ផ្សារហ៊ុនជប៉ុន

ផ្សារហ៊ុនជប៉ុន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលជាង៣ទសវត្សរ៍មកនេះ


ផ្សារហ៊ុនជប៉ុនក្នុងឆ្នាំថ្មីនេះបានហក់ឡើងខ្លាំងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំមកនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា សេដ្ឋកិច្ចជប៉ុន នឹងស្ថិតក្នុងស្ថានភាពល្អប្រសើរ រួមជាមួយនឹងអភិបាលកិច្ចល្អ ហើយក្រុមហ៊ុនសហគ្រាសនឹងបន្តទទួលបានប្រាក់ចំណេញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ផ្សារហ៊ុនជប៉ុន
ដោយ

សន្ទស្សន៍ផ្សារហ៊ុនជប៉ុន នីកេ (Nikkei) បានហក់ឡើង១.២% កាលពីថ្ងៃអង្គារ ទី៩ ខែមករា ដោយឡើងជិតដល់៣ម៉ឺន៤ពាន់ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមីនា ឆ្នាំ១៩៩០។ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលរកស៊ីពាក់ព័ន្ធការផលិតបន្ទះឈីបដូចជាក្រុមហ៊ុន តូក្យូ អេឡិចត្រុន (Tokyo Electron) ជាដើម បានហក់ឡើង បន្ទាប់ពីភាគហ៊ុនបច្ចេកវិទ្យាទំនើបនៅសហរដ្ឋអាម៉េរិកបានហក់ឡើង។

សន្ទស្សន៍ផ្សារហ៊ុនគោលនេះបានបន្តហក់ឡើងថែមទៀតនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ដោយវាបានហក់ឡើងលើស៣ម៉ឺន៤ពាន់ពិន្ទុ ដោយក្នុងនោះភាគហ៊ុនរបស់សាជីវកម្មបច្ចេកវិទ្យាអាម៉េរិក អិនវីឌា (NVIDIA) បានបន្តហក់ឡើងខ្ពស់បំផុត២ថ្ងៃជាប់ៗគ្នាចាប់តាំងពីបានចុះបញ្ជីលើទីផ្សារហ៊ុនមក។

ខណៈមានការរំពឹងថា នឹងមានការបញ្ចុះអត្រាការប្រាក់ពីសំណាក់ធនាគារកណ្ដាលអាម៉េរិក បានជំរុញការទិញភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុ Wall Street កើនឡើង ក្រុមអ្នកវិនិយោគសកលក៏រំពឹងដែរថា ភាគហ៊ុនជប៉ុន នឹងមានឱកាសហក់ឡើងដែរ។

លើសពីនេះ កម្មវិធីវិយោគរួចពន្ធ ដែលត្រូវបានកែសម្រួលថ្មីៗរបស់ជប៉ុន ហៅកាត់ថា NISA ត្រូវបានរំពឹងថា នឹងជំរុញឱ្យប្រាក់វិនិយោគផ្នែកលក់រាយបន្ថែមទៀតហូរចូលមកកាន់ផ្សារហ៊ុនជប៉ុន។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើការបន្តហក់ឡើងក្នុងផ្សារហ៊ុននេះនឹងអាស្រ័យលើការដំឡើងប្រាក់ឈ្នួល និងសូចនាករផ្សេងៗទៀត ដែលឆ្លុះបញ្ចាំងពីវដ្ដសេដ្ឋកិច្ចវិជ្ជមានប្រកបដោយនិរន្តរភាព ឬយ៉ាងណានោះទេ។

សូមរំឭកថា តម្លៃផ្សារហ៊ុនជប៉ុន ក៏ធ្លាប់បានហក់ឡើងទ្វេដងម្ដងដែរនៅចុងឆ្នាំ១៩៨៩ មុនពេលធ្លាក់ចុះវិញនៅខែមីនា ឆ្នាំ១៩៩០ ជាពេលដែលក្រសួងហិរញ្ញវត្ថុជប៉ុន បានដាក់ការរឹតបន្តឹងលើទំហំសរុបនៃកម្ចីអចលនទ្រព្យជាហេតុធ្វើឱ្យតម្លៃផ្សារហ៊ុនចាប់ផ្ដើមធ្លាក់ចុះចាប់តាំងពីពេលនោះមក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុបប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុប (GGR) ដល់ទៅប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះដែលតំណាងឱ្យកំណើនជិ…

រុស្ស៊ី និងអ៊ីរ៉ង់ឈប់ប្រើប្រព័ន្ធផ្ទេរ និងទូទាត់ប្រាក់អន្តរជាតិ SWIFT ហើយងាកមកផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក

ព័ត៌មាន
រុស្ស៊ី ដែលជាមហាអំណាចខាងយោធាលំដាប់ទី២ និងសមភាគីអ៊ីរ៉ង់ ដែលជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធានៅមជ្ឈិមបូព៌ា បានប្រកាសបញ្ចប់ការប្រើប្រព័ន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ