វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមូលធាតុចូល និងសំណើពីវិស័យឯកជន ត្រៀមពិភាក្សាជាមួយរាជរដ្ឋាភិបាល


បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយវិស័យឯកជន ក្នុងគោលបំណងបង្ហាញកិច្ចអន្តរាគមន៍ ដើម្បីដោះស្រាយនូវបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។ វេទិកានេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្រប ដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។
1
ដោយ

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងជា សហប្រធានក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ «ក្រុម ង» នៃវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន បានលើកឡើងថា កិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែតុលា របស់ក្រុមការងារនេះ គឺត្រូវបានពិភាក្សា និងដោះស្រាយលើបញ្ហាទាំងអស់ ប៉ុន្ដែនៅមានបញ្ហាចំនួន២ ដែលត្រូវពិភាក្សាជាមួយនឹងស្ថាប័នរដ្ឋ មុននឹងដាក់ជូនទៅក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន។ ទោះបីជា វិស័យធនាគារ និងហិរញ្ញវត្ថុបានជួបនឹងបញ្ហាប្រឈមច្រើននៅមួយរយៈចុងក្រោយនេះក្ដី ប៉ុន្ដែបើតាមបណ្ឌិត អ៊ិន ចាន់នី វិស័យនេះ នៅតែមានស្ថានភាពល្អប្រសើរនៅឆ្នាំនេះ។

ជាមួយគ្នានេះដែរ តំណាងផ្នែកឯកជន នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលបានប្រជុំជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម កាលពីថ្ងៃទី ២៣ ខែតុលា បានពិភាក្សា លើបញ្ហាប្រឈមចំនួន១០ រួមទាំង បញ្ហាអគ្គិសនី, សំណើសុំលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT 10%) ជារៀងរហូត, ការគ្រប់គ្រងទីផ្សារផលវារីវប្បកម្ម, ទីផ្សារសត្វរស់ និងសាច់សត្វ, គោលនយោបាយគាំទ្រលើវិស័យចិញ្ចឹមសត្វ,ការផលិតចំណីសត្វ, បញ្ហាថ្លៃចំណាយសេវាសាធារណៈចំពោះការស្នើសុំការនាំចេញសត្វ និងបញ្ហាមួយចំនួនទៀត។

ដោយឡែក នៅថ្ងៃដដែលនោះ កិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ជាមួយតំណាងផ្នែកឯកជនវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានប្រមូលបញ្ហាប្រឈមនានា ពីសមាជិករបស់ខ្លួននៅទូទាំងប្រទេស ហើយបានដាក់សំណើចំនួន ២៩ចំណុច ក៏ប៉ុន្តែ ក្នុងនោះបញ្ហាដែលកំណត់យកជាការបានមានចំនួន ១៤ចំណុច ដើម្បីស្វែងរកដំណោះស្រាយពីរាជរដ្ឋាភិបាល។ ក្នុងនោះរួមមាន ការចូលទីផ្សាររបស់ផលិតផលក្នុងស្រុក និងការហូរចូលផលិតផលក្រៅស្រុក,ការនាំចូលវត្ថុធាតុដើម គ្រឿងចក្រម៉ាស៊ីន និងសារធាតុគីមី, ពន្ធដារសម្រាប់សហគ្រាសធុនតូច,ការប្រើប្រាស់ថាមពល,ការទទួលបានហិរញ្ញប្បទាន, និងបញ្ហាជាច្រើនទៀត។

ក្នុងថ្ងៃជាមួយគ្នានោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញ ក៏បានជួបជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ពិភាក្សាលើប្រធានបទសំខាន់ចំនួន៣ ផងដែរ រួមមាន៖ ពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន, ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា និងកិច្ចពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី ជាដើម​។

សូមបញ្ជាក់ថា បញ្ហាដែលផ្នែកឯកជនបានលើកឡើងទៅកាន់ក្រសួងនីមួយៗ ត្រូវបានអង្គប្រជុំពិភាក្សា នឹងសម្រេចមួយចំនួន ហើយបញ្ហាមួយចំនួនទៀត បន្តពិនិត្យពិភាក្សាក្នុងកម្រិតបច្ចេកទេសអន្តរក្រសួង។ ក៏ប៉ុន្តែ សម្រាប់បញ្ហាមួយចំនួន ត្រូវបានវិស័យឯកជនឯកភាពត្រឹមកិច្ចប្រជុំ ខណៈមានបញ្ហាចំនួនទៀតនឹងត្រូវដាក់ជាសំណើទៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការអញ្ជើញជាអធិបតីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួម ពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកកាតឥណពន្ធ UnionPay នៅថ្ងៃនេះ ទទួលបានទឹកប្រាក់ត្រលប់

ព័ត៌មាន
បើកកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ នៅថ្ងៃនេះ នឹងទទួលបានទឹកប្រាក់ត្រលប់ ២% លើការទូទាត់ចំណាយលើកដំបូង និងទទួលបានទឹកប្រាក់ត្រលប់ ១% …

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យវិស័យឯកជនចូលរួមសហការ លើកកម្ពស់គុណភាពផលិតផលឱសថ និងចំណីអាហារ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យវិស័យឯកជននៅក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព និងចំណីអាហារច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ