ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តរបស់អាជីវករ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ហាឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម បានព្រមានថា ក្នុងករណីមានបុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗផ្ទុយពីការកំណត់នឹងត្រូវឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តច្បាប់។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មដែលមិនអនុវត្តតាម នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរូបនេះបានណែនាំដល់អាជីវករ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
សូមរំលឹកថា កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។
ដូចគ្នានេះដែរ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំកន្លងទៅឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕