ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្រេចបានជាង ២៥លានដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណ៥% ធៀបនឹងខែមករាកន្លងទៅ មានប្រមាណតែជាង ២៤លានដុល្លារអាមេរិក ដែលបានធ្វើឲ្យការនាំចេញសរុបរយៈពេល២ខែមកនេះ សម្រេចបានប្រមាណ ៥០លានដុល្លារអាមេរិក។
ទីផ្សារនាំចេញសំខាន់ៗរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានដូចជា ទីផ្សាអាមេរិក កាណាដា ទីផ្សារក្នុង និងក្រៅសហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម។ ក្នុងនោះ ផលិតផលិតសំខាន់ៗដែលត្រូវបាននាំចេញទៅមានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គសិនីជាដើម។ល។
គិតមកទល់បច្ចុប្បន្ន រោងចក្រដែលកំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញមានចំនួន ៩០រោងចក្រ ដែលក្នុងនោះ មាន៣៧រោងចក្រនិងក្រុមហ៊ុនបាននិងកំពុងមានសកម្មភាពផលិតនិងនាំចេញ រីឯ ២៧រោងចក្រនិងក្រុមហ៊ុនផ្សេងទៀត កំពុងដំណើរការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ ក្នុងនោះដែរ ក៏មានរោងចក្រនិងក្រុមហ៊ុនចំនួន២២ ក៏បានផ្អាកដំណើរការផលិតរបស់ខ្លួន និងមានរោងចក្រមួយចំនួនទៀតកំពុងរៀបចំចុះបញ្ជីផងដែរ។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងពលកម្មសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានសរុបចំនួនជាង ១ម៉ឺន៥ពាន់នាក់។ តែយ៉ាងណាក៏ដោយចុះ បើពិនិត្យទៅលើរបាយការណ៍បានឲ្យដឹងថា ការចំណាយប្រាក់បៀវត្សរ៍កម្មករនៅក្នុងខែកុម្ភៈមុននេះ ហាក់មានការថយចុះប្រមាណជាង ៥៤ម៉ឺនដុល្លារ ធៀបនឹងខែមករា នៅក្នុងឆ្នាំនេះ។ ពោលគឺ កាលពីខែមករា ការចំណាយលើបៀវត្សរ៍កម្មករមានជាង ៣លាន៩សែនដុល្លារ ខណៈដែលខែកុម្ភៈ មានត្រឹមតែ៣លាន៣សែនដុល្លារប៉ុណ្ណោះ ស្របពេលដែលចំនួនកម្មករនៅក្នុងពីរខែដើមឆ្នាំនេះ ហាក់មិនមានការប្រែប្រួលខ្លាំងនោះទេ៕