
លោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត (Sethaput Suthiwartnaruput) បានព្រមានថា វិបត្តិនយោបាយកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃ។ ទេសាភិបាលធនាគារកណ្តាលថៃ រូបនេះ បានលើកឡើងថា ធនាគារកណ្ដាលថៃ បានទម្លាក់ការព្យារកររួចហើយសម្រាប់កំណើនសេដ្ឋកិច្ចថៃ ពីរង្វង់២% នៅឆ្នាំ២០២៥ នេះ មកនៅត្រឹម ១,៧% នៅឆ្នាំ២០២៦ ហើយថា កំណើនសេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះទាបជាង១,៧% ប្រសិនបើប្រទេសថៃ នៅតែស្ថិតក្នុងស្ថានភាពមិនប្រាកប្រជាបែបនេះ។
លោកបានគូសបញ្ជាក់ថា មានឱកាសតិចណាស់ដែលធនាគារកណ្ដាលថៃ អាចនឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត លើកលែងតែស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំងជាងនេះ។ ទេសាភិបាលធនាគារកណ្តាលថៃ ដែលនឹងចុះចេញពីតំណែងនៅអំឡុងខែកញ្ញា នេះ ក៏បានព្រមានដែរថា ភាពចលាចលនយោបាយដែលអូសបន្លាយអាចគំរាមកំហែងដល់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដោយសារបំណុលគ្រួសារពលរដ្ឋកើនឡើងខ្ពស់ ទេសចរណ៍ធ្លាក់ចុះខ្សោយ និងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថាលោក វីតៃ វឌ្ឍនាកន (Vitai Ratanakorn) នឹងចូលកាន់តំណែងជាទេសាភិបាលធនាគារកណ្តាលថៃ បន្តពីលោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានរំពឹងថា លោកនឹងជំរុញឱ្យបញ្ចុះអត្រាការប្រាក់បន្ថែមទៀតដើម្បីបង្កើនកំណើនសេដ្ឋកិច្ចថៃ ឡើងវិញ៕
ដោយ: តែម សុខុម