កាលពីថ្ងៃអង្គារ ទី២៧ មករា ឆ្នាំ២០២៦ មន្ត្រីស៊ើបអង្កេតវៀតណាម បានប្រកាសពីការចាប់ឃុំខ្លួនបុគ្គលឈ្មោះ វិន វ៉ាន់ ត្រួង (Huynh Van Truong) អាយុ ៤៧ឆ្នាំ មកពីទីក្រុងកាន ថឺ (Can Tho) ភាគខាងត្បូងប្រទេសវៀតណាម ដែលត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។ នេះបើតាមសារព័ត៌មានវៀតណាម តួយត្រេ ញីវស៍ (tuoitre news)។
មុនការចាប់ខ្លួនម្ចាស់អាជីវកម្មនេះ ប៉ូលិសសេដ្ឋកិច្ចវៀតណាម បានចុះត្រួតពិនិត្យទីតាំងកែច្នៃចំណីអាហារដែលគ្មានផ្លាកសញ្ញា នៅសង្កាត់ Binh Dong ដោយបានរកឃើញ និងរឹបអូសសាច់ខ្យងកែច្នៃជាង ៣ពាន់តោន ដែលបានត្រាំនៅក្នុងល្បាយ ដែលមានផ្ទុកសារធាតុសូដ្យូមស៊ីលីខេត និងបានរកឃើញសារធាតុនេះបន្ថែមទៀតចំនួន ១ ៥៧៥គីឡូក្រាម ដែលលាក់នៅក្នុងទីតាំងនោះទុកសម្រាប់ប្រើប្រាស់ ។
ការធ្វើកោសល្យវិច័យបានបង្ហាញថា សាច់ខ្យងទាំងអស់ មានផ្ទុកសារធាតុសូដ្យូមស៊ីលីខេត ជាសារធាតុគីមីឧស្សាហកម្ម ដែលប្រើប្រាស់ក្នុងការងារសំណង់ និងការផលិតស៊ីម៉ងត៍ និងហាមប្រើប្រាស់ដាច់ខាតក្នុងការកែច្នៃអាហារ។ ប៉ូលិសបានរាយការណ៍ទៀតថា សាច់ខ្យងត្រាំសារធាតុគីមីប្រហែល ៣ ០០០តោននេះ បើសិនត្រូវបានចែកចាយទៅក្នុងទីផ្សារ នឹងទទួលបានប្រាក់ចំណេញខុសច្បាប់ រាប់សិបម៉ឺនដុល្លារឯណោះ។
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស