្លារ ថយចុះ​២២ភាគរយ ដោយសារតែមាន​ការអភិវឌ្ឍ​ខ្លួនរបស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​មួយត្រូវបាន​ប្តូរទៅជា​ក្រុមហ៊ុន​ធានារ៉ាប់​រងអាយុជីវិតវិញ។

ប្រធានសមាគម​ធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាតថារូ  បានអះអាងថា ជារួមវិស័យ​ធានារ៉ាប់រង​មានការកើន​ឡើងនាពេលនេះ គឺវាស្របតាម​ភាពរឹងមាំ​នៃកំណើន​សេដ្ឋកិច្ចកម្ពុជា ខណៈផលដែល​ទទួលបាន​ពីកំណើនត្រូវបាន​បែងចែក​ជូនដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការរីកចម្រើន​នៃការធ្វើអាជីវកម្ម​នានា ដូច្នេះហើយបាន​ជារួមចំណែក​ដល់ការកើន​ឡើង​នៃវិស័យ​ធានារ៉ាប់រង។ ទន្ទឹមជាមួយគ្នានេះ គឺការយល់ដឹង​របស់សាធារណជន​អំពីអត្ថប្រយោជន៍​វិស័យធានា​រ៉ាប់រង​ដែលបច្ចុប្បន្ន​ពួកគាត់​កំពុង​មាននិន្នាការ​ងាកមកប្រើប្រាស់​ធានារ៉ាប់រង​ដោយខ្លួនឯង ជាជាង​ក្រុមហ៊ុន​ទៅណែនាំ។

របាយការណ៍សមាគម​ធានារ៉ាប់រង​កម្ពុជា​បង្ហាញថា ក្នុងចំណោម​កំណើនបុព្វលាភ​ធានារ៉ាប់រង​ទូទៅត្រូវបាន​រុញច្រាន​ដោយធានារ៉ាប់រង​យានយន្ត ៤,៣ លានដុល្លារ ធានារ៉ាប់រង​សុខភាព ៨,៨​លានដុល្លារ ធានារ៉ាប់រង​វិស្វកម្ម ៣,២ លានដុល្លារ និងធានារ៉ាប់រង​ទ្រព្យ​សម្បត្តិ ១៧,៨ លានដុល្លារ។

សូមជម្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែលជាសមាជិក​សមាគម មាន៣២ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ១៣ អាយុជីវិត ១១ ខ្នាតតូច៧ និងធានារ៉ាប់រង​បន្ត១ និងបើគិត​ត្រឹមពាក់កណ្តាល​ឆ្នាំ២០១៩នេះ​សំណង​ដែលត្រូវបាន​សងត្រឡប់​សម្រាប់​ធានារ៉ាប់រងទូទៅ​មាន ១៤ លានដុល្លារ អាយុជីវិត ១,៤លានដុល្លារ និងខ្នាតតូច​ជិត​៦០ម៉ឺនដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើង ឬ ដាំក្បាលចុះរយៈពេល ៨ខែឆ្នាំនេះ?

ព័ត៌មាន
នៅក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ ២០១៩នេះ ទំហំទុនវិនិយោគវិស័យសំណង់ទូទាំងប្រទេសមានតម្លៃសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្…

វៀតណាម គ្រោងចំណយជាង ១,៣ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿន តាមតំបន់ដីសណ្តទន្លេមេគង្គ

ព័ត៌មាន
ក្រុមហ៊ុនសាងសង់ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានបង្ហាញពី គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៥គីឡូម៉ែត្រ តាមបណ្តោយតំបន់ដីសណ្តទន្លេមេគង្គ ដោយគ្រោង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ