ជម្លោះអូស្រ្តាលី-ចិន

អាមេរិកប្រាប់ចិនឲ្យស្តារទំនាក់ទំនងជាមួយអូស្ត្រាលីឡើងវិញមុននឹងត្រូវរូវជាមួយខ្លួន


ទំនាក់ទំនងចិន-អូស្ត្រាលី ក្នុងវិបត្តិកូវីដ-១៩ មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្ត្រាលី ជារឿយៗបានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមនៃកូវីដ១៩ ខណៈចិនបានដាក់ពន្ធជាច្រើនលើ ធ្យូងថ្ម ស្ករ ស្រូវបាលី និងបង្កង និងស្រាក្រហមរបស់អូស្ត្រាលី។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលចិននៅតែបន្តដាក់ពន្ធលើទំនិញរបស់អូស្ត្រាលី ដោយសំអាងថា ទំនិញអូស្ត្រាលី មានតម្លៃថោកជាងទំនិញក្នុងស្រុករបស់ខ្លួន។
អាមេរិកប្រាប់ចិនឲ្យស្តារទំនាក់ទំនងជាមួយអូស្ត្រាលីឡើងវិញ មុននឹងត្រូវរូវជាមួយខ្លួន
ដោយ

ដោយ​ឃើញ​ពី​ភាព​ប្រេះឆា​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អា​មេ​រិ​ក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អូស្ត្រាលី និង​ជា​គូប្រជែង​ធំ​បំផុត​របស់​ចិន នា​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ចិន​ត្រូវ​រូ​វ​គ្នា និង​ស្តារ​ទំនាក់ទំនង​ជាមួយ​អូស្ត្រាលី​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​លោក ចូ បៃ​ឌិន ហាក់​មាន​ចរិត​សម្របសម្រួល​ច្រើន​ជាង រដ្ឋការ​លោក ដូ​ណា​ល់ ត្រាំ ដោយនៅ​ក្នុង​ស​ប្តា​ហ៍​នេះ អា​មេ​រិ​កបាន​ប្រាប់​ឲ្យ​ប្រទេស​ចិន ធ្វើការ​ស្តារ​ទំនាក់ទំនង​ល្អជា​មួយ​អូស្ត្រាលី​វិញ​សិន មុន​នឹង​អា​មេ​រិ​ក​អាច​ត្រូវ​រូ​វ​គ្នា​ជាមួយ​ចិន​បាន​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ក្នុងស្រុក​របស់​អូស្ត្រាលី អ្នកសម្របសម្រួល​កិច្ចការ​ទំនាក់ទំនង​នៃ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក របស់​សហរដ្ឋអាមេរិក លោក ឃឺ​ត ខាំ​បែ​ល (Kurt Campbell) បាន​និយាយ​ថា​៖ បញ្ហា​នៃ​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​របស់​ចិន​លើ​អូស្ត្រាលី​នឹង​ត្រូវ​យក​មក​ធ្វើ​ជា​ប្រធានបទ​មួយ ដើម្បី​ជជែក​ពិភាក្សា​គ្នា​រវាង​អា​មេ​រិ​ក​-​ចិន​នៅ​កិច្ចប្រជុំ​ក្នុង​រដ្ឋ​អា​លា​ស្កា​នា​ស​ប្តា​ហ៍​នេះ​ហើយ​។ 

លោក ខាំ​បែ​ល បាន​បន្ថែម​ទៀត​ថា អា​មេ​រិ​ក​នឹង​មិន​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ចិន​នោះ​ទេ ប្រសិនបើ​ចិន​មិន​ព្រម​ព្យាបាល​ភាព​ប្រេះឆា​រវាង​ខ្លួន និង​រដ្ឋាភិបាល​អូស្ត្រាលី​ជា​មុន​។

គួរ​រំឭក​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​សម្ព័ន្ធមិត្ត Quad កាលពី​ស​ប្ដា​ហ៍​មុន ដែល​មាន​ប្រទេស​៤​ជា​សមាជិក រួម​មាន​អា​មេ​រិ​ក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ចូ​បៃ​ឌិន ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា អា​មេ​រិ​ក និង​អូស្ត្រាលី​នឹង​រួបរួម​គ្នា ដើម្បី​តទល់​ជាមួយ​ចិន ហើយ​លោក​នឹង​នៅ​ជាមួយ​អូស្ត្រាលី​គ្រប់​កាលទេសៈ​។

សូម​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ប្រទេស​ចិន នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី បាន​ធ្លាក់​ចុះ​ជិត ២ ភាគ ៣ កាលពី​ឆ្នាំ​មុន មក​នៅ​ត្រឹម​តិច​ជាង ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ដែល​ផល​ប៉ះពាល់​ដោយសារ​តែ​វីរុស​កូ​វី​ដ​-១៩  ក៏​បាន​រួម​ផ្សំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មិនល្អ​រវាង​ប្រទេស​ទាំង​ពីរ​មាន​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាតុករភូមាផ្ទុះកំហឹងកាន់តែខ្លាំងជាមួយប្រទេសចិន

ព័ត៌មាន
ស្ថានការណ៍វិវត្តចុងក្រោយនៃព្រឹត្តិការណ៍បាតុកម្មនៅភូមាកាន់តែយ៉ាប់យ៉ឺនមែនទែនហើយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារតែការបង្ក្រាបពីយោធាក៏បានកើនឡើ…

ឆ្នាំ២០២១ អេស៊ីលីដា​ នឹងបើកទីតាំង«សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ» ៥០កន្លែង នៅទូទាំងប្រទេស

ព័ត៌មាន
តាំងពីបើកឆាកឆ្នាំ២០២១នេះ​មក ធនាគារ​ អេស៊ីលីដា ដែលជាធនគារពាណិជ្ជ​ចំណាស់ជាងគេ​និងធំជាងគេ​នៅកម្ពុជា បាន​បើក​យុទ្ធនាការ​ទំនើបកម្ម​សេវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ