ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺណាន់ដេស ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នឹងចេញក្រឹត្យមួយអំពីការយកពន្ធ ០% ចំពោះការនាំចូលរថយន្តអគ្គិសនី ដូចជាប្រភេទរថយន្តគ្រួសារ រថយន្តវ៉ែន រថយន្តក្រុង រថយន្តដឹកទំនិញ រួមទាំង ម៉ូតូ និងកង់អគ្គិសនី និងគ្រឿងបន្លាស់សម្រាប់យានយន្តអគ្គិសនីផងដែរ។ ទោះយ៉ាងណាក៏ដោយ ចំពោះការនាំចូលរថយន្ត Hybrid គឺរក្សាអត្រាពន្ធដដែល។
លោក អាសេនស្យូ បាលីសាខេន(Arsenio Balisacan) រដ្ឋមន្រ្តីក្រសួងផែនការសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រឹត្យនេះ គឺមានគោលបំណងពង្រីកទីផ្សារ និងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យពិចារណាទិញរថយន្តអគ្គិសនី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពល ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងសាំង ក៏ដូចជាជំរុញកំណើននៃប្រព័ន្ធអេកូឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុក។
លោកនិយាយថា ទំនោរប្រើប្រាស់រថយន្តអគ្គិសនី គឺកាន់តែពេញនិយមខ្លាំង ហើយសម្រាប់តម្លៃក៏កាន់តែប្រកួតប្រជែងគ្នាដែរ ដែលធ្វើឱ្យមនុស្សប្តូរចិត្តទៅប្រើរថយន្តប្រភេទនេះវិញ។
ក្រៅពីការមិនយកពន្ធនាំចូល រដ្ឋមន្រ្តីរូបនេះ បានលើកឡើងថា ដើម្បីបង្កើនទីផ្សាររថយន្តអគ្គិសនីក្នុងស្រុក គឺត្រូវមានរចនាសម្ព័ន្ធដែលជួយគាំទ្រ ក្នុងនោះរួមមានទាំងការដំឡើងស្ថានីយសាកអាគុយឱ្យបានកាន់តែច្រើនផងដែរ។ ជាមួយគ្នានោះ រដ្ឋាភិបាលចង់លើកទឹកចិត្តឱ្យប្រើរថយន្តប្រភេទនេះ ដើម្បីដោះស្រាយបញ្ហាការបំពុល និងការប្រែប្រួលអាកាសធាតុ ហើយនោះគឺជាអនាគត។
បច្ចុប្បន្ន អ្នកប្រើប្រាស់ក្នុងប្រទេសហ្វីលីពីន ត្រូវត្រៀមលុយពី ២ម៉ឺន ទៅជិត ៥ម៉ឺនដុល្លារ ដើម្បីអាចទិញរថយន្តអគ្គិសនីបានមួយគ្រឿង ពោលគឺខុសពីការទិញរថយន្តប្រើសាំងធម្មតា ដែលកាន់លុយត្រឹមតែពី ១ម៉ឺន ៩ពាន់ ដល់ ២ម៉ឺន ៦ពាន់ដុល្លារ គឺអាចទិញបានហើយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា រថយន្តដែលបានចុះបញ្ជីនៅហ្វីលីពីន មានចំនួនជាង ៥លានគ្រឿង ក្នុងនោះមានរថយន្តអគ្គិសនីតែ ៩ពាន់គ្រឿងប៉ុណ្ណោះ ហើយភាគច្រើនបំផុតសុទ្ធតែជារថយន្តគ្រួសារ៕
អត្ថបទ ៖ នៅ សំភី