ប្រទេសវៀតណាម

តើការនាំចេញរបស់វៀតណាមតម្លៃជាង ២,៥ពាន់លានដុល្លារ អាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះនៅទីផ្សារអឺរ៉ុប?


ផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មមួយចំនួនរបស់ប្រទេសវៀតណាមអាចប្រឈមមុខនឹងបញ្ហា ក្នុងការនាំចេញទៅអឺរ៉ុប ដោយសារតែផលិតផលទាំងនេះអាចស្ថិតក្រោមបទប្បញ្ញត្តិថ្មីរបស់អឺរ៉ុបស្ដីពីការបំផ្លាញព្រៃឈើ។ ផលិតផលទាំងនេះ ជាពិសេសដំណាំកាហ្វេ កៅស៊ូ និង ឈើហ៊ុប មានតម្លៃសរុបប្រមាណជា២ពាន់៣រយលានអឺរ៉ូ ឬប្រហែល២ពាន់៥រយលានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News ។
ផលិតផលវៀតណាមជាង២,៥ពាន់លានដុល្លារអាចស្ថិតក្រោមច្បាប់អឺរ៉ុបស្ដីពីការបំផ្លាញព្រៃឈើ

នៅពេលនេះ វៀតណាមទំនងជាគ្មានពេលខ្ជះខ្ជាយបន្តទៀតទេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ពីព្រោះផលិតផលកសិកម្មនិងកសិឧស្សាហកម្មរបស់ខ្លួន ដែលមានតម្លៃប្រហែល២ពាន់៣រយលានអឺរ៉ូ ឬប្រហែល២ពាន់៥រយលានដុល្លារ សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបអាចនឹងស្ថិតក្រោមបទប្បញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុបស្ដីពីការកាប់បំផ្លាញព្រៃឈើ ។

នៅចំពោះមុខបញ្ហានេះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាសម្ព័ន្ធមិត្តមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះការទទួលខុសត្រូវផ្នែកបរិស្ថាន។

លោក ឡេ មិញ ហ័ន ( Lê Minh Hoan) រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងថា បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ដែលបានអនុម័តជាផ្លូវការនៅថ្ងៃទី ១៦ ខែឧសភា នឹងបង្កបញ្ហាប្រឈមថ្មីចំពោះកសិករខ្នាតតូចរបស់វៀតណាមទាក់ទងនឹងនីតិវិធីនៃការនាំចេញ ។ លោករដ្ឋមន្ត្រីបានថ្លែងដូចនេះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អំឡុងសន្និសីទស្តីពីការផលិតនិងការផ្គត់ផ្គង់កាហ្វេគ្មានការកាប់បំផ្លាញព្រៃឈើ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។

លោកបានបន្តថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងនឹងបញ្ជាក់ជាថ្មីអំពីតម្រូវការបន្ទាន់ឱ្យមានការផ្លាស់ប្តូរការអនុវត្តក្នុងវិស័យកសិកម្ម និងជួយកសិករខ្នាតតូចទាំងនោះនៅគ្រប់ជំហាន ដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មី។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ផែនការសកម្មភាពត្រូវបានដាក់ជូននាយករដ្ឋមន្ត្រីរួចរាល់ហើយ ។

លោក ឡេ មិញ ហ័ន បានសង្កត់ធ្ងន់នៅក្នុងសម្រង់សំដីដើមថា៖ "កំណើនបៃតងមិនមែនជាពាក្យស្លោកទេ ប៉ុន្តែជាកាតព្វកិច្ចខាងសីលធម៌។ វាដល់ពេលដែលត្រូវមានទំនួលខុសត្រូវផ្នែកបរិស្ថានហើយ"។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ហ្លូរីកា ហ្វីន ហ៊ូជើរ (Florika Fink-Hooijer) អគ្គនាយិកាអគ្គនាយកដ្ឋានបរិស្ថានរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មុខងារសំខាន់ៗដែលព្រៃឈើផ្តល់ឱ្យ អាចនឹងត្រូវបាត់បង់ជារៀងរហូត ប្រសិនបើមនុស្សមិនអាចការពារព្រៃឈើឰឱ្យបានត្រឹមត្រូវទល់នឹងការកាប់បំផ្លាញទេ។

លោកស្រីបានបន្តថា គោលបំណងសំខាន់របស់ច្បាប់សហភាពអឺរ៉ុបស្ដីពីការបំផ្លាញព្រៃឈើ គឺពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ដែលមិនប៉ះពាល់ព្រៃឈើនៅទូទាំងពិភពលោក និងលើកកម្ពស់តម្រូវការផលិតផលដែលផលិតតាមរបៀបប្រកបដោយនិរន្តរភាព។

លោកស្រីបានបន្តថា ក្រុមហ៊ុនណាដែលយកផលិតផលរបស់ខ្លួនចូលទៅទីផ្សារអឺរ៉ុបមានកាតព្វកិច្ចធានាថាទំនិញរបស់ខ្លួនមិនបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងដំណើរការផលិតទេ។

លោកស្រី បានថ្លែងក្នុងសម្ដីដើមថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឃើញវៀតណាមចូលរួមក្នុងមហិច្ឆិតាដ៏ខ្ពស់[របស់អឺរ៉ុប]ទាក់ទងនឹងជីវចម្រុះនិងអាកាសធាតុ”។

រដ្ឋមន្ត្រីកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក ឡេ មិញ ហ័ន បានអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកម្មវិធីចែករំលែកចំណេះដឹងពីសហភាពអឺរ៉ុប ដើម្បីជួយវិស័យកសិកម្មវៀតណាមឱ្យមានភាពប្រសើរឡើងទាក់ទងនឹងស្តង់ដារសហភាពអឺរ៉ុប៕




អត្ថបទបន្ទាប់


ចិនចាត់ទុកប៉ាគីស្ថានជាឱកាសទីផ្សារសម្រាប់ការនាំចេញថាមពលនុយក្លេអ៊ែរតម្លៃជិត ៥ ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេស ចិនបាន ចាត់ទុកប្រទេស ប៉ាគីស្ថានជាឱកាសទីផ្សារ មួយ សម្រាប់ការនាំចេញថាម ពលនុយក្លេអ៊ែរ ខណៈ ដែល ប្រទេសចិន កំពុងពន្លឿនកិច្ចសហប្រតិបត្ត…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពង្រីកទំនាក់ទំនង ទោះបីគ្មានសង្ឃឹមធំដុំ

ព័ត៌មាន
មន្ត្រីនៅក្នុងក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២ កក្កដា ថា លោកស្រី ចេណេត យ៉េលេន រដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ