តំបន់​សេដ្ឋកិច្ច​ពិសេស

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​​នាំ​ចេញ​ជាង​​២៣២​​លាន​​ដុល្លារ​នៅ​ឆ្នាំ​នេះ


ទឹក​ប្រាក់​នាំចេញ​ប្រមាណ​ជាង ២៣២​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) សម្រេច​បាន​ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ មាន​ក្រុមហ៊ុន​រោងចក្រ​ជិត​១០០​ក្រុមហ៊ុន​និង​រោងចក្រ បាន​និង​កំពុង​ប្រតិបត្តិការ​ផលិត​ទំនិញ​ជាច្រើន​ប្រភេទ​សម្រាប់​ធ្វើការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។
តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។
ដោយ

ចំនួន​ទឹក​ប្រាក់​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ប្រចាំ​ឆ្នាំ​២០១៧ ដែល​មាន​ជាង ២៣២​លាន​ដុល្លារ​នេះ មាន​ការ​កើន​ឡើង​ជិត​៨០% បើ​ធៀប​នឹង​ទឹកប្រាក់​នាំ​ចេញ​សរុប​កាល​ពី​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល ខេមបូណូមីស ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​នោះ​ដែរ ទីផ្សារ​សំខាន់ៗសម្រាប់​ធ្វើការ​នាំ​ចេញ​ មាន​ដូចជា ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​នៅ​ក្រៅ​អាស៊ាន​ផ្សេង​ទៀត ទីផ្សារ​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា និង​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​ជាដើម។ ក្នុង​នោះ ការ​នាំចេញ​សរុប​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​សម្រេច​បាន​ទឹកប្រាក់​រហូត​ចំនួន​ជាង ២៣២​លាន​ដុល្លារ កើន​ឡើង​ជាង​ពី ១៣០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦ ពោល​គឺ​មាន​កំណើន​រហូត​ដល់​៧៨%។ ផលិតផល​ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ទាំង​អស់​នោះ មាន​ដូចជា ផលិត​ផល​សម្លៀក​បំពាក់ ស្បែក​ជើង គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិចត្រូនិក ជាដើម ។ល។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ឆ្នាំ​២០១៧​នេះ ខាង​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ផ្ដល់​នូវ​វិញ្ញាបន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ C/O ជាង​១​ពាន់​វិញ្ញាបនបត្រ​សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​ផ្ដល់​ជូន​តែ​ជាង ៨០០ វិញ្ញាបន​បត្រ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នេះ មាន​ក្រុមហ៊ុន​រោងចក្រ​សរុប​ចំនួន ៩០​ក្រុមហ៊ុន និង​រោងចក្រ និង​មាន​ដើមទុន​វិនិយោគ​សរុប​ចំនួន​ជាង ៣៨០​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ តំបន់​សេដ្ឋកិច្ច​មួយ​នេះ បាន​ផ្ដល់​ឱកាស​ការងារ​សម្រាប់​ប្រជាជន​ជាង​ ១៥​ម៉ឺន​នាក់ និង​បង់ពន្ធ​ជូន​រដ្ឋ​តាមរយៈ​កម្រៃ​គ្រប់គ្រង​ការ​នាំចេញ (Export Management Fee) មាន​ប្រមាណ​ជាង ៨,៥​ម៉ឺន​ដុល្លារ និង​សោហ៊ុយ​រដ្ឋបាល (Administration Fee) មាន​ជាង ៥,៨​ម៉ឺន​ដុល្លារ​អាមេរិក។

តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ឧកញ៉ា សៀ ឫទ្ធី។

គួរ​បញ្ជាក់​ថា គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​សេនាធិការ បាន​ធ្វើការ​អនុម័ត​ជា​គោលការណ៍​ សម្រាប់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​អស់​សរុប ចំនួន ៤៤ តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ុន្តែ មាន​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២១ ប៉ុណ្ណោះ ដែល​ទទួល​បាន​អនុក្រឹត្យ​ពី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ដើម្បី​ប្រតិបត្តិការ​អភិវឌ្ឍន៍​អាជីវកម្ម នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន។

យោង​តាម​របាយការណ៍​ពី​គណៈកម្មការ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី ឌី ស៊ី បង្ហាញ​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​ឆ្នាំ​២០១៧​នេះ ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទំាង ៤៤​តំបន់ មាន​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស ១៤ ប៉ុណ្ណោះ បាន​និង​កំពុង​ប្រតិបត្តិការ​អភិវឌ្ឍ និង​មាន​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​សកម្ម​ផុសផុល ដែល​​សរុប​​ជា​ទឹក​ប្រាក់​នៃ​ការ​បោះទុន​វិនិយោគ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទំាង​១៤ នេះ មាន​ទឹក​ប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន​ជាង ៨​ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​ពី ស៊ីឌីស៊ី។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគ​ច្រើន​មាន​នៅ រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំ​ដែន​កម្ពុជា-​វៀតណាម និង​ខេត្ត​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង ស្ថិត​នៅ​តាម​បណ្តាយ​ព្រំដែន​កម្ពុជា-ថៃ។

តើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ ដល់​ប្រទេស​កម្ពុជា​?

ជា​ការពិត​ណាស់ វា​បាន​ផ្តល់​តម្លៃ​ច្រើន​ណាស់ ដូចជា ជា​បណ្ដុំ​ទីតាំង​វិនិយោគ​ដែល​បង្កើត​ឡើង​សម្រាប់​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជា​ទូទៅ​រដ្ឋាភិបាល​បាន​ផ្តល់​លក្ខខណ្ឌ​លើក​ទឹកចិត្ត​ផ្សេងៗ ដូចជា ការ​អនុគ្រោះ​ពន្ធ ការ​បម្រើ​ជូន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ ការ​សម្រួល​បែប​បទ​នាំចេញ នាំចូល​ទំនិញ ការ​សម្រួល​បែប​បទ​រដ្ឋបាល​នានា និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ជា​ច្រើន ដើម្បី​ជំរុញ​សកម្មភាព​វិនិយោគ។

លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge មាន​ប្រសាសន៍​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ចាំបាច់​ណាស់ ដើម្បី​ក្លាយ​ខ្លួន​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់ សម្រាប់​ត​ភ្ជាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

លោក​ឧកញ៉ា​បន្ថែម​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ជួយ​ជំរុញ​ការ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​កាន់​តែ​មាន​ភាព​មមាញឹក និង​ទាក់​ទាញ​ខ្លាំង​បំផុត​សម្រាប់​ការ​វិនិយោគ៕

None



អត្ថបទបន្ទាប់


ជ្រូកនាំចូលពីវៀតណាមច្រើនពេក ធ្វើឲ្យកសិករខ្មែរខាតឡុងចុង

ក្នុងឆ្នាំ២០១៧នេះ គឺជាឆ្នាំអាក្រក់បំផុត ដែលតម្លៃជ្រូករបស់កសិករខ្មែរធ្លាក់ថ្លៃយ៉ាងគំហុក ដោយបង្កឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកជាច្រើន បោះបង់មុខរ…

ទីសត្តឃាតគោអូស្រ្តាលីធំជាងគេនៅកម្ពុជាបានក្ស័យធនដោយស្ងាត់ស្ងៀមមែនទេ?

នេះគឺជាលើកទី២ហើយនៃដំណឹងដ៏សែនសោកស្តាយជុំវិញទៅនឹងការក្ស័យធនទីកន្លែងសត្តឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី​​ ដែលបច្ចុប្បន្នមានម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ