
សារព័ត៌មាន Thai Examiner បានរាយការណ៍ថា នៅពេលនេះថៃកំពុងស្ថិតក្នុងមាត់ជ្រោះនៃវិបត្តិនយោបាយដោយសាររឿងក្តី៣ធំៗ រួមមានការប្រមាថព្រះមហាក្សត្រ និងបញ្ហាសុចរិតភាពរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពាក់ព័ន្ធនឹងការគេចពីពន្ធនាគារមកស្នាក់នៅមន្ទីរពេទ្យប៉ូលិស និងបញ្ហាព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពាក់ព័ន្ធនឹងរឿងលេចធ្លាយសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន។
ដើម្បីសម្រួលលើបញ្ហាពាក់ព័ន្ធការព្យួរតំណែងលោកស្រី ផែថងថាន កាលពីថ្ងៃទី១២ ខែសីហា សមាជិកសភាមកពីគណបក្សភឿថៃលោក ឆឺតឆៃ តាន់ធីស៊ីរី ( Cherdchai Tantisiri) បានស្នើឱ្យតុលាការធម្មនុញ្ញថៃពន្យារពេលប្រកាសសាលក្រមលើជោគវាសនារបស់លោកស្រី ផែថងថាន ក្រោមហេតុផលបច្ចុប្បន្នថៃកំពុងប្រឈមនឹងវិបត្តិជាច្រើនតាំងពីជម្លោះព្រំដែន ការអនុវត្តពន្ធគយជាមួយអាម៉េរិក និងបញ្ហាប្រឈមក្នុងស្រុកផ្សេងៗដូចជាការជួញដូរគ្រឿងញៀន និងជម្លោះដីធ្លីជាដើម។
អ្នកវិភាគមួយចំនួនចាត់ទុកការស្នើឱ្យតុលាការធម្មនុញ្ញថៃពន្យារពេលប្រកាសសាលក្រមនេះជាចំណាត់ការមួយ តែពួកគេជឿជាក់ថា តុលាការធម្មនុញ្ញថៃនឹងបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន។ ក្រៅពីបញ្ហាពាក់ព័ន្ធត្រកូលថាក់ស៊ីន នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃបច្ចុប្បន្ន ក៏កំពុងមានរឿងអាស្រូវពុករលួយផងដែរ ដូច្នេះហើយទើបគណបក្សភឿថៃត្រៀមលោក ឆៃកាសេម នីធីស៊ីរី ជាបេក្ខជនទី៣របស់ពួកគេសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ មកដល់ពេលនេះលោក ស្រី ផែថងថាន នៅតែបន្តបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីនានា ប៉ុន្តែតែងតែបដិសេធមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមជុំវិញការលាលែងពីតំណែងរបស់លោកស្រី៕
ដោយៈ សរ សុជាតិ