លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកទល់ពេលនេះយ៉ាងហោចណាស់មានអ្នកចិញ្ចឹមជ្រូក ដែលជាសមាជិករបស់សមាគមប្រមាណ៩០% ត្រូវបានបោះបង់ការចិញ្ចឹម ដោយសារមិនអាចទ្រាំទ្រនឹងខាតបង់ ដែលកើតចេញពីការធ្លាក់ថ្លៃនៃតម្លៃជ្រូករស់នៅក្នុងស្រុក។ បើតាមការះអាងរបស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃជ្រូករស់នៅកម្ពុជា នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹមចន្លោះពីពីជាង៥ពាន់រៀលទៅ៦ពាន់រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលជាតម្លៃមួយទាបមែនទែនបើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីពេលកន្លងទៅ។ ប្រធានសមាគមរូបនេះបានព្រមានថា ការចិញ្ចឹមជ្រូកខ្នាតតូចរបស់កសិករអាចនឹងផ្អាកការចិញ្ចឹមទាំងស្រុងតែម្តង ប្រសិនបើបញ្ហានេះបន្តអូសបន្លាយ មិនមានដំណោះស្រាយសមស្រប។
ការធ្លាក់ថ្លៃតម្លៃជ្រូករស់យ៉ាងគំហុកនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមខ្នាតតូចនោះទេ សូម្បីការចិញ្ចឹមជាលក្ខណៈកសិដ្ឋាន និងក្រុមហ៊ុន ក៏ទទួលរងនូវបញ្ហានេះដែរ។ បើតាមការលើកឡើងរបស់លោក ស៊្រុន ពៅ បច្ចុប្បន្នមានកសិដ្ឋាន និងក្រុមហ៊ុនចិញ្ចឹមជ្រូកមួយចំនួនបានបង្ខំចិត្តកាត់បន្ថយចំនួនមេជ្រូក ដោយសារតែមិនអាចទ្រាំទ្រការខាតបង់តទៅមុខទៀតបាន។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជារូបនេះបានចាត់ទុកការហូរចូលសាច់បង្កកច្រើនហួសហេតុមកកម្ពុជា គឺដើមហេតុធ្វើឱ្យតម្លៃសាច់ជ្រូករស់ធ្លាក់ថ្លៃរហូតមានការបោះបង់ចោលការចិញ្ចឹមជាបណ្ដើរៗ ខណៈតម្លៃសាច់ដែលដាក់លក់លើទីផ្សារនៅតែថ្លៃដដែល ដែលវានឹងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ។
ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកនេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការនាំចូលសាច់គ្មានគុណភាព និងត្រូវកម្រិតស្តង់ដារឱ្យបានច្បាស់លាស់ ព្រមទាំងបង្រ្កាបការនាំចូលទំនិញខុសច្បាប់ ព្រោះការហូរចូលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិត។ ជាមួយគ្នានេះ អ្នកជំនួញរូបនេះ ស្នើឱ្យអ្នកពាក់ព័ន្ធត្រូវងាកមកប្រើប្រាស់វត្ថុធាតុដើម និងផលិតផល ដែលមានស្រាប់នៅក្នុងប្រទេស ដើម្បីលើកកម្ពស់ចំណូលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្ដង់សាច់ ដែលមានគុណភាពល្អ១០០% បាននៅឡើយទេ ជាពិសេសនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗ ដែលមានតម្រូវការសាច់ ដែលមានគុណភាពល្អ។ កត្តានេះបានជំរុញឱ្យកម្ពុជាត្រូវនាំសាច់ដែលមានគុណភាពល្អ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ មន្រ្តីជំនាញរូបនេះអះអាងទៀតថា ស្ថិតក្រោមក្របខណ្ឌទីផ្សារសេរី កម្ពុជាមិនអាចហាមឃាត់ការនាំចូលសាច់បង្កកស្របច្បាប់ពីខាងក្រៅបានឡើយ ប៉ុន្តែរាល់ការនាំចូលសាច់បង្កកពីទីផ្សារខាងក្រៅត្រូវគោរពតាមវិធានការច្បាប់ និងមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីប្រទេសនាំចេញ៕