វិស័យទេសចរណ៍

ក្រុមអ្នកជំនាញបង្ហាញការគាំទ្ររាជរដ្ឋាភិបាលចំពោះយន្តការនានា ក្នុងការដោះស្រាយបញ្ហាលើវិស័យទេសចរណ៍


ក្រុមអ្នកជំនាញនិងជំនួញគាំទ្រយន្តការនានា និងដំណោះស្រាយលើបញ្ហាប្រឈមនានាមួយចំនួនដែលបានដាក់ចេញនិងសម្រេចដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។
1
ដោយ

នៅក្នុងនោះដែរ វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលបានរងគ្រោះខ្លាំងជាងគេដោយសារជំងឺកូវីដ-១៩ និងវិបត្តិសាកលជាបន្តបន្ទាប់។​ ជាលទ្ធផលបានមកពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ឃើញថា វិស័យទេសចរណ៍ទទួលបាននូវដំណោះស្រាយមួយចំនួនពីរាជរដ្ឋាភិបាល ក្នុងគោលបំណងដោះស្រាយបញ្ហានានា និងជំរុញការស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ខណៈបញ្ហាមួយចំនួនទៀតក៏មិនទាន់ទទួលបានការដោះស្រាយនោះដែរ។​

បើទោះបីជា មិនទាន់បានគាប់ប្រសើរយ៉ាងក្តី តែអ្នកជំនាញ និង ជំនួញនៅក្នុងវិស័យទេសចរណ៍ បានគាំទ្រនូវរាល់ដំណោះស្រាយនានា ដែលបានដាក់ចេញនិង​សម្រេចដោយប្រមុខរាជរដ្ឋាភិបាលក្នុងការទ្រទ្រង់វិស័យទេសចរណ៍ឲ្យមានភាពល្អប្រសើរឡើងវិញ។

ជុំវិញបញ្ហានេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ បានគូសបញ្ជាក់ថា សម្រាប់លទ្ធផលក្នុងវិស័យទេសចរណ៍ ដែលទទួលបានពីកិច្ចអន្តរាគមន៍ផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល សុទ្ធតែផ្ដល់នូវសារសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ។ សម្រាប់លោក ហូ វណ្ណឌី ការទម្លាក់កញ្ចប់ថវិកាបន្ថែមចំនួន ៥០លានដុល្លារ ពីរាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ប្រយោជន៍សម្រាប់ផ្នែកឯកជន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងវិស័យនេះ តែម្ដង។

ចំណែកឯ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានបង្ហាញការគាំទ្រផង ដែរចំពោះវិធានការ និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់លទ្ធផលសម្រេចក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។ ដ្បិតកន្លងមក រាជរដ្ឋាភិបាល​​កម្ពុជា បានដាក់ចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយដល់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងស្ដារវិស័យទេសចរណ៍កម្ពុជា ឲ្យ​ងើបឡើងវិញ ក៏ដោយចុះ តែចរន្តនៃវិស័យមួយនេះក៏នៅមានកម្រិតនៅឡើយ​។ យ៉ាងណាមិញ សម្រាប់អ្នកជំនាញរូបនេះ ទោះបី កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់បន្ថែមចំនួន ៥០លានដុល្លារ នៅមានទំហំតូច ប៉ុន្តែលោកនៅតែយល់ឃើញថា ជាឱកាសល្អសម្រាប់អាជីវកម្មទេសចរណ៍ក្នុងការចាប់ផ្ដើមអាជីវកម្មទេសចរណ៍ឡើងវិញ ក្រោយពីវិស័យនេះបានរងគ្រោះខ្លាំងដោយសារតែវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមនានា។

បើតាមការកត់សម្គាល់របស់ក្រុមអ្នកជំនាញ បច្ចុប្បន្នស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា ហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងប៉ុន្មាននោះទេ ក៏ប៉ុន្តែ សម្រាប់ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា ហាក់មានការរើបឡើងវិញបន្តិច ជាពិសេសទេសចរជនជាតិថៃ និងវៀតណាម។

សូមជម្រាបថា ទាក់ទងនឹងបញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះក្នុងវិស័យទេសចរណ៍នៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ បានជ្រើសរើសយកខេត្តសៀមរាប សម្រាប់អភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាប ឆ្នាំ២០២៤។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏ដាក់ចេញយន្តការលើកលែងពន្ធមួយចំនួនដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ ជាមួយនឹងការទម្លាក់កញ្ចប់ថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីស្ដារ និងជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យប្រសើរឡើងវិញ។ទោះយ៉ាងណាការស្នើសុំរបស់ផ្នែកឯកជនក្នុងការលើកលែងនូវទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជា មិនត្រូវបានទទួលការឯកភាពពីរាជរដ្ឋាភិបាលនោះទេ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ចំណូលពីទិដ្ឋាការរបស់ភ្ញៀវទេសចរ ជាប្រភពដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅឥណ្ឌា ស្របពេលសង្គ្រាមនៅក្នុងស្រុកកាន់តែក្តៅគគុក

ព័ត៌មាន
ក្រុមបះបោរជនជាតិភាគតិចមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានបើកសមរភូមិពីរមុខព្រួញថ្មី ដោយវាយប្រហារប៉ុស្តិ៍សន្តិសុខគ្រប់គ្រងដោយរបបយោធា នៅភាគខាងលិ…

អ្នកជំនាញចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលជាជំហានដ៏ល្អសម្រាប់វិស័យដឹកជញ្ជូន ទោះលទ្ធផលខុសពីការរំពឹងទុក

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានចាត់ទុកលទ្ធផល ដែលទទួលបានពីការសម្របសម្រួលរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ