
ប្រទេសហ្វីលីពីន ដែលជាអ្នកទិញអង្ករធំបំផុតរបស់វៀតណាមបានសម្រេចផ្អាកការនាំចូលអង្ករពីប្រទេសនានារយៈពេល៦០ថ្ងៃដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែកញ្ញា តទៅ ដើម្បីជួយការពារផលប្រយោជន៍របស់កសិករក្នុងស្រុក ដែលកំពុងរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្លៃស្រូវនៅក្នុងរដូវប្រមូលផល។
ពាណិជ្ជករវៀតណាមម្នាក់បាននិយាយថា ហ្វីលីពីនជាទីផ្សារនាំចេញអង្ករធំបំផុតរបស់វៀតណាម ដូច្នេះការផ្អាកនេះនឹងជះផលប៉ះពាល់ខ្លាំងដល់ផលិតកម្ម និងតម្លៃអង្ករនៅក្នុងប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមស្បៀងអាហារវៀតណាម បានជំរុញឱ្យក្រសួងពាណិជ្ជកម្មវៀតណាម ចាត់វិធានការនានា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមមួយនេះ ប៉ុន្តែមកដល់ពេលនេះក្រសួងនេះនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។
បើយោងតាមទិន្នន័យរបស់គយវៀតណាម ប្រទេសក្បែរខាងកម្ពុជាមួយនេះបាននាំចេញអង្ករជាង២,៤លានតោនទៅកាន់ហ្វីលីពីន នៅក្នុងរយៈពេល៧ខែឆ្នាំនេះ ដែលស្មើនឹងជាង៤៤%នៃការនាំចេញអង្ករសរុបរបស់វៀតណាម ក្នុងរយៈពេលដូចគ្នានេះ។ កាលពីឆ្នាំមុន ទីផ្សារហ្វីលីពីនបានស្រូបទាញអង្ករបស់វៀតណាម រហូតដល់ជិត៤៧% នៃការនាំចេញអង្ករសរុបរបស់វៀតណាម។
គួរបញ្ជាក់ថា វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករជាមួយហ្វីលីពីន ដោយសាររឿយៗផលិតកម្មស្រូវរបស់ហ្វីលីពីន បានរងគ្រោះដោយសារទឹកជំនន់ និងហានិភ័យនៃព្យុះទីហ្វុង៕
ដោយ៖ សុខ មង្គល