ធនាគារពិភពលោកបាននិយាយក្នុងរបាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានភាពចលាចលនយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីរដ្ឋប្រហារយោធាចាប់តាំងពីឆ្នាំ២០២១មក មានការកើនឡើងនូវអំពើហិង្សា កង្វះកម្លាំងពលកម្ម និងរូបិយប័ណ្ណធ្លាក់ចុះ ដែលធ្វើឱ្យពិបាកដល់ការធ្វើអាជីវកម្ម។
កាលពីខែធ្នូ ឆ្នាំ២០២៣ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើងប្រហែល២% ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន បន្ទាប់ពីបានប៉ាន់ប្រមាណថា កំណើន GDP របស់ប្រទេសនេះមាន១% ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៤។
ធនាគារពិភពលោកអះអាងថា ការកែប្រែ និងទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា សម្រាប់ឆ្នាំ២០២៤ នេះ គឺដោយសារការជាប់គាំងនយោបាយ ការកើនឡើងអតិផរណា កង្វះការងារ ការធ្លាក់ថ្លៃរូបិយបណ្ណ និងបញ្ហាការផ្គត់ផ្គង់អគ្គិសនី ដែលកត្តាទាំងអស់នេះទំនងជាមានផលប៉ះពាល់ខ្លាំងជាងការរំពឹងទុកជាងមុនទៅទៀត។
ធនាគារពិភពលោក បានឱ្យដឹងទៀតថា សង្រ្គាមស៊ីវិលដែលកំពុងឆាបឆេះនៅក្នុងប្រទេសនេះដោយក្រុមប្រដាប់អាវុធថ្មី និងក្រុមជនជាតិភាគតិចកំពុងវាយដណ្តើមមូលដ្ឋាននៃរបបយោធានោះបាននាំឱ្យពលរដ្ឋប្រមាណ៣លាននាក់ រត់ភៀសខ្លួន និងបានជំរុញឱ្យអត្រាភាពក្រីក្រឡើងដល់ជាង៣២% ដូចទៅនឹងកម្រិតនៅឆ្នាំ២០១៥។
ធនាគារនេះបានបន្ថែមទៀតថា ជម្រៅនិងភាពធ្ងន់ធ្ងរនៃភាពក្រីក្រមានសភាពកាន់តែអាក្រក់ទៅៗនៅក្នុងឆ្នាំ២០២៣-២០២៤ ដែលមានន័យថា ភាពក្រីក្រគឺកាន់តែរឹងមាំជាងពេលណាទាំងអស់ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ៕
សេដ្ឋកិច្ចមីយ៉ាន់ម៉ា