ប៉ូឡូញ និងសមាជិកណាតូផ្សេងទៀត ត្រៀមបិទព្រំដែនជាមួយបេឡារុស្ស!

ប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែនជាមួយបេឡារុស្ស ប្រសិនបើ «ឧប្បត្តិហេតុធ្ងន់ធ្ងរ» កើតឡើងបង្កដោយទាហាន Wagner


រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញបាននិយាយនៅថ្ងៃទី២៨សីហាថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែន ជាមួយបេឡារុស្សទាំងស្រុង ប្រសិនបើ «ឧប្បត្តិហេតុធ្ងន់ធ្ងរ»ណាមួយកើតឡើងជាយថាហេតុ ពាក់ព័ន្ធនឹងទាហានស៊ីឈ្នូល Wagner ដែលកំពុងមានវត្តមាននៅក្នុងប្រទេសនេះ។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីនៅមួយរយៈពេលចុងក្រោយនេះ ភាពតានតឹងរវាងប៉ូឡូញ និងបេឡារុស្សបានកើនកម្តៅខ្លាំង ទាក់ទងនឹងរឿងរំលោភដែនអាកាស វត្តមាន Wagner នៅតាមព្រំដែន និងបញ្ហាជនភៀសខ្លួនខុសច្បាប់ជាដើម។
ប៉ូឡូញ និងសមាជិកណាតូផ្សេងទៀត ត្រៀមបិទព្រំដែនជាមួយបេឡារុស្ស!
ដោយ

លោក Mariusz Kaminski រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញ បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយភាគីលីទុយអានី ឡាតវី និងអេស្តូនីថា «យើងទាមទារឱ្យអាជ្ញាធរនៅទីក្រុង Minsk ធ្វើយ៉ាងណាឱ្យក្រុមទាហាន Wagner ដកចេញពីទឹកដីប្រទេសបេឡារុស្សជាបន្ទាន់ និងជនចំណាកស្រុកខុសច្បាប់បេឡារុស្សផ្សេងទៀតនៅតំបន់ព្រំដែន ត្រូវត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ»។ លោក Mariusz បានបន្ថែមថា «ប្រសិនបើមានឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយកើតឡើង មិនថានៅព្រំដែនប៉ូឡូញ ឬលីទុយអានី យើងនឹងសងសឹកភ្លាមៗ ហើយច្រកព្រំដែនទាំងអស់នឹងត្រូវបិទ»។

សមាជិកសហភាពអឺរ៉ុបនិងណតូ ឡាតវី លីទុយអានី និងប៉ូឡូញ ដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស្ស កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខព្រំដែន ចាប់តាំងពីទាហានស៊ីឈ្នួល Wagner ដែលបះបោរបរាជ័យកាលពីខែមុន បានមកឈរជើងក្នុងប្រទេសបេឡារុស្សកាន់តែច្រើនឡើង តាមការអញ្ជើញរបស់ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko។ ជាមួយគ្នានេះ ប្រទេសប៉ូឡូញក៏បានឃើញអំពីកើនឡើងនៃចំនួនជនចំណាកស្រុកនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលព្យាយាមឆ្លងកាត់ព្រំដែនក្នុងប៉ុន្មានខែថ្មីៗនេះ ហើយបានចោទប្រកាន់បេឡារុស្សថា បានជួយសម្របសម្រួលពួកគេ។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសលីទុយអានី លោកស្រី Agne Bilotaite បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរួមនោះថា មានលក្ខណៈវិនិច្ឆ័យពីរដែលអាចនាំទៅដល់ការបិទព្រំដែន។ ទីមួយប្រសិនបើមានឧប្បត្តិហេតុប្រដាប់អាវុធនៅព្រំដែននៃប្រទេសមួយ។ ឧបទ្ទវហេតុនេះ នឹងត្រូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ និងមួយទៀតលោកស្រី Bilotaite ថា គឺជាការទម្លាយចូលនៃជនចំណាកស្រុកឆ្លងកាត់ព្រំដែននៃរដ្ឋណាមួយ»។ មុននឹងឈានទៅដល់បិទព្រំដែនទាំងស្រុងនោះ ក្រសួងមហាផ្ទៃរបស់ប្រទេសលីទុយអានី នឹងស្នើទៅរដ្ឋាភិបាលបិទច្រកព្រំដែនចំនួនពីរក្នុងចំណោមចំណុចឆ្លងកាត់ព្រំដែន ដែលនៅសល់ចំនួន៤ របស់ខ្លួនជាមួយប្រទេសបេឡារុស្ស។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការលួចចូល និងអាចប្រមូលផ្តុំកងកម្លាំងការពារព្រំដែនកាន់តែច្រើននៅច្រកទាំង២។
គួរជម្រាបថា កាលពីដើមខែសីហានេះ ប៉ូឡូញបានចោទប្រកាន់បេឡារុស្សថា បានរំលោភដែនអាកាសរបស់ខ្លួន ខណៈទីក្រុងមីនស៍បដិសេធ។ គិតមកទល់នឹងពេលនេះ ប៉ូឡូញបានបញ្ចូនកងទ័ពប្រមាណ២ពាន់នាក់រួចមកហើយ ទៅកាន់ព្រំដែនជាមួយបេឡារុស្ស និងគ្រោងពង្រាយ១ម៉ឺននាក់ទៀតនាពេលខាងមុខ។ ការដាក់ពង្រាយនេះបានកើតឡើង បន្ទាប់ពីសេចក្តីរាយការណ៍កាលពីដើមខែសីហាថា ទាហានស៊ីឈ្នួល Wagner ប្រមាណ១០០នាក់ បានមានវត្តមាននៅតាមព្រំដែនជាមួយប៉ូឡូញ ហើយចំនួននេះអាចលើសពីនេះទៅទៀតក្នុងពេលបច្ចុប្បន្ន។




អត្ថបទបន្ទាប់


កម្ពុជា និងអាមេរិក ចុះកិច្ចព្រមព្រឿងលើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌

ស្ថានទូតអាមេរិក នៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវា…

អាមេរិក និងចិនព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្ទនាថ្មីស្ដីពីពាណិជ្ជកម្ម និងការទប់ស្កាត់ការនាំចេញបន្ទះឈីប

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ បានព្រមព្រៀងគ្នានៅក្នុងជំនួបពិភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ