ក្រោយដំណើរការអស់រយៈពេលជាង៣០ឆ្នាំ កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតបោះពុម្ភដ៏ល្បីល្បាញមូយនៅកម្ពុជាបានសម្រេចទាំងសោកស្តាយ នឹងឈប់បោះពុម្ភផ្សាយទាំងភាសាខ្មែរ និងភាសាបរទេសចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ក្រោយជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល។ ទាំងមន្ត្រីក្រសួងព័ត៌មាន ទាំងអ្នកកាសែតជើងចាស់ ជាពិសេសបុគ្គលិក និងអតីតបុគ្គលិកធ្លាប់ធ្វើការនៅកាសែតដ៏ចំណាស់មួយនេះបានបង្ហោះសារដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងរបស់កាសែតនេះព្រោងព្រាតនៅលើបណ្តាញសង្គម បង្ហាញការភ្ញាក់ផ្អើល និងអារម្មណ៍សោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តទាំងសោកស្តាយរបស់កាសែតមួយនេះ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងអ្នកកាសែតជើងចាស់មួយរូបនៅកម្ពុជាយល់ឃើញថា បើទោះបីពិភពលោកដើរកាន់តែលឿនលើបច្ចេកវិទ្យាឌីជីថល និងការកើនចំនួនសារព័ត៌មានអនឡាញក៏ពិតមែន តែការបាត់បង់កាសែតបោះពុម្ពភ្នំពេញប៉ុស្តិ៍ ដែលមានវ័យចំណាស់ជាង៣០ឆ្នាំមួយនេះ ពិតជាគួរឲ្យសោកស្តាយណាស់។ ប្រសិនបើកាសែតភ្នំពេញប៉ុស្តិ៍ឈប់បោះផ្សាយមែននោះ វានឹងក្លាយជាកាសែតបោះពុម្ភធំទីពីរ បន្ទាប់ពីកាសែតរស្មីកម្ពុជា ដែលបានបញ្ឈប់ការបោះពុម្ភផ្សាយកាលពីចុងឆ្នាំ២០២១។ ហើយបន្ទាប់មកនៅចុងឆ្នាំ២០២៣ កាសែតដែលមានវ័យចំណាស់៣០ឆ្នាំមួយនេះ ក៏បញ្ឈប់ចេញផ្សាយទាំងស្រុងសូម្បីតែតាមអនឡាញ។
ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកការបញ្ឈប់បោះពុម្ភផ្សាយរបស់សារព័ត៌មានបោះពុម្ភភ្នំពេញ ដែលមានអាយុជាង៣០ឆ្នាំនៅចុងខែមីនា ខាងមុខ គឺជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។ មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជាកាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍បានជួបផលវិបាកនានាជាច្រើន ដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានពើបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនា មួយផ្នែកដោយសារប្រជាជនបានងាកទៅរកប្រភពព័ត៌មានផ្សេងទៀត ដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទនងសង្គមផងដែរ។ ការណ៍នេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មួយផ្នែកបានមកពីសេវាផ្សាយផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកផងដែរ។
បើតាមអ្នកនាំពាក្យរូបនេះចេញពីព្រឹត្តិការណ៍អកុសកលនេះ ចំណុចវិជ្ជមាននោះ គឺសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការណ៍នេះនឹងបន្តរួមចំណែកជួយលើកស្ទួយការទទួលបានព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកឲ្យកាន់តែទូលំទូលាយថែមទៀត។ បច្ចុប្បន្នសារព័ត៌មានបោះពុម្ភមានចំនួន៩២អង្គភាព ក្នុងនោះសារព័ត៌មានភ្នំពេញបុស្តិ៍ជាសារព័ត៌មានប្រពៃណីទីពីរ ដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា ដែលបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ។ ទាំងនេះជាឥទ្ធិពល និងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានចាត់ទុកការរីកចម្រើននៃវិស័យឌីជីថល ក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានផងដែរ ដូច្នេះចាំបាច់ត្រូវបត់បែន និងចាប់យកឱកាស នៃភាពរីកចម្រើននេះមកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោត និងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺការផ្សព្វផ្សាយលឿន ជាមួយនឹងខ្លឹមសារព័ត៌មានវិជ្ជាជីវៈ ដែលមានភាពទាក់ទាញ ទទួលបានភាពជឿជាក់បានពីសំណាក់ប្រជាជន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។
បើយោងតាមសេចក្ដីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ តាំងពីមានវិបត្តិកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ-១៩ ការផ្សាយពាណិជ្ជកម្ម ដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។
ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ការណ៍នេះត្រូវបានម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុន បានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ ខាងមុខ៕