នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលលោកពង្រឹងការគ្រប់គ្រងរបស់ខ្លួនក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសឆ្នាំ ២០១៩ បាននិងកំពុងធ្លាក់ប្រជាប្រិយភាពនៅក្នុងការស្ទង់មតិមួយ។ ការស្ទង់មតិនោះបង្ហាញឱ្យឃើញថា អ្នកបោះឆ្នោតពេញចិត្តនឹងគណបក្សប្រឆាំងចាស់វស្សា គឺគណបក្ស ភឿថៃ និងគណបក្សឆ្ពោះទៅមុខ ដែលប្រកាន់តឹងជាង។
ប៉ុន្តែនៅក្នុងប្រព័ន្ធបោះឆ្នោតប្រកបដោយភាពអំណោយផលយ៉ាងច្រើនចំពោះគណបក្សដែលគាំទ្រដោយកងទ័ព អ្នកប្រកួតប្រជែងត្រូវតែទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ទើបមានសង្ឃឹមបង្កើតរដ្ឋាភិបាលថ្មីបាន។
ក្នុងចំណោមគូប្រជែងទាំងនោះមានគណបក្ស ភឿថៃ ដែលដាក់លោកស្រី ប៉ៃតុងតាន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រី។ លោកស្រីជាកូនរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាមហាសេដ្ឋី និងដែលកំពុងនិរទេសខ្លួននៅបរទេស។
នៅក្នុងការស្ទង់មតិ គណបក្សភឿថៃនៅតែនាំមុខគេ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រី ប៉ៃតុងតាន ហាក់ដូចជាខ្សោយជាងគូប្រជែងម្នាក់ គឺបេក្ខជននាយករដ្ឋមន្ត្រីឈ្មោះ ពីតា លីមចារើនរ៉ាត ដែលជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ។
បន្ទាប់ពីបិទការបោះឆ្នោតនៅម៉ោង ៥ ល្ងាច, អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក សាវ៉ាង ប៊ូនមី បាននិយាយថា អត្រាអ្នកទៅបោះឆ្នោតត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៧០ ភាគរយ ទោះបីជាលោកបានទទូចថាឱ្យរង់ចាំរបាយការណ៍ជាផ្លូវការក៏ដោយ។ អាជ្ញាធរថៃបានរំពឹងទុកថា ចំនួនអ្នកមកបោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃអាទិត្យមានច្រើន។
មានប្រជាពលរដ្ឋថៃជាង ៥២ លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃក្នុងខែឧសភា ឆ្នាំ ២០២៣ នេះ។ ក្នុងចំណោមនោះ ជនជាតិថៃ ១ សែននាក់ដែលរស់នៅក្រៅប្រទេសក៏បានសុំបោះឆ្នោតមុនកាលកំណត់ដែរ ដោយអ្នកខ្លះបានធ្វើរួចរាល់ហើយ៕