កិច្ចប្រជុំកំពូល G20

ឥណ្ឌូនេស៊ីពិចារណាអញ្ចើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូល G20 ជាមួយលោកពូទីន


សហរដ្ឋអាមេរិកត្រូវបានគេដឹងថាស្ថិតនៅក្នុងចំណោមប្រទេសដែលបានដាក់សម្ពាធឥណ្ឌូនេស៊ីឱ្យដាក់បញ្ចូលអ៊ុយក្រែនជាភ្ញៀវក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ ហៅថា G20 នៅខែ វិច្ឆិកា ខាងមុខនេះ ហើយអាមេរិកក៏បានបង្ហាញការខកចិត្ត ចំពោះការបដិសេធរបស់ទីក្រុងហ្សាកាតា (Jakarta) ដែលមិនព្រមដកការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូល G20ផងដែរ ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bloomberg។
Indonesia pust invite Ukirane to G20

បញ្ហា​ជម្លោះ​នៃ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​ឈាន​ចូល​ដល់​រយៈពេល​ជាង ២​ខែ​ទៅ​ហើយ​នោះ បាន​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​ជា​ច្រើន​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​នាម​ជា​ប្រធាន​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ G20 នៅ​ឆ្នាំ​នេះ និង បញ្ហា​លំបាក​សម្រាប់​ប្រទេស​ជា​សមាជិក​រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ជុំវិញ​បញ្ហា​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន ក្រុម​ប្រទេស​សមាជិក G20 ភាគច្រើន​គឺ បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ក៏​ប៉ុន្តែ ប្រទេស​ដែល​ជា​សមាជិក​ផ្សេង​ទៀត​ដូច​ជា ចិន និង ឥណ្ឌា មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ម៉ូ​ស្គូ នោះ​ទេ​។

សហរដ្ឋអាមេរិក និង​សមាជិក​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ឬ ហៅ​ថា G7 ឥឡូវនេះ កំពុង​ស្នើ​ទីក្រុង​ហ្សា​កា​តា ដែល​ប្រកាន់​ជំហរ​ថា​ខ្លួន រក្សា​ភាព​មិន​លំអៀង ក្នុង​នាម​ជា​ប្រធាន​វិល​ជុំ​ក្នុង​នៃ​កិច្ចប្រជុំ G20 នៅ​ឆ្នាំ​នេះ ឲ្យ​អញ្ជើញ​ប្រធានាធិបតី​លោក Volodymyr Zelensky ចូលរួម​ក្នុង កិច្ចប្រជុំ​ខ្លះ​ៗ​នៃ​ក្នុង​កិច្ចប្រជុំ G20​។ នេះ​បើ​តាម​ការ​បញ្ចា​ក់​ពី​មន្ត្រី​ជា​ច្រើន​រូប ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ Bloomberg​។

គួរ​កត់​សម្គាល់ថា ប្រទេស​ដែល​ជា​ម្ចាស់ផ្ទះ ប្រធាន​វិល​ជុំ G20 ជា​ទម្លាប់​តែង​អញ្ជើញ​ប្រទេស​មួយ​ចំនួន​ដែល​មិនមែន​ជា​សមាជិក​ឱ្យ​ចូលរួម​ជា​ភ្ញៀវ នៃ​កិច្ចប្រជុំ​មួយ​ចំនួន​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ ក៏​ប៉ុន្តែ​មិន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ពិភាក្សា​ផ្លូវការ​នោះ​ទេ​។

យ៉ាងណាមិញ ក្នុង​សេណា​រី​យោ ប្រសិនបើ​ឥណ្ឌូ​នេ​ស៊ី​អ​ញ្ចើ​ញ​លោក Zelensky ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឲ្យ​ចូលរួម​ជា​ភ្ញៀវ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ខែ វិច្ឆិកា​ខាង​មុខ​នេះ​មែន នោះ​ភាព​តានតឹង​នឹង​កើត​មាន​ទៅ​លើ​ផ្នែក​ដឹក​ជញ្ជូន និង ទំនាក់ទំនង​ការទូត​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាមួយ​និង​រុ​ស្ស៊ី​កាន់តែ​ខ្លាំង​ដែរ ក្នុង​ករណី លោក Putin ពិតជា​សម្រេចចិត្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​ដោយ​ផ្ទាល់​ដែល​ធ្វើ​ឡើង​នៅ​កោះ​បាលី ។ ម្យ៉ាងវិញទៀត វា​ក៏​បង្ហាញ​ភាព​មិន​ច្បាស់លាស់​ដែរ​ថា តើ​ការ​បន្ថែម​អ៊ុយ​ក្រែ​ន​ចូលរួម​នឹង​អាច​ធានា​បាន​ថា មេដឹកនាំ​ផ្សេង​ទៀត​បង្ហាញខ្លួន​ក្នុង​កិច្ចប្រជុំ​ដែរ ឬ​ក៏​យ៉ាងណា​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ មានការ​មើលឃើញ​ជា​ច្រើន​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​មេដឹកនាំ​មួយ​ចំនួន រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ផង​ដែរ នឹង​មិន​ចូលរួម​អង្គុយ​នៅ​តុ​ប្រជុំ​តែ​មួយ​ជាមួយ​លោក Putin នោះ​ទេ បើសិនជា​លោកពូ​ទី​ន​ពិតជា​មក​ចូលរួម​កិច្ចប្រជុំ G20​ដែរ​នោះ​។ ការ​រៀបចំ​កិច្ចប្រជុំ​របស់​ឥណ្ឌូ​ណេ​ស៊ី គឺ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ទេ​ថា អាច​រៀបចំ​កិច្ចប្រជុំ​កំពូល ដើម្បី​អនុញ្ញាត​ឲ្យ​លោក ពូ​ទី​ន និង​លោក បៃ​ដិ​ន ជួប​គ្នា​ដោយ​ផ្ទាល់ ឬ តាម​វិធីសាស្ត្រ​ផ្សេង​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា សហរដ្ឋអាមេរិក កន្លង​មក គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​គាំទ្រ​ឲ្យ​មានការ​ដក​រុ​ស្ស៊ី​ចេញពី G20 ទាំងស្រុង ទោះជា​ប្រទេស​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​ចិន​ប្រឆាំង​នឹង​ទ​ង្វើ​បែប​នេះ​ក៏​ដោយ​។ ទោះជា​យ៉ាងណា កន្លង​មក រុ​ស្ស៊ី​ក៏​ធ្លាប់​ត្រូវ​បាន​ដក​ចេញពី​ក្រុម​តូច​នៃ​ប្រទេស G7 ផង​ដែរ បន្ទាប់​ពី​ការ​បញ្ចូល​តំបន់​គ្រី​មេ ដែល​ធ្លាប់​ជា​ទឹកដី​អ៊ុយ​ក្រែ​ន មក​ធ្វើ​ជា​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤​។

គួរ​ជម្រាប​ថា កិច្ចប្រជុំ​នៅ​សល់​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មិន​ទាន់​មានការ​សម្រេចចិត្ត​នៅឡើយ​ទេ​ថា តើ​ឥណ្ឌូ​នេ​ស៊ិ នឹង​អញ្ជើញ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ឬ​ក៏​អត់​នោះ​។

ដោយឡែក បុរស​ជើង​ខ្លាំង លោក ពូ​ទី​ន វិញ​មិន​ទាន់​សម្រេចចិត្ត​ថា​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​G20 ឬ​អត់​នៅឡើយ​ទេ ខណៈ​លោក​កំពុង​រង់ចាំ​មើល​ថា តើ​ស្ថានការណ៍​វិវត្តន៍​ទៅ​ជា​យ៉ាងណា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ខណៈ​កិច្ចប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​នៅ​ខែ វិច្ឆិកា ខាង​មុខ​នេះ ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចំណាយលើវិស័យយោធាសកលកើនឡើងដល់ ២ទ្រីលានដុល្លារជាលើកដំបូង ស្របពេល អឺរ៉ុបបង្កើនការការពារជាតិ

ព័ត៌មាន
ការចំណាយលើវិស័យយោធាសកលបានកើនឡើងលើសពី ២ទ្រីលានដុល្លារកាលពីឆ្នាំ២០២១ ដែលជាទំហំចំណាយខ្ពស់បំផុតជាលើកដំបូង ហើយបើមើលទៅលើការចំណាយរបស់បណ្…

មូលនិធិ IMF ប្រាប់ឱ្យស្រីលង្កាបង្កើនគោលនយោបាយរូបិយវត្ថុ និងបង្កើនពន្ធ ដើម្បីដោះស្រាយវិបត្តិបំណុលវ័ណ្ដក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសស្រីលង្កាត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដំឡើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ