បើទោះបីជា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង មិនមានរោគសញ្ញាធ្ងន់ធ្ងរដូចការព្រួយបារម្ភពីដំបូងក៏ដោយចុះ ប៉ុន្ដែវាក៏មិនមែនជាដំណឹងល្អដែរ ខណៈដែលអ្នកជំនាញកំពុងតែត្រូវការទិន្នន័យបន្ថែមទៀតដើម្បីវាយតម្លៃយ៉ាងពេញលេញនូវហានិភ័យ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីនេះ។ ការលេចឡើងនូវមេរោគនេះ ភ្លាមៗវាពិតជាពិបាកណាស់សម្រាប់អ្នកវិទ្យាសាស្រ្ត ក្នុងការទាញការសន្និដ្ឋានច្បាស់លាស់ពីរលកនៃការឆ្លងនៅអាហ្វ្រិកខាងត្បូងនៅពេលនោះ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ក៏បានលើកការព្រួយបារម្ភ អំពីការកើនឡើងករណីឆ្លងមេរោគថ្មីនេះ ពីរាប់ម៉ឺនទៅរាប់លាននាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ គួបផ្សំជាមួយនឹងកត្តាអំណោយផលនៃអាកាសធាតុចុះត្រជាក់ ដែលងាយធ្វើឱ្យមនុស្សផ្ដាសាយ និងឆ្លងមេរោគបានកាន់តែលឿន។ ជាក់ស្ដែង គិតមកទល់ពេលនេះ យ៉ាងហោចណាស់មាន៤០ប្រទេស និង ដែនដីហើយ ដែលបានរាយការណ៍ពីករណីឆ្លងរាលដាលកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ។
ជុំវិញនឹងបញ្ហានេះ លោក Albert Bourla បានដាក់ការព្រួយបារម្ភថា ល្បឿងចម្លងរបស់អូមីក្រុង អាចនឹងធ្វើឱ្យមានការវិវត្តនៃមេរោគកាន់តែច្រើនឡើងនាពេលអនាគត។ ដូចនេះ ដើម្បីទប់ទល់នឹងការវិវត្តនេះ Pfizer អាចបង្កើតវ៉ាក់សាំង ដែលកំណត់គោលដៅរបស់មេរោគនេះ នៅខែមីនាឆ្នាំ ២០២២ ប៉ុន្តែមិនច្បាស់ថាតើ តម្រូវឱ្យមានការចាក់វ៉ាក់សាំងជាថ្មី ឬអត់នោះទេ ដែលក្រុមហ៊ុននឹងចំណាយពេលពីរ ទៅបីសប្តាហ៍សិន ដើម្បីកំណត់ថា តើវ៉ាក់សាំងបច្ចុប្បន្នអាចផ្តល់ការការពារគ្រប់គ្រាន់ប្រឆាំងនឹងមេរោគ អូមីក្រុង ឬអត់។ ទន្ទឹមនេះ ក្រុមហ៊ុនPfizer មានទំនុកចិត្តថា ថ្នាំគ្រាប់របស់ខ្លួន ផាកឡូវីដ (Paxlovid) មានប្រសិទ្ធភាពប្រឆាំងនឹង មេរោគអូមីក្រុង ព្រមទាំងគ្រប់មេរោគផ្សេងទៀត ដែលបានលេចឡើងរហូតមកដល់ពេលនេះ។
ទោះយ៉ាងក៏ដោយចុះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ ១៩ ក៏ដូចជាមេរោគ អូមីក្រុង អង្គការសុខភាពពិភពលោកបានប្រាប់ ប្រទេសទាំងអស់កុំឱ្យភ័យស្លន់ស្លោ និងត្រូវតែបន្តជំរុញការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រោះថា ថ្នាំវ៉ាក់សាំងទំនងជានៅតែអាចផ្តល់ការការពារដល់សារពាង្គកាយពីការធ្លាក់ខ្លួនឈឺធ្ងន់បានដដែល៕