សំរាម​ផ្លាស្ទិក

គយកម្ពុជា​និយាយ​ថា សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន​ត្រូវ​បាន​ដឹក​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ


អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កញ្ញា ថា ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន ពី​សហរដ្ឋ​អាមេរិក និង​កាណាដា ដោយ​ខុស​ច្បាប់​នោះ បាន​ដឹក​សំរាម​ទាំងនោះ​វិល​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ។
រូបភាពកុងតឺន័រ​ផ្ទុកសំណល់​ផ្លាស្ទិក ដែល​អាជ្ញាធរ​បានរកឃើញ​នាំចូលមកទុកនៅ​កំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ។ រូបភាព ទំព័រ ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
ដោយ

អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​កាល​ពី​ខែ​កក្កដា ថា ខ្លួន​បាន​ផាក​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១.០៣៧.៥០០.០០០រៀល លើ​ក្រុមហ៊ុន ជុងយៀន ផ្លាស្ទិក មេនូហ្វេកឈ័រ ឯក (Chungyuen Plastic Manufacture Co, Ltd) ដែល​បាន​នាំចូល​សំរាម​ផ្លាស្ទិក​ចំនួន ១.៦០០តោន ពី​សហរដ្ឋ​អាមេរិក​និង​កាណាដា ដោយ​ខុស​ច្បាប់។

ក្រុមហ៊ុន ជុងយៀន ផ្លាស្ទិក មេនូហ្វេកឈ័រ ឯក (Chungyuen Plastic Manufacture Co, Ltd) បាន​ចុះ​បញ្ជី​ជា​ជនជាតិ​ខ្មែរ ឈ្មោះ សួង ឡុក គឺ​ជា​អ្នក​ទទួល​ទំនិញ​ចូល​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន ២៧​លើក។

ក្រុមហ៊ុន​មួយ​នេះ​បាន​ជួល​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​សាងសង់​នៅ​វាលរិញ ខេត្ត​ព្រះសីហនុ ហើយ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ ក៏​បាន​បញ្ជា​ឲ្យ​នាំ​កាក​សំណល់​ផ្លាស្ទិក​ទាំង ៨៣​កុងតឺន័រ​នេះ ត្រឡប់​ទៅ​អាមេរិក និង​កាណាដា វិញ ឲ្យ​បាន​មុន​ថ្ងៃ​ទី២៤ ខែសីហា។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ចុះថ្ងៃ​ទី​១៦ ខែ​កញ្ញា, អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ បាន​និយាយ​ថា ក្រុមហ៊ុន​បាន​បង់​ប្រាក់​ពិន័យ​ចូល​ថវិកា​ជាតិ​គ្រប់​ចំនួន និង​បាន​ដឹក​ជញ្ជូន​សំណល់​ផ្លាស្ទិក​ចេញ​ពី​កម្ពុជា ចំនួន ១៤​កុងតឺន័រ នៅថ្ងៃ​ទី២០ ខែ​សីហា និង ចំនួន ៦៩​កុងតឺន័រ​ទៀត នៅថ្ងៃ​ទី​១៥ ខែ​កញ្ញា។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ បាន​និយាយ​ដូច្នេះ​ថា «ដូច្នេះ​ក្រុមហ៊ុន Chungyuen Plastic Manufacture Co, Ltd បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់ ដែល​បាន​សម្រេច​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចប់​សព្វ​គ្រប់។ »

យោង​តាម​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ, ទំនិញ​កាក​សំណល់​ផ្លាស្ទិក​ទាំង​នោះ បាន​មក​ដល់​កម្ពុជា នៅ​ខែ​កញ្ញា ឆ្នាំ២០១៨ ហើយ​លើក​ចុង​ក្រោយ នៅ​ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​ចំនួន ៧០​កុងតឺន័រ បាន​នាំ​ចេញ​ពី​អាមេរិក និង ១៣​កុងតឺន័រ នាំ​ចេញ​ពី​កាណាដា ដោយ​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម៕




អត្ថបទបន្ទាប់


សំណើកាត់បន្ថយម៉ោងការងារនៅវៀតណាម ត្រូវបានវិស័យឯកជនថា នឹងបង្កបញ្ហា ច្រើនជាងដំណោះស្រាយ

ក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើន មិនយល់ស្របទៅនឹងសំណើ កាត់បន្ថយម៉ោងធ្វើការងារ ពីចំនួន៤៨ ម៉ោង មកនៅ៤៤ម៉ោងក្នុងមួយសប្ដាហ៍នោះទេ ហើយក្រុមហ៊ុន…

ទឹក​ជំនន់​សម្លាប់​មនុស្ស ១១​នាក់, លិច​ស្រូវ​អស់​២៥០០០​ហិកតា

គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១៨ ខែ​កញ្ញា ថា ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១១​នាក់ រួម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ