យោងតាមការថ្លែងដោយលោក ម៉ាកូស តាមបណ្តាញសង្គម X ការល្បាតនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ចំពោះការប្តេជ្ញាចិត្តពង្រឹងអន្តរប្រតិបត្តិការនៃកងកម្លាំងយោធាប្រទេសទាំងពីរក្នុងដែនសមុទ្រ និងផ្លូវអាកាស។ តាមការឱ្យដឹង ការល្បាតនឹងធ្វើឡើងនៅកោះ Mavulis ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន និងមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។ ហើយការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ម៉ាកូស បានប្រាប់វេទិកាមួយនៅរដ្ឋហាវ៉ៃថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែធ្ងន់ធ្ងរជាងពេលមុន ដោយហេតុថា យោធាចិនកាន់តែខិតទៅជិតឆ្នេរសមុទ្រហ្វីលីពីន។
ដោយឡែក បើតាមសេចក្តីថ្លែងការណ៍មួយរបស់យោធាហ្វីលីពីន ការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាសរួមគ្នា នឹងចាប់ផ្តើមនៅតំបន់ក្រៅប្រជុំកោះ Batanes ហើយឆ្ពោះទៅភាគខាងលិចឆ្ពោះទៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នោះថា ហ្វីលីពីននឹងដាក់ពង្រាយនាវាកងទ័ពជើងទឹកចំនួន៣គ្រឿង យន្តហោះប្រយុទ្ធធុនស្រាល FA-50 ចំនួនពីរគ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B មួយគ្រឿង។ ខណៈដែលសហរដ្ឋអាមេរិកនឹងចល័តនាវាចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ P9-A និងយន្តហោះឈ្លបយកការណ៍។
លោក Jay Batongbacal នាយកវិទ្យាស្ថានកិច្ចការសមុទ្រ និងច្បាប់សមុទ្រ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបាននិយាយថា ការល្បាតរួមគ្នាជាមួយសហរដ្ឋអាមេរិកនេះ គឺចង់បង្ហាញថា ទីក្រុងម៉ានីលកំពុងឈរជើងលើសមុទ្រចិនខាងត្បូង និងដើម្បីបញ្ជូនសញ្ញាទៅកាន់ទីក្រុងប៉េកាំង។ យ៉ាងណាមិញ ការល្បាតនេះ ក៏បានកើតឡើង ក្រោយពេលដែលចិនទើបតែបញ្ចប់សមយុទ្ធពហុជាតិសាសន៍ជាមួយប្រទេសអាស៊ាន៥ទៀតនៅថ្ងៃពុធនេះ ដែលហ្វីលីពីនសម្រេចមិនចូលរួម។
សមយុទ្ធ Aman Youyi-2023 ឬដែលមានន័យថា «សន្តិភាពនិងមិត្តភាព២០២៣» ទើបនឹងត្រូវបានប្រទេសចិនបិទបញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ដោយបានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា មានការចូលពីកងទ័ពចម្រុះប្រមាណ៣ពាន់នាក់។ សមយុទ្ធនេះ ត្រូវបានប្រទេសអាស៊ានចំនួន៥ចូលរួមដូចជាកម្ពុជា វៀតណម ថៃ ឡាវ និងម៉ាឡេស៊ី ដែលធ្វើឡើងនៅទីក្រុង Zhanjiang ខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយកាសែតកងទ័ពចិនកាលពីថ្ងៃចន្ទ សមយុទ្ធទាំង៦ប្រទេសមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រឆាំងភេរវកម្មផ្លូវគោក និងដែនសមុទ្រ បង្កើនសមត្ថភាពប្រឆាំងចោរកម្មតាមសមុទ្រ ព្រមទាំងដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមយោធាប្រទេសនីមួយៗ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធយោធាប្រឆាំងអំពើភេរវកម្មរួមគ្នាដ៏ធំបំផុតរបស់ទីក្រុងប៉េកាំងជាមួយប្រទេសអាស៊ានចំនួនប្រាំនេះ បានគូសបញ្ជាក់អំពីមហិច្ឆតារបស់ចិន ដើម្បីតាមឱ្យទាន់ជាមួយអាមេរិក ដែលមានទំនាក់ទំនងជិតស្និតក្នុងតំបន់ ប៉ុន្តែបណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានគេឃើញថា នឹងរក្សាការចូលរួមយ៉ាងប្រុងប្រយ័ត្នជាមួយប៉េកាំង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចទាំងពីរ។
បើតាមលោក John Bradford នាយកប្រតិបត្តិនៃក្រុមប្រឹក្សា Yokosuka ទៅលើការសិក្សាអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍យល់ថា ប្រទេសចិនមិនទៅណាទេ ចិននឹងនៅតែជាប្រទេសក្បែខាងដែលមានទម្ងន់ធ្ងន់ខាងភូមិសាស្ត្រសេដ្ឋកិច្ច។
ដោយឡែក តាមលោក Timothy Heath អ្នកស្រាវជ្រាវអន្តរជាតិជាន់ខ្ពស់នៅវិទ្យាស្ថាន Rand បាននិយាយថា ខណៈពេលដែលទីក្រុងប៉េកាំងព្យាយាមធ្វើឱ្យស៊ីជម្រៅលើការពឹងផ្អែក និងការអនុលោមតាមរដ្ឋអាស៊ាន វានៅតែបង្ហាញពីដែនកំណត់ចំពោះទំនាក់ទំនងចិន-អាស៊ាន ពីព្រោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនមិនចង់ពឹងភាគីណាមួយនៅក្នុង ការប្រកួតប្រជែងរវាងមហាអំណាអាមេរិកនិងចិននោះទេ៕