WTO

WTO យល់ព្រមបើកការសើបអង្កេតលើករណីចិនដាក់ពន្ធលើសលុបលើស្រានាំចូលពីអូស្ត្រាលី


នៅទីបំផុត អង្គការពាណិជ្ជកម្មពិភពលោក WTO បានយល់ព្រមបង្កើតឲ្យមានក្រុមប្រឹក្សាដោះស្រាយជម្លោះពាណិជ្ជកម្មមួយ ដើម្បីដោះស្រាយបណ្ដឹងរបស់ទីក្រុងកង់បេរ៉ា ដែលបានប្ដឹងទៅលើទីក្រុងប៉េកាំង ដែលបានដាក់ពន្ធគយធ្ងន់ធ្ងរទៅលើស្រានាំចូលពីប្រទេសអូស្ត្រាលី។ ការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកនេះ គឺធ្វើឡើងបន្ទាប់ពីអូស្ត្រាលីបានដាក់ស្នើអស់ចំនួន២លើកហើយ ដោយកាលពីលើកទី១ អូស្ត្រាលីក៏បានស្នើទៅ អង្គការពាណិជ្ជកម្មពិភពលោកដែរ ប៉ុន្ដែត្រូវបានចិនចេញមុខមករាំងខ្ទប់សំណើនោះកាលពីខែកញ្ញា។
WTO យល់ព្រមបើកការសើបអង្កេតលើករណីចិនដាក់ពន្ធលើសលុបលើស្រានាំចូលពីអូស្ត្រាលី

នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ចិន South China Morning Post​។

ស្ថាប័ន​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​និយាយ​ថា ខ្លួន​នឹង​បង្កើត​ក្រុមប្រឹក្សា​ថ្មី​មួយ ដើម្បី​ស៊ើបអង្កេត​ទៅ​លើ​ជម្លោះ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ផលិតផល​ស្រា រវាង​ចិន និង​អូស្ត្រាលី​នេះ ដោយ​ក្នុង​នោះ ក៏​រួម​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៥ រួម​ទាំង​កា​ណា​ដា អង់គ្លេស និង​នូ​វែ​ល​ហ្សេ​ឡង់​ផង​ដែរ ក្នុង​នាម​ជា​ភាគី​ទី​៣​នៃ​ក្រុមប្រឹក្សា​ដោះស្រាយ​ជម្លោះ​នេះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ពាណិជ្ជកម្ម​នៅ​ទីក្រុង​សឺ​ណេ​វ​។

មុន​នឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សម្រេច​បើក​ការ​ស៊ើបអង្កេត អូស្ត្រាលី​បាន​ស្នើ​ទៅ​២​លើក​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឲ្យ​ដោះស្រាយ​បណ្ដឹង​របស់​ខ្លួន ដែល​បាន​ប្ដឹង​ចិន ដោយសារ​តែ​ចិន​បាន​ដាក់​ពន្ធគយ​លើ​មុខទំនិញ​ស្រា​នាំ​ចូល​ពី​អូស្ត្រាលី​យ៉ាង​គំហុក ខណៈ​ដែល​សំណើ​លើក​ទី​១​របស់​អូស្ត្រាលី ដែល​បាន​ដាក់​ទៅ​កាលពី​ពេល​កន្លង​ទៅ​នោះ ត្រូវ​បាន​ចិន​រាំង​ខ្ទប់​ដោយ​ប្រទេស​ចិន​កាលពី​ខែកញ្ញា​។

មន្ត្រីជាន់ខ្ពស់​របស់​ចិន​ក៏​បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​សំណើ​លើក​ទី​២​របស់​អូស្ត្រាលី ចំពោះ​ការ​ប្ដឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​។ ទោះ​យ៉ាងណា ភាគី​ចិន​ថា​អះអាង​ថា ខ្លួន​នឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ពន្ធគយ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​នេះ ហើយ​ចិន​បាន​សង្កត់ធ្ងន់​ថា កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នេះ គឺ​ស្រប​ទៅ​តាម​ច្បាប់ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុង​ប៉េ​កាំ​ង​ក៏​បាន​បញ្ជាក់​ថា ខ្លួន​នឹង​នៅ​តែ​បើកចំហ​សម្រាប់​ការ​ចូលរួម​បន្ថែម​ទៀត​ជាមួយនឹង​អូស្ត្រាលី ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​។

ស្រា​អូស្ត្រាលី ត្រូវ​បាន​ចិន​កំណត់​យកពន្ធ​នាំ​ចូល​តាំងពី​ខែ វិច្ឆិកា​ឆ្នាំ​២០២០​មក​ម្ល៉េះ នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពី​នេះ មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ដាក់​គ្នា​កាន់តែ​ខ្លាំង ហើយ​កាលពី​ខែមីនា ឆ្នាំ​២០២១ ទីក្រុង​ប៉េ​កាំ​ង បាន​សម្រេច​ចុង​ក្រោយ​លើ​ការ​យកពន្ធ​នាំ​ចូល​ស្រា​ពី​ប្រទេស​អូស្ត្រាលី​ចន្លោះ​អត្រាពន្ធ​ពី ជាង​១១៦% ទៅ​ដល់​ជាង ២១៨%​ឯណោះ​នៅ​ក្នុង​រយៈពេល​ដល់​ទៅ​៥​ឆ្នាំ​។

ការ​តម្រូវ​ឲ្យ​ស្រា​អូស្ត្រាលី​នាំ​ចេញ​ទៅ​ចិន​ត្រូវ​បង់ពន្ធ​កប់​ក្ដោង​យ៉ាង​ដូច្នេះ ក៏​បាន​ធ្វើ​ឲ្យ​ផលិតផល​ស្រា​អូស្ត្រាលី​បាត់បង់​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ចិន​ផង​ដែរ​។ ជាក់ស្ដែង តាំងពី​មានការ​កណ​ត់​យកពន្ធ​តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន​មក តម្លៃ​នាំ​ចេញ​ស្រា​អូស្ត្រាលី​ទៅ​ចិន​បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៧៧% ពោល​គឺ​មាន​មក​នៅ​ត្រឹមតែ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។

ប្រទេស​អូស្ត្រាលី និង​ចិន​មិន​មាន​កិច្ចការ​ទាក់ទង​រកគ្នា​ថ្នាក់​រដ្ឋមន្ត្រី តាំងពី​តែ​ទំនាក់ទំនង​ភាគី​ទាំង​បាន​ចាប់ផ្ដើម​ប្រេះឆា​ខ្លាំង ក្រោយ​ពេល​ដែល​ក្រុង​កង់​បេ​រ៉ា កាលពី​ខែមេសា​ឆ្នាំ​មុន បាន​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ទាក់ទង​នឹង​ប្រភព​ដើម​នៃ​មេរោគ​កូ​វី​ដ​១៩ ដោយ​មិន​បាន​ពិគ្រោះ​សូ​ម្បី​មួយ​ម៉ាត់​ជាមួយនឹង​ក្រុង​ប៉េ​កាំ​ង​។ 

ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង​ជាមួយ​អូស្ត្រាលី ដែល​ធ្លាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​ល្អជា​មួយ​គ្នា តែ​បែរជា​ហ៊ាន​និយាយ​វាយប្រហារ​លើ​ក្រុង​បេ​កាំ​ង​យ៉ាង​ដូច្នេះ​។

សូម​បញ្ជាក់​ថា ទំនាក់ទំនងរ​ប្រេះឆា​រវាង​ចិន និង​អូស្ត្រាលី​ទាំង​ក្នុង​វិស័យ​នយោបាយ​ការទូត និង​ពាណិជ្ជកម្ម​នៅ​តែ​បន្ដ​ល្អក់កករ​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ថា​នឹង​វិល​មក​ប្រសើរ​ឡើ​វិញ​នោះ​ឡើយ​។ កន្លង​មក មានមុខ​ទំនិញ​សំខាន់​ៗ​មួយ​ចំនួន​របស់​អូស្ត្រាលី ដែល​នាំ​ចេញ​ទៅ​ចិន​ដូច​ជា ឈើ​, ធ្យូងថ្ម និង​បង្កង​ជាដើម ត្រូវ​បាន​ហាមឃាត់​ក្រៅផ្លូវការ​នាំ​ចូល​ទីផ្សារ​ចិន ទន្ទឹម​នឹង​នេះ​មុខទំនិញ ស្រូវ​សាលី និង​ស្រា​ក៏​ត្រូវ​ដាក់​ពន្ធ​ធ្ងន់​ក​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចេញច្បាប់វ៉ាក់សាំងថ្មី និងលុបចោលវិធានការរឹតបន្តឹងសម្រាប់អ្នកដំណើរអន្តរជាតិ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន បានចុះហត្ថលេខាលើច្បាប់វ៉ាក់សាំងថ្មីសម្រាប់អ្នកដំណើរបរទេសតាមផ្លូវអាកាស និងលុបចោលការវិធានការរឹតបន្តឹង…

តម្លៃប្រេងឆៅធ្លាក់ចុះបន្ដិចវិញ ក្រោយស្ដុកប្រេងឆៅនៅអាមេរិកកើនឡើងលើសការរំពឹងទុក

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃពុធសប្ដាហ៍នេះបានបន្ដធ្លាក់ចុះបន្តិចវិញហើយ បន្ទាប់ពីទិន្នន័យឧស្សាហកម្មប្រេងបង្ហាញថា ស្ដុកប្រេងឆៅមានការកើនឡើងលើសការរំពឹងទុក ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ