ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឈានដល់បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្ត

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប


រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងដែលមានសភាពជាង២០នាក់ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាគម្រោងផ្លូវល្បឿនលឿនទីបីរបស់កម្ពុជា។ គណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូននេះមានភារកិច្ចត្រួតពិនិត្យ ផ្តល់យោបល់លើក្របខណ្ឌច្បាប់ រូបភាពនៃការវិនិយោគលើគម្រោង និងជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះឲ្យសម្រេចជាស្ថាពរ។
រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ជាង១ខែក្រោយចុះកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនមួយនេះ។ គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពចំនួន២៦រូប ដោយមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន, ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាអនុប្រធាន និងក្រៅពីនេះជាសមាជិក។

បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការអន្តរក្រសួងនេះមានតួនាទីពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្តិ និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប, ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះឲ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកអភិវឌ្ឍន៍ច្រករបៀងរាជធានីភ្នំពេញ-សៀមរាប និងធ្វើរបាយការណ៍ស្តីពីលទ្ធផលជូនប្រមុខរាជរដ្ឋាភិបាល ហើយគណៈកម្មការនេះក៏អាចបង្កើតអនុគណៈកម្មការតាមការចាំបាច់ផងដែរ។

ប្រសិនបើគម្រោងនេះអាចលេចចេញជារូបរាងវានឹងក្លាយជាគម្រោងផ្លូវល្បឿនលឿនទីបីរបស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ បើតាមគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជានេះគ្រោងសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទីពីភ្នំពេញទៅសៀមរាប ដែលមានចម្ងាយ២៥០គីឡូម៉ែត្រ និងពីសៀបរាបទៅប៉ោយប៉ែត ដែលមានចម្ងាយ១៥០គីឡូម៉ែត្រ។ តាមការវាយតម្លៃបឋមគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលកិច្ចព្រមព្រៀងនេះ គឺជាបើកផ្លូវមួយឈានទៅសិក្សាគម្រោងនេះលម្អិតជាផ្លូវការ ដែលគ្រោងចំណាយពេល១២ខែ។ ប៉ុន្តែ បើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនអះអាងថា ការសិក្សានេះអាចចំណាយពេលតែ៦ខែប៉ុណ្ណោះ។ បើគ្មានបញ្ហារាំងស្ទះណាមួយកើតឡើងនោះទេ គម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជានេះ អាចនឹងបើកការដ្ឋានសាងសង់យ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


អតីតប្រធានាធិបតីរុស្ស៊ីថ្លែងថា ជំនួយយោធាណាតូសម្រាប់អ៊ុយក្រែននាំសង្គ្រាមលោកលើកទី៣ឱ្យខិតកាន់តែជិត

លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅល្ងាចថ្ងៃអង្គារថា ការកើនឡើងនៃជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រ…

ការនាំចេញផ្លែចេកស្រស់កម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះជាង ២៤% នៅឆមាសទី១ឆ្នាំនេះ

ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានជាង ១៦ម៉ឺនតោន ធ្លាក់ចុះជាង ២៤% បើធៀបនឹងរយៈពេលដូចគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ