![មនុស្សម្នាក់ៗចង់មានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែ តើត្រូវធ្វើដូចម្ដេច?](https://cdn.cambonomist.com/media/images/money-pixabay.2e16d0ba.fill-960x540.jpg)
ប៉ុន្តែ ទោះយ៉ាងណា យើងជឿជាក់ថា គ្មានអ្នកណាម្នាក់ចង់ធ្វើការងាររហូតដល់ចាស់នោះទេ។ យើងគ្រប់គ្នាប្រាថ្នាថា នៅពេលវ័យណាមួយ យើងមានលុយកាក់គ្រប់គ្រាន់ អាចសម្រាកពីការងារ (ចូលនិវត្តន៍) និងដើរកម្សាន្តជាមួយក្រុមគ្រួសាររបស់យើង។ ប៉ុន្តែ តើត្រូវរៀបចំផែនការយ៉ាងដូចម្ដេច?
ខាងក្រោមនេះ ជាការណែនាំមួយចំនួនពីអ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ អំពីការត្រៀមខ្លួនឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ។ លោក ង៉ែត ជូ មានប្រសាសន៍ថា បើចង់ឲ្យជីវិតមានសេរីភាព ត្រូវរៀនពីរបៀបនៃការហោះហើររបស់យន្តហោះ និងចៀសឲ្យផុតពី consumer loans (កម្ចីទិញរបស់ប្រើប្រាស់ ឬកម្ចីយកទៅចាយវាយ)។
វិធីសាស្រ្តនេះអាចបង្កលក្ខណៈឲ្យយើងមានសេរីភាពហិរញ្ញវត្ថុពេញលេញ ក្នុងអាយុចន្លោះពី៤២ ទៅ ៤៧ឆ្នាំ ពោលគឺអាចមានពេលវេលានិងលទ្ធភាពច្រើនសម្រាប់លេងកីឡា សម្រាកលំហែកាយនៅបរទេស និង ធ្វើកិច្ចការសង្គមនានាដែលយើងពេញចិត្ត។ល។
ការទិញធានារ៉ាប់រងដែលភ្ជាប់ជាមួយកាតព្វកិច្ចសន្សំរយៈពេលវែង ឬបង់រំលោះផ្ទះក្នុងរយៈពេលវែងដោយសំអាងតែចំណូលពីការធ្វើការងារមួយមុខ មិនមែនជាការវ័យឆ្លាតនោះទេ។ ជាងនេះទៅទៀត ត្រូវចៀសឲ្យខាងតែបាននូវការប្រើ consumer loans ព្រោះយើងត្រូវចំណាយទ្វេដងលើរឿងតែមួយ ពោលគឺចំណាយលើការប្រាក់និងភាពសឹករិចរិលនៃសម្ភារ:ដែលបានទិញ (ដូចជា រថយន្ត ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកនានា) ក៏ដូចជាការបាត់បង់ឱកាសក្នុងការវិនិយោគផងដែរ។
ការត្រៀមខ្លួនឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ ធៀបនឹងរបៀបនៃការហោះហើររបស់យន្តហោះ មាន ៤ដំណាក់កាល ដូចខាងក្រោម៖
![ការសន្សំ និងការវិនិយោគត្រឹមត្រូវ ជាកត្តាសំខាន់នាំទៅរកជោគជ័យផ្នែកហិរញ្ញវត្ថុ។](https://cdn.cambonomist.com/media/images/money-pixabay1.2e16d0ba.fill-960x540.jpg)
១. ការត្រួតពិនិត្យនិងរៀបចំមុនការហោះហើរ
ដំណាក់កាលនេះ មនុស្សត្រូវគិតនិងរៀបចំខ្លួន ដូចមុនការហោះហើររបស់យន្តហោះអ៊ីចឹង ជាដំណាក់កាលចាក់សាំង ត្រួតពិនិត្យម៉ាស៊ីននិងបច្ចេកទេសនានា។ ជាដំណាក់កាល អប់រំខ្លួន រួមមានជំនាញទន់ ជំនាញរឹង (soft and hard skills) បទពិសោធន៍ការងារ និងទំនាក់ទំនងសង្គម។
ជាទូទៅ ការបញ្ចប់ដំណាក់កាលនេះ គួរតែចន្លោះអាយុ២២ទៅ២៣ឆ្នាំយ៉ាងយូរ ពោលគឺបញ្ចប់មហាវិទ្យាល័យ។ ការមានជំនាញនិងសមត្ថភាពច្បាស់លាស់សំខាន់ណាស់ដើម្បីទទួលបានចំណូលសមរម្យ (ពីការងារ) ក្នុងដំណាក់កាលហោះហើរដំបូង និងអាចឲ្យយើងសន្សំប្រាក់សម្រាប់ការវិនិយោគ។ បើមិនដូច្នោះទេ គឺធ្វើការដើម្បីតែក្រពះហើយ។
២. ការចាប់ផ្តើមការហោះហើរដំបូង
ជាដំណាក់កាលចាប់ផ្តើមនៃជីវិតការងារ ត្រូវសន្សំប្រាក់ដើម្បីវិនិយោគឬធ្វើអាជីវកម្មដែលយើងពេញចិត្ត។ ជាការហោះហើរដំបូង ហោះហើរទាបទទួលបានផលលាភតិចតាមរយៈការសន្សំប្រាក់ដែលជាទូទៅ មានការប្រាក់ប្រចាំឆ្នាំចន្លោះ ៧% ទៅ ៨%។ ប្រសិនបើចង់បានសេរីភាពពេលវ័យក្មេង គួរចំណាយពេលក្នុងដំណាក់កាលនេះត្រឹមពី៣ ទៅ ៤ឆ្នាំប៉ុណ្ណោះ ព្រោះជាដំណាក់កាលទទួលបានផលលាភតិច ប៉ុន្តែ ដើម្បីហោះហើរបានខ្ពស់និងលឿនក៏ចាំបាច់ត្រូវចាប់ផ្តើមពីការហោះហើរទាបនេះដែរ។
៣. ការហោះហើរក្នុងល្បឿនលឿន
ជាដំណាក់កាលហោះខ្ពស់បំផុតនិងលឿនបំផុត។ ដូចគ្នានេះដែរ ត្រូវវិនិយោគលើអាជីវកម្មដែលមានផលលាភ (ប្រាក់ចំណេញ)ខ្ពស់ ព្រោះវាមានហានិភ័យខ្ពស់ជាងការសន្សំប្រាក់និងតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្លាំង។ ជារួម ផលលាភឬប្រាក់ចំណេញប្រចាំឆ្នាំ ដែលទទួលបានគួរតែយ៉ាងហោចណាស់ពី ២០% ទៅ ៣០%។ យើងអាចចំណាយពេលក្នុងដំណាក់កាលនេះ ពី ១០ ទៅ ១៥ឆ្នាំ។ ក្នុងដំណាក់កាលនេះ យើងអាចបន្តធ្វើការបណ្តើរនិងវិនិយោគបណ្តើរ ឬឈប់ធ្វើការទាំងស្រុងតែម្តង ដោយមកគ្រប់គ្រងអាជីវកម្មរបស់ខ្លួនបើចាំបាច់។
៤. ការរៀបចុះចត
ការហោះខ្ពស់និងល្បឿនលឿនយូរអាចធ្វើឲ្យយើងមានអារម្មណ៍ចង់បន្ថយល្បឿន រួចរកទីចុះចត។ តាមច្បាប់ធម្មជាតិ ការគិតបែបនេះមានការសមស្របម្យ៉ាងដែរ ដែលយើងត្រូវរៀបចំដំណាក់កាលអន្តរកាលនេះ ឲ្យបានសមស្រប។
ដូច្នេះ យើងគប្បីស្វែងរកឱកាសវិនិយោគទាំងឡាយណា ដែលអាចបង្កឲ្យយើងទទួលបានប្រាក់ចំណូលជាប្រចាំ និងតម្រូវឲ្យមានការខិតខំប្រឹងប្រែងតិចតួច ដែលជាបច្ច័យនាំឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ជាសេរីភាពផ្ទាល់ខ្លួន។ ពោលគឺឈប់សម្រាកពីការងារជាបុគ្គលិកដែលត្រូវធ្វើការពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។
ក្នុងដំណាក់កាលនេះ ជម្រើសរួមមាន សង់អាគារឬឃ្លាំងសម្រាប់ជួល ការផ្តល់កម្ចីតាមរយ: Peer to Peer Lending Platform ឬចូលរួមក្នុងក្រុមសន្សំជាដើម។ ជាទូទៅ ផលលាភដែលទទួលបានពីការវិនិយោគបែបនេះមិនខ្ពស់ដូចដំណាក់កាលហោះហើរក្នុងល្បឿនលឿននោះទេ (ជាទូទៅ ចន្លោះពី ១២% ទៅ ១៥% ក្នុង១ឆ្នាំ) ប៉ុន្តែមិនមានន័យថា យើងត្រូវចាត់ចែងទ្រព្យសម្បត្តិទាំងអស់វិនិយោគដើម្បីរៀបចំការចុះចតនោះដែរ។ យើងប្រហែលជានៅមានលទ្ធភាពវិនិយោគទ្រព្យសម្បត្តិមួយភាគធំក្នុងល្បឿនលឿន និងទទួលបានផលលាភខ្ពស់ដដែល។ យើងប្រហែលជាត្រូវការពេល៤ ទៅ ៥ឆ្នាំដើម្បីធ្វើកិច្ចការអស់ទាំងនេះ មុននឹងទទួលបានសេរីភាពពេញលេញក្នុងជីវិត។
ធ្វើបានតាមដំណាក់កាលនៃការហោះហើររបស់យន្តហោះដូច្នេះ យើងនឹងអាចទទួលបានសេរីភាពពេញលេញក្នុងជីវិតត្រឹមអាយុ ៤២ ទៅ ៤៧ឆ្នាំជាក់ជាមិនខាន។ ពេលដែលយន្តហោះចុះចតជាពេលដែលយើងសម្រេចបាននូវគោលដៅក្នុងជីវិត ដូច្នេះ ការរៀបចំតាមដំណាក់កាលចាប់ពីពេលមុនធ្វើការហោះហើររហូតដល់ពេលចុះចតមានសារសំខាន់ណាស់ ដើម្បីធានាឲ្យមានការចុះចតប្រកបដោយសុវត្ថិភាពខ្ពស់៕