សហគ្រិនបច្ចេកវិទ្យា

សហគ្រិនបច្ចេកវិទ្យាចង់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីគេចពីសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក


ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានផ្ទុះឡើងពេញបន្ទុកតាំងពីឆ្នាំ២០១៩, មកដល់ពេលនេះ ភាពតានតឹងរវាងមហាអំណាចទាំងពីរនៅតែបន្ត រហូតធ្វើឲ្យ មានផលប៉ះពាល់ជាច្រើនដល់ពាណិជ្ជករនិងវិយោគិន ក៏ដូចជាសហគ្រិនចិន អាមេរិក និង បរទេសឯទៀត។ នៅពេលនេះ ដើម្បីដកខ្លួនឆ្ងាយពីផលប៉ះពាល់ សហគ្រិនចិនមួយចំនួន ជាពិសេសគឺនៅក្នុងវិស័យបច្ចេកវិទ្យា ហាក់កំពុងមានទំនោរចង់ដកខ្លួនឆ្ងាយពីចិនកាន់តែខ្លាំងឡើង។
សហគ្រិនបច្ចេកវិទ្យាចង់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីគេចពីសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មកដល់ពេលនេះ នៅពេលដែលភាពតានតឹងរវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរមិនចុះថមថយ, វាកាន់តែពិបាកទៅៗសម្រាប់សហគ្រិនបច្ចេកវិទ្យាចិនដែលមានមហិច្ឆតាពង្រីកខ្លួនទៅអាមេរិក។

នៅមុនឆ្នាំ ២០១៩ មានក្រុមហ៊ុនចិនធំៗមួយចំនួនបានវាយលុកចូលទីផ្សារអាជីវកម្មនៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយពេលដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកកាន់តែកើនឡើង ជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន គឺក្រុមហ៊ុន Huawei, ក្រុមហ៊ុនចិនមួយចំនួនបានចាប់ផ្តើមបង្កើតទីស្នាក់ការកណ្តាលនៅក្រៅប្រទេស។ នេះជាវិធានការមួយដែលអាចជួយឱ្យពួកគេគេចផុតពីការចាប់ថ្នាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានច្រើនជាងមុន។

ឥឡូវនេះ ម្ចាស់អាជីវកម្មបច្ចេកវិទ្យាចិនមួយចំនួននិយាយថា ពួកគេត្រូវការបន្តអាជីវកម្មរបស់ពួកគេឲ្យកាន់តែទូលំទូលាយ ហើយពួកគេថែមទាំងចង់ទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិនៅបរទេស ដើម្បីជៀសវាងការទប់ស្កាត់ និងការលំអៀង ប្រឆាំងនឹងក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក។

លោក រ៉ាយអេន (Ryan) ពាណិជ្ជករចិនមួយរូប ដែលមកពីទីក្រុង ស៊ិនជិន (Shenzhen) បានអះអាងដោយមិនបញ្ចេញនាមត្រកូលព្រោះបារម្ភនឹងចំណាត់ការរបស់ទីក្រុងប៉េកាំងថា អាជីវកម្មផ្នែក Software ដែលមានអាយុ៣ឆ្នាំរបស់លោក បាននិងកំពុងតែបោះជំហ៊ានដល់ចំណុចមួយដែលអាចថាត្រូវតែពង្រីកនៅសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ ប៉ុន្តែលោកខកចិត្តចំពោះជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ និងការរឹតបន្តឹងលើចំនួនក្រុមហ៊ុនចិនដែលកំពុងកើនឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះ រ៉យទ័រ ក៏បានសំភាសន៍សហគ្រិនបច្ចេកវិទ្យាចំនួន៧រូបមកពីប្រទេសចិន ដែលភាគច្រើន ពួកគេទទួលបានការអប់រំនៅបរទេស ហើយកំពុងតែចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។ ទាំងអស់គ្នាកំពុងព្យាយាមទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិនៅកន្លែងផ្សេង ដោយភាគច្រើនស្វែងរកជម្រើសជាច្រើនរួមមានហុងកុង កាណាដា ជប៉ុន សហរដ្ឋអាមេរិក និងសិង្ហបុរី។

សហគ្រិន និងអ្នកប្រឹក្សាជាច្រើន បាននិយាយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយគឺមានន័យថា ជាបរិយាកាសមិនសូវអំណោយផល សម្រាប់ក្រុមហ៊ុនចិនដីគោកដែលចង់ប្រតិបត្តិការ ឬទទួលបានមូលនិធិនៅសហរដ្ឋអាមេរិកនោះទេ៕




អត្ថបទបន្ទាប់


គម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១០០ហិកតា ថ្មីមួយទៀតក្នុងខេត្តកំពង់ចាម នឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ

ព័ត៌មាន
ដើម្បីបំពេញនូវកំណើននៃតម្រូវការផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តំបន់សេដ្ឋកិច្ចថ្មីមួយកន្លែងទៀត នឹងលេចជារូបរាង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែ…

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមធ្លាក់ចុះ ប៉ុន្ដែ អតិរេកពាណិជ្ជកម្មមានជិត១០ពាន់លានដុល្លារដុល្លារ

ព័ត៌មាន
ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម មានតម្លៃ ២៦២,៥៤ ពាន់លានដុល្លារដុល្លារ ធ្លាក់ចុះ១៤,៧ ភាគរយ ក្នុងនោះការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ