ទោះយ៉ាងណា ក្នុងហេតុការណ៍ឧបទ្ធវហេតុនេះ មិនមានអ្នករងរបួសនោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិ Mactan-Cebu របស់ហ្វីលីពីនបានឱ្យដឹងថា នៅវេលាខ្ទង់ម៉ោង ១១យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ជើងហោះហើរលេខ KE631 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ដែលធ្វើដំណើរចេញពីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បានចុះចតរអិលហួសផ្លូវ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅព្រលានយន្តហោះហ្វីលីពីនមួយនេះ។
បន្ទាប់ពី មានហេតុការណ៍នេះកើតឡើង អាកាសយានដ្ឋានអន្តរជាតិ Mactan Cebu នៅថ្ងៃទី ២៤ ខែតុលា ក៏បានប្រកាសផ្អាកដំណើរការហោះហើរចេញចូលព្រលានយន្ដហោះនេះ ដើម្បីធ្វើការលើកយន្ដហោះ ដែលបាក់បែកដោយសារចុះចតខុសផ្លូវនោះចេញ ហើយការបើកដំណើរការព្រលានយន្ដហោះឡើងវិញពេលណានោះ ខាងក្រុមហ៊ុននឹងធ្វើការជូនដំណឹងនៅពេលក្រោយទៀត។
ប្រភពដដែលបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ ដោយអ្នកដំណើរទាំងអស់ចំនួន ១៦២នាក់ និងក្រុមបុគ្គលិកបម្រើការលើយន្តហោះ ១១នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះភ្លាមៗដោយមានសុវត្ថិភាព។
បើតាមទិន្នន័យពី Flightradar24 ដែលតាមដានចរាចរណ៍ផ្លូវអាកាស បង្ហាញឱ្យដឹងថា យន្តហោះកូរ៉េមួយនេះ បានហោះវិលជុំវិញព្រលានយន្តហោះហ្វីលីពីន Mactan-Cebu ជាច្រើនដង ហើយបានព្យាយាមចុះចត២ដង នៅតែមិនបានសម្រេច ហើយពេលប៉ុនប៉ងចុះចតលើកទី៣ ក៏ជ្រុលហួសធ្លាក់ផ្លូវតែម្តង។
ប្រធានក្រុមហ៊ុន Korean Air លោក Woo Keehong បាននិយាយថា នឹងមានការស៊ើបអង្កេតជុំវិញហេតុការណ៍ខាងលើនេះ ធ្វើឡើងដោយអាជ្ញាធរអាកាសចរណ៍ប្រទេសទាំងពីរ ដើម្បីរកមូលហេតុពិតប្រាកដ៕
អត្ថបទ៖ នៅ សំភី