យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation លោក ប្រាផាស សនឆៃឌី (Prapas Sornchaidee) មេបញ្ជាការរងកងទ័ពអាកាស និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃបានចេញមុខឆ្លើយតបយ៉ាងឌឺដងទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ កាលពីចុងខែកក្កដា កន្លងទៅ លោក Tom Andrews បានសង្កត់ធ្ងន់ថា ជនស៊ីវិលកម្ពុជា ដែលត្រូវបានជម្លៀសចេញដោយសារជម្លោះប្រដាប់អាវុធមានសិទ្ធិពេញលេញតាមច្បាប់អន្តរជាតិ ក្នុងការត្រឡប់ទៅផ្ទះសំបែងដើមវិញ ហើយបានអំពាវនាវឱ្យភាគីទាំងពីរពន្លឿនដំណើរការនេះ។
ជាការឆ្លើយតបបែបចំអក ឧត្តមសេនីយថៃ រូបនេះ បានទាមទារឱ្យតំណាង UN រូបនេះ ទៅពិនិត្យមើលខ្លឹមសារ នៃសេចក្តីថ្លែងការណ៍បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឡើងវិញ ដោយបានទាញយកប្រការ៣ និងប្រការ៤ មកធ្វើជាខែលការពារខ្លួន។ ភាគីថៃ បានបកស្រាយបែបក្រឡិចក្រឡុច និងប្រកបដោយចរិតឈ្លានពានថា ទោះបីជាប្រការ៤ អនុញ្ញាតឱ្យពលរដ្ឋវិលត្រឡប់ទៅប្រកបជីវភាពវិញក៏ដោយ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌក្នុងដែនដីនៃភាគីខ្លួន។ តាមរយៈការប្រើឃ្លានេះ យោធាថៃ កំពុងព្យាយាមបកស្រាយលាងខ្លួនថា តំបន់ដីស្រែចម្ការ និងភូមិឋានរបស់កម្ពុជា ដែលថៃ កំពុងកាន់កាប់បច្ចុប្បន្នមិនមែនជាដែនដីរបស់កម្ពុជា នោះឡើយ។
លើសពីនេះមេទ័ពថៃ រូបនេះ បានបន្តប្រើប្រាស់ភាសាគំរាមកំហែង និងបដិសេធការទទួលខុសត្រូវ ដោយអះអាងថា សិទ្ធិវិលត្រឡប់របស់ជនស៊ីវិល ឬការអន្តរាគមន៍ពីស្ថាប័នអន្តរជាតិមិនអាចយកមកកំណត់ ឬកែប្រែខណ្ឌសីមាព្រំដែនបានឡើយ។ ការប្រកាសជំហរយ៉ាងរឹងរូសរបស់ថៃ នៅពេលនេះ គឺជាការលាតត្រដាងយ៉ាងច្បាស់នូវយុទ្ធសាស្ត្រពន្យារពេល និងការបំពានច្បាប់មនុស្សធម៌អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ដោយយកជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់មកធ្វើជាចំណាប់ខ្មាំងក្នុងល្បែងនយោបាយព្រំដែនរបស់ខ្លួន៕
អត្ថបទៈ សួន ឡង់ទី