លោក ងួន គួយ កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្របពេលគ្រាប់ស្វាយចន្ទីកំពុងមានហាងឆេងល្អ និងអាចលក់បានក្នុងតម្លៃខ្ពស់ ចម្ការស្វាយចន្ទីមួយចំនួននៅជិតចម្ការរបស់លោកបានជួបបញ្ហាចោរលួចគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់។ បើតាមកសិកររូបនេះ បញ្ហានេះបានធ្វើឱ្យម្ចាស់ចម្ការនានាសហការគ្នាយាម ដើម្បីទប់ស្កាត់សកម្មភាពចោរកម្ម ខណៈអាជ្ញាធរក្នុងមូលដ្ឋាន ក៏បានចូលរួមការពារសន្តិសុខ និងទប់ស្កាត់ផងដែរ។
ជុំវិញបញ្ហានេះលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីសមាគមពុំទាន់ទទួលបានរបាយការណ៍ផ្លូវការពីសមាជិកនៅតាមបណ្ដាខេត្តពាក់ព័ន្ធនឹងការលួចគ្រាប់ស្វាយចន្ទីក៏ដោយ ប៉ុន្តែលោកបានទទួលព័ត៌មានក្រៅផ្លូវការអំពីសកម្មភាពចោរកម្មនេះ។ តែទោះជាយ៉ាងណាក៏ដោយ លោក ស្នើឱ្យម្ចាស់ចម្ការគួរតែបង្កើនការប្រុងប្រយ័ត្ន និងរៀបចំឱ្យមានអ្នកយាមកាមឱ្យបានដិតដល់ក្នុងអំឡុងពេលប្រមូលផល និងគ្រាប់ស្វាយចន្ទីអាចលក់បានតម្លៃខ្ពស់នេះ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ បញ្ហាការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យការប្រមូលផលគ្រាប់ស្វាយចន្ទីត្រូវបានពន្យារពេលនៅឆ្នាំនេះ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ពោលគឺកើនឡើង៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា