រដ្ឋមន្ត្រីហិរញ្ញវត្ថុ ហ្វីលីពីន លោក ខាឡូស ដូមីនហ្គេស (Carlos Dominguez) បានលើកឡើងថា ហ្វីលីពីនកំពុងរកមើលការធ្វើពិពិធកម្មទីផ្សារនាំចូលអង្ករ ដើម្បីរក្សាតម្លៃអង្ករឲ្យនៅសមរម្យ។ បើតាមមន្ត្រីជាន់ខ្ពស់របស់ហ្វីលីពីនរូបនេះ ប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករដ៏ធំជាងគេរបស់ពិភពលោកនោះ អាចនឹងក្លាយជាជម្រើសរបស់ហ្វីលីពីនក្នុងការបញ្ជាទិញអង្ករ ដោយសារតែតម្លៃអង្ករឥណ្ឌាមានទាបជាងប្រទេសមួយចំនួនក្នុងតំបន់ ដែលហ្វីលីពីនធ្លាប់បានទិញ កន្លងមក។
មែនទែនទៅ ប្រទេសហ្វីលីពីន តាំងពីដើមមកគឺមានការនាំចូលអង្ករភាគច្រើនបំផុត ពីប្រទេសវៀតណាម ហើយជារឿយៗ ក៏បានទិញអង្ករពីប្រទេសថៃដែរ ប៉ុន្ដែ សម្រាប់ការបញ្ជាទិញអង្ករពីឥណ្ឌា គឺមានតិចតួចណាស់។
ដើម្បីស្វែងរកការធ្វើពិពិធកម្ម និង ការគ្រប់គ្រងអតិផរណាលើស្បៀងអាហារ កន្លងមក ប្រទេសហ្វីលីពីនបានដាក់ចេញនូវការកាត់បន្ថយពន្ធគយលើមុខទំនិញអង្ករនាំចូលពីបណ្ដាប្រទេសអាស៊ានផងដែរ។ ជាមួយគ្នានេះ បញ្ហាប្រែប្រួលអាកាសធាតុ ដែលអាចនឹងធ្វើឲ្យមានការរំខានដល់ផលិតកម្មស្រូវអង្ករ ប្រទេសហ្វីលីពីន ក៏ជាកត្តាមួយជំរុញឲ្យមានការកាត់បន្ថយពន្ធនាំចូលអង្ករផងដែរ ក្នុងគោលដៅធ្វើយ៉ាងណា កុំឲ្យតម្លៃអង្ករលក់នៅក្នុងទីផ្សារឡើងថ្លៃខ្ពស់ពេក ប៉ះពាល់ដល់ជីវភាពពលរដ្ឋ។
ក្រោយពីមានការបញ្ចុះពន្ធគយលើមុខទំនិញអង្ករនាំចូលពីរដ្ឋាភិបាលហ្វីលីពីន គេសង្កេតឃើញថា ក្នុងខែឧសភាឆ្នាំ២០២១ ការចំណាយលើការនាំចូលអង្ករពីវៀតណាមបានថយចុះជិត១៣% មកនៅតម្លៃប្រមាណជាង៤០៤ដុល្លារប៉ុណ្ណោះ ក្នុងមួយតោន ធៀបនឹងតម្លៃកាលពីខែឧសភាឆ្នាំមុន។
បើទោះបីជាមានការបន្ថយពន្ធគយ តម្លៃអង្ករពីវៀតណាមនាំចូលហ្វីលីពីនមានតម្លៃទាបជាងមុនក៏ដោយចុះ ប៉ុន្ដែ ហ្វីលីពីន នៅតែបន្ដស្វែងរកទីផ្សារទិញអង្ករបន្ថែម ដែលអាចមានតម្លៃថោកជាងនេះទៀត ហើយឥណ្ឌាគឺជាទីផ្សារសក្ដានុពលមួយ ដែលហ្វីលីពីនមិនអាចមើលរំលងនោះឡើយ។
ជុំវិញទៅនឹងតម្លៃទីផ្សារអង្ករនេះដែរ បើមើលទៅទីផ្សារអង្ករវៀតណាម គឺកំពុងតែបារម្ភខ្លាំងពីការបាត់បង់ភាពប្រកួតប្រជែងរបស់ខ្លួនលើទីផ្សារពិភពលោក ដ្បិតថាតម្លៃអង្ករវៀតណាមកំពុងមានតម្លៃថ្លៃជាងគូប្រជែង ដូចជាអង្កររបស់ប្រទេសថៃ និង ឥណ្ឌាជាដើម។
ឈ្មួញអង្ករវៀតណាម បានគូសបញ្ជាប់ប្រាប់សារព័ត៌មាន VN Express ថ្មីៗនេះថា អ្នកបញ្ជាទិញអង្ករកំពុងមានការផ្លាស់ប្ដូរការផ្គត់ផ្គង់ទៅរកប្រទេសថៃ និង ឥណ្ឌាវិញម្ដង ដោយសារតែតម្លៃអង្ករប្រទេសទាំងពីរនេះ គឺថោកជាងអង្ករវៀតណាម។
អ្នកជំនាញក្នុងឧស្សាហកម្មស្រូវអង្ករបានអះអាងថា តម្លៃអង្ករពិភពលោកកំពុងមានការឡើងថ្លៃក៏ដោយសារតែតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ ហើយការដឹកជញ្ជូនក៏មានការលំបាកនិងឡើងថ្លៃខ្លាំង គួបផ្សំនឹងបញ្ហាកង្វះខាតទូកុងតឺន័រដើម្បីដឹកអង្ករនាំចេញ។ បញ្ហាដឹកជញ្ជូនឡើងថ្លៃនេះ ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន រួមទាំងកម្ពុជាផងដែរ៕