អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានគូសបញ្ជាក់ថា កត្តាសំខាន់នៃការចិញ្ចឹមជ្រូក គឺការគិតគូរពីគុណភាព និងសុវត្ថិភាពរបស់សត្វជ្រូក ចាប់តាំងពីជ្រូកនៅក្នុងកសិដ្ឋានរហូតដល់ដៃអ្នកបរិភោគ ពោលគឺត្រូវការពារសុខភាពជ្រូកកុំឱ្យមានឆ្លងមេរោគ ឬជម្ងឺឆ្លងផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ។ មហាសេដ្ឋីកសិកម្មរូបនេះ បានសង្កត់ធ្ងន់ថា ការបង្កើតឱ្យមានអត្តសញ្ញាណសាច់ជ្រូកផ្ទាល់ខ្លួន តាមរយៈការចិញ្ចឹម និងលក់នៅលើទីផ្សារដោយខ្លួនឯង ដោយពុំចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល គឺជាកត្តាសំខាន់ក្នុងការផ្តល់សាច់ជ្រូកដល់អ្នកហូបប្រកបដោយសុវត្ថិភាព ដ្បិតថា ឈ្មួយកណ្តាលដែលយកសាច់ជ្រូកទៅកាប់លក់មួយចំនួនពុំបានគិតគូរឱ្យបានដិតដល់ពីហានិភ័យនៃគុណភាពសាច់ជូនដល់អុ្នកបរិភោគនោះទេ។
ជុំវិញបញ្ហានេះដែរលោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ យល់ឃើញថា ការបង្កើតអត្តសញ្ញាណសាច់ជ្រូកផ្ទាល់ខ្លួនតាមរយៈការចិញ្ចឹម និងផ្គត់ផ្គង់សាច់ដល់អ្នកហូបដោយផ្ទាល់ដោយពុំចាំបាច់ឆ្លង់កាត់ឈ្មួញកណ្តាល វាជាផ្នែកមួយដ៏សំខាន់ក្នុងការជួយរក្សាស្ថិរភាពទីផ្សារសាច់ជ្រូក ក៏ដូចជាជួយកាត់បន្ថយការក្រឡុកទីផ្សារពីឈ្មួញកណ្តាលខិលខូចមួយចំនួន។ បន្ថែមលើនេះ វាបានផ្តល់សាច់ជ្រូកដែលមានគុណភាពដល់ដៃអ្នកបរិភោគ។
បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ឧបសគ្គមួយចំនួនដែលកសិករចិញ្ជឹមជ្រូកមិនអាចបង្កើតអត្តសញ្ញាណសាច់ជ្រូកផ្ទាល់ខ្លួនឯងបាននោះរួមមាន បញ្ហាធនធានថវិកា និងបច្ចេកទេសចិញ្ចឹមប្រកបដោយស្តង់ដាសុវត្ថិភាព និងបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលបិទមិនឱ្យមានការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុង តម្លៃទីផ្សារជ្រូករស់នៅកម្ពុជា ហាក់មានភាពប្រសើរឡើងវិញ ដោយអាចលក់បានចន្លោះពីជាង៨ពាន់ទៅជាង៩ពាន់រៀលក្នុង១គីឡូក្រាម ប៉ុន្តែតម្លៃនេះហាក់មិនទាន់ផ្តល់ផលចំណេញច្រើននោះទេ សម្រាប់កសិករចិញ្ចឹមជ្រូកខ្នាតតូច ដោយសារពួកគេត្រូវការចំណាយថ្លៃដើមខ្ពស់ជាងកសិដ្ឋានធំៗ។
គួរបញ្ជាក់ថា ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងដំណាក់កាលទី១ រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ និងបានសម្រេចបន្តផ្អាកការនាំចូលនេះរយៈពេល៦ខែបន្ថែមទៀត រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៕