Advertisement
គ្រោះ​មហន្តរាយ​ធម្មជាតិ-ទឹក​ជំនន់

ទឹក​ជំនន់​សម្លាប់​មនុស្ស ១១​នាក់, លិច​ស្រូវ​អស់​២៥០០០​ហិកតា


គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១៨ ខែ​កញ្ញា ថា ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១១​នាក់ រួមទាំង​ក្មេង​២​នាក់​ផងដែរ និង​បាន​ជន់​លិច​ស្រូវ​អស់​ប្រមាណ​ជា ២៥០០០​ហិកតា នៅ​ក្នុង​ខេត្ត​ចំនួន៤។
ទិដ្ឋភាព​ទឹក​ជំនន់​លិច​ភូមិ​និង​ផ្លូវ​ថ្នល់​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម ដែលនៅតាម​ដង​ទន្លេ​មេគង្គ។ ប្រភព៖ ហ្វេសប៊ុក
ដោយ
Advertisement

លោក គន់ គីម ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​តាម​ទូរស័ព្ទ ថា មាន​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ហើយ​បើទោះ​បី​ជា​ទឹក​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ប្រុង​ប្រយ័ត្ន​ក៏​ដោយ ក្នុង​រយៈពេល​១០​ថ្ងៃ​នេះ មាន​ផ្ទះ​ប្រជាពលរដ្ឋ ​ជិត ១០​​ម៉ឺន​​ផ្ទះ បាន​លិចលង់​។

លោក គន់ គីម បាន​និយាយ​ដូច្នេះ​ថា «បងប្អូន​ដែល​រងគ្រោះ​ស្លាប់​ដោយសារ​លង់​ទឹក​មាន ១១​នាក់ មាន​ក្មេង មាន​មនុស្ស​ចាស់។ ក្មេង​ដូច​មាន​តែ​២​នាក់​ទេ ក្រៅពី​ហ្នឹង ជា​ចាស់​ដែល​គាត់​ខ្លះ ជិះទូក​លិច​ឆ្លង​កាត់​មិន​ប្រយ័ត្ន។»

លោក គន់ គីម បាន​និយាយ​ផងដែរ​ថា «ក្នុង​ចំណោម​១០​ម៉ឺន​[ផ្ទះ]​នេះ បងប្អូន​យើង​ដែល​ងាយ​រងគ្រោះ យើង​បាន​ជម្លៀស​ពួកគាត់ មាន​ពិការ មាន​ចាស់​ជរា មាន​ក្មេង ជាដើម ដើម្បី​ឡើង​ទួល​សុវត្ថិភាព បាន​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ។»

លោក គន់ គីម បាន​និយាយ​បន្ត​ថា នៅសល់​ប្រមាណ​ជា​ ៩ម៉ឺន​គ្រួសារ​ទៀត គឺ​គាត់​មិន​ឡើង​ទីទួល​សុវត្ថិភាព​ទេ ដោយសារ​តែ​ផ្ទះ​គាត់​ធំៗ ហើយ​គាត់​មាន​ទូក មាន​ក្តារ មាន​អូប័រ មាន​ម្ហូប​អាហារ និយាយ​រួម គាត់​មាន​ភាព​ធូរធារ​ច្រើន។

លោក គន់ គីម បាន​និយាយ​ដូច្នេះ​ថា «គាត់​ប្រាប់​យើង​នៅពេល​ដែល​យើង​ទៅ​ជម្លៀស​ពួកគាត់ គាត់​បាន​ផ្តល់​គំនិត​ឲ្យ​យើង​ថា ទៅជួយ​មើល​បងប្អូន​ដែល​ងាយ​រងគ្រោះ​ចុះ ចំពោះ​គាត់ អាច​មាន​លទ្ធភាព​ អាច​ដោះស្រាយ​បាន ដោយ​គាត់​មាន​ទូក មាន​ក្តារ។»

យោងតាម​លោក គន់ គីម ផ្ទះ​របស់​ពួកគាត់​អាច​នៅ​សល់​ប្រហែល​ជា ១​ម៉ែត្រ ឬ​២​ម៉ែត្រ​ពី​ទឹក ហើយ​ពួក​គាត់​អាច​យក​តែ​គោ​ក្របី​ឡើង​គោក​តែ​ប៉ុណ្ណោះ។

ស្រូវ​ត្រូវ​បាន​លិច​លង់​អស់​ប្រមាណ ជា ២៥០០០​ហិកតា និង​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត មាន​ប្រហែល​ជា ៥០០០​ហិកតា, នេះ​បើ​យោង​តាម​លោក គន់ គីម ខណៈ​ដែល​ការខូចខាត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​ទាន់​មាន​តួលេខ​នៅ​ឡើយ​ទេ៕

Advertisement



អត្ថបទបន្ទាប់


គយកម្ពុជា​និយាយ​ថា សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន​ត្រូវ​បាន​ដឹក​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ

ព័ត៌មាន
អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កញ្ញា ថា ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន ពី​...

ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោក អាមេរិក នឹងពង្រីកទីផ្សារនាំចេញឧស្ម័នធម្មជាតិរាវមកកាន់តំបន់អាស៊ី និងអឺរ៉ុប

ព័ត៌មាន
ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ១នៅលើពិភពលោក សហរដ្ឋអាមេរិក ត្រូវបានគេកត់សម្គាល់ឃើញថា ជាប្រទេសដែលមានការនាំចេញឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ