បើគ្មាការប្រែប្រួលទេមេដឹកនាំហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នឹងទទួលជួបមិត្តយល់ចិត្តអាម៉េរិកតំណាងដោយរដ្ឋមន្ត្រីការបរទេស អេនថូនី ប៊្លីនខិន នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើកិច្ចការងារសំខាន់ៗមួយចំនួន។ ជំនួបរវាងមេដឹកនាំទាំងពីរនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងរវាងហ្វីលីពីន និងចិន នៅដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង កំពុងឡើងកម្ដៅកាន់តែខ្លាំង។
ពាក់ព័ន្ធនឹងជម្លោះនេះ លោក ម៉ាកូស ធ្លាប់បាននិយាយដោយបានប្ដេជ្ញាចិត្តថា នឹងការពារការទាមទារយកដែនសមុទ្ររបស់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនសម្របសម្រួលការត្រៀមខ្លួនសម្រាប់ជម្លោះយោធាដែលអាចកើតឡើងជាយថាហេតុនៅក្នុងដែនសមុទ្រនេះ។
លោក ម៉ាកូស បានប្រាប់សន្និសីទសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចការងារនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍នេះថា លោកមិនបានភ្ញាក់ផ្អើលចំពោះបញ្ហានេះនោះទេ ប៉ុន្តែហ្វីលីពីននឹងបន្តធ្វើនូវអ្វីដែលហ្វីលីពីន អាចធ្វើបាន ដើម្បីការពារដែនសមុទ្ររបស់ខ្លួនក្នុងការប្រឈមមុខនឹងការប៉ុនប៉ងដ៏សកម្មជាងមុនរបស់ចិន ក្នុងការច្បាមយកទឹកដីមួយចំនួនរបស់ហ្វីលីពីន។
កាសែតជប៉ុន Asahi ក៏បានរាយការណ៍ដែរថា មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងហ្វីលីពីនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចប្រជុំកំពូលមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិកនៅខែក្រោយនេះ។
សូមរំលឹកថា សេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានរកឃើញថា ការទាមទារគ្រប់គ្រងដែនសមុទ្រទាំងស្រុងរបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនេះ ដោយទាមទារ «អធិបតេយ្យភាពមិនអាចប្រកែកបាន» ទៅលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង៕
អត្ថបទ៖ សុខ ជា