នៅក្នុងសារសំឡេងជាង១២នាទីនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែនៅរយៈពេលនៃពិធីបុណ្យកាន់បិណ្ឌប៉ុន្មានមកថ្ងៃនេះ កម្ពុជាបានរកឃើញនូវករណីឆ្លងមេរោគកូវីដ១៩ នៅតាមបណ្ដាវត្តអារាមមួយចំនួន តួយ៉ាងមានករណីឆ្លងនៅវត្តអារាមចំនួនពីរហើយ ដោយក្នុងមានវត្ត នាគវ័ន្ត និងវត្ត ជំពុះក្អែក។ បញ្ហានេះ ត្រូវបានសម្ដេចតេជោ លើកឡើងពីក្ដីបារម្ភខ្លាំងអំពីលទ្ធភាពដែលអាចកើតឡើងនូវករណីឆ្លងរីករាលដាលមេរោគកូវីដ-១៩ធ្ងន់ធ្ងរ ហើយមិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ វាអាចនឹងបន្ដរីករាលដាលនៅតាមបណ្ដាខេត្តនានាផងដែរ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែនក៏បានលើកទឹកចិត្តដល់ព្រះចៅអធិការតាមបណ្តាវត្តអារាម មានសិទ្ធិស្វ័យសម្រេច ក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាលកូវីដ-១៩ ដោយសារតែវត្តអារាមគឺជាកន្លែងនៃប្រជុំមនុសច្រើន ដែលវាជាកន្លែង ងាយបង្កាហានិភ័យខ្ពស់នៃការឆ្លង ជាពិសេស វត្តមាននៃមេរោគបំប្លែងថ្មី ឌែលតា តែម្ដង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅវត្តចំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥ករណី ហើយត្រូវបិទខ្ទប់វត្តចំពុះក្អែកតែម្តង ដើម្បីទប់ស្កាត់ការឆ្លងនិងការរីករាលដាល។
សម្តេចតេជោ បានគូសបញ្ជាក់ថា «បើមិនបិទពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទេ សូមឲ្យកាត់បន្ថយចំនួនមនុស្ស ចូលវត្ត ដោយមានតែអ្នកកាន់វេន ចូលប្រគេនចង្ហាន់ព្រះសង្ឃ ហើយកាត់បន្ថយពិធីសាសនានានា ដោយគោរពឲ្យបានហ្មត់ចត់តាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩»៕