ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ធនាគារ ភី ភី ស៊ី ប៊ែង បានក្លាយជា ស្ថាប័នទី ១ ដែលសម្រេចបោះផ្សាយលក់មូលបត្រ ជាដំណាក់កាលដោយជោគជ័យ ដោយរំពឹងនឹងកៀងគរដើមទុនបាន ៨០ពាន់លានរៀល ឬប្រមាណ ២០លានដុល្លារអាមេរិកពីទីផ្សារមូលបត្រកម្ពុជា ដោយមានអត្រាការប្រាក់ ៦,៥% ក្នុងមួយឆ្នាំ។
ឯកឧត្តម សៀង ធីរិទ្ធ បន្តថា ការបោះផ្សាយលក់មូលបត្របំណុលនេះ ជាការចូលរួមចំណែកលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ដោយបានកៀងគរប្រមូលនូវទុន ដែលនៅសេសសល់ក្នុងសេដ្ឋកិច្ចយកមកប្រើប្រាស់ ហើយវិនិយោគិន ក៏ទទួលបាននូវអត្ថប្រយោជន៍ពីអត្រាការប្រាក់ផងដែរ។
លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា វាជាជោគជ័យដ៏ធំមួយ សម្រាប់វិស័យមូលបត្រកម្ពុជា ដែលមានធនាគារពាណិជ្ជ សម្រេចបោះផ្សាយលក់មូលបត្រដំណាក់កាលទី២ ដោយអាចប្រមូលដើមទុនបាន ១០លានដុល្លារអាមេរិក អំឡុងពេលកូវីដ-១៩នេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ទំនោរនេះ នឹងមានជាបន្តទៀត។
លោក ស៊ិន ចាង មូ នាយកប្រតិបត្តិធនាគារ ភី ភី ស៊ីប៊ែង បានបញ្ជាក់ថា ការសម្រេចបោះផ្សាយលក់មូលបត្របំណុល ដំណាក់កាលទី២ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ គឺជាការគោរពទៅតាមសន្យា និងគោលដៅ ដែលធនាគារពាណិជ្ជមួយនេះបានកំណត់ ហើយលោកក៏សង្កត់ធ្ងន់ដែរថា លទ្ធផលកាលពីការបោះផ្សាយលើកទី ១ គឺទទួលបានលើសពីការរំពឹងទុក ដែលមានអ្នកបញ្ជាទិញលើសពីចំនួនដាក់លក់ទៅទៀត ដែលសបញ្ជាក់យ៉ាងច្បាស់ពី ទំនុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើ ស្ថាប័នមួយនេះ។
គួរជម្រាបដែរថា គិតមកទល់ខែតុលានេះ វិស័យមូលបត្រកម្ពុជា មានស្ថាប័នចំនួន ៦ ដែលបោះផ្សាយលក់មូលបត្របំណុលនៅកម្ពុជា ដោយក្នុងនោះមាន ធនាគារ ភី ភី ស៊ីប៊ែង គឺជាស្ថាប័នទី ៤ ដែលបានបោះផ្សាយលក់មូលបត្របំណុលនេះ៕