
ក្រោយទទួលបានសំណើពីក្រសួងកសិកម្ម ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស កាលពីថ្ងៃទី៦ ខែសីហា បានបញ្ជាឱ្យផ្អាកការនាំចូលអង្ករពីប្រទេសនានាទាំងអស់រយៈពេល២ខែ ដើម្បីការពារកសិករក្នុងស្រុក ខណៈវិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ។ បើយោងតាមក្រសួងកសិកម្ម ហ្វីលីពីនជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅលើពិភពលោកជាមួយនឹងការនាំចូលកើនឡើងជិត ៣០% ឡើងដល់ជិត៥លានតោន ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣។
ការផ្អាកនេះត្រូវបានធ្វើឡើងក្រោយពីក្រសួងកសិកម្មមើលឃើញថា ការនាំចូលអង្ករច្រើនបានធ្វើឱ្យតម្លៃស្រូវក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង ដោយទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា តម្លៃស្រូវក្នុងស្រុកបានធ្លាក់ចុះរហូតដល់ទៅជិត ១៦% កាលពីខែកក្កដា ដោយសារការកាត់បន្ថយពន្ធលើការនាំចូលអង្ករ។ ការសម្រេចចិត្តផ្អាកការនាំចូលអង្ករនេះធ្វើឡើងស្របគ្នានឹងរដូវប្រមូលផលកសិកម្មនៅក្នុងប្រទេសនេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម ក៏បានស្នើឱ្យលោក ម៉ាកូស ដំឡើងពន្ធលើការនាំចូលអង្ករពី១៥% ទៅ២៥% ក្រោយពីហ្វីលីពីន បានកាត់បន្ថយពន្ធកាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្ធូរបន្ថយតម្លៃទំនិញប្រើប្រាស់ ប៉ុន្តែមកដល់ពេលនេះលោក ម៉ាកូស នៅមិនទាន់សម្រេចនៅឡើយទេ។
យ៉ាងណាក៏ដោយចុះ វិធានការទាំងនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសវៀតណាមជាខ្លាំង ព្រោះប្រទេសនេះបាននាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ប្រទេសហ្វីលីពីន។ បើយោងតាមទីភ្នាក់ងារដំណោះស្រាយពាណិជ្ជកម្មរួមពិភពលោក (WITS) បង្ហាញថា ក្នុងឆ្នាំ២០២៣ វៀតណាម បាននាំចេញអង្ករទៅហ្វីលីពីនជាង៣លានតោនមានតម្លៃជិត២ពាន់លានដុល្លារ។ ហើយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ វៀតណាម បាននាំចេញអង្ករទៅហ្វីលីពីនជាង៣លានតោន ដែលមានតម្លៃជិត២ពាន់លានដុល្លារ ។ ហើយនៅឆ្នាំ២០២៥ គេបានព្យាករថា វៀតណាមទំនងជានាំចេញអង្ករទៅប្រទេសហ្វីលីពីនបានប្រមាណ៤,៣លានតោន៕
ដោយ៖ សុខ មង្គល