អាជីវកម្ម

ទីសត្តឃាតគោអូស្រ្តាលីធំជាងគេនៅកម្ពុជាបានក្ស័យធនដោយស្ងាត់ស្ងៀមមែនទេ?


នេះគឺជាលើកទី២ហើយនៃដំណឹងដ៏សែនសោកស្តាយជុំវិញទៅនឹងការក្ស័យធនទីកន្លែងសត្តឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី​​ ដែលបច្ចុប្បន្នមានមូលដ្ឋានរោងចក្រកែច្នៃសាច់នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ក្រុមហ៊ុន​ទីសត្តឃាត​គោ​អូស្ត្រាលី SLN Meat Supplies Pty Ltd. ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
ដោយ

ជុំវិញនឹងការផ្អាកដំណើរការនេះត្រូវបាន មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មាន និង បុគ្គលិកទីផ្សារនៅក្នុងរោងចក្រទីសត្តឃាតគោអូស្ត្រលីដ៏ធំជាងគេ នៅកម្ពុជានេះ ប្រាប់សារព័ត៌មាន ខេមបូណូមីស  ដោយលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា៖ «ទីបំផុតទីសត្តឃាតគោអូស្ត្រាលីដ៏ធំនេះ បានផ្អាកទៅហើយ ! លែងមាន កាប់គោយកសាច់ រាប់ខែមកហើយ មិនដឹងថ្ងៃណាចាប់ផ្តើមវិញទេ ខ្ញុំស្តាយណាស់ ថៅកែៗ ថ្នាក់ដឹកនាំបែកខ្ញែកគ្នាអស់ហើយ !» ។ 

ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផលិតកម្មសត្វ និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបានប្រាប់ខេមបូណូមីសតាមទូរស័ព្ទថា លោកទទួលបានដំណឹងពីមន្ត្រីកសិកម្មនៅខេត្តព្រះសីហនុថា ទីសត្តឃាដនេះ ស្ងាត់ស្ងៀមមិនមានដំណើរការនោះទេ។ 

ឯកឧត្តម សេន សុវណ្ណ ថ្លែងដូច្នេះថា ៖«ខ្ញុំទទួលដំណឹងហ្នឹងប្រហែលមួយខែ ខ្ញុំបានសួរពេទ្យសត្វខ្ញុំនៅខេត្តហ្នឹង តើរោងចក្រហ្នឹងដល់ណាដល់ណី? ស្ងាត់ឈឹងចឹងមានធ្វើអីអត់? គាត់ក៏ថា គេអត់ធ្វើអីផង ខ្ញុំភ្ញាក់ដែរ ម៉េចបានចឹង។ ហេតុនេះ ទើបខ្ញុំដាក់ផែនការក្នុងខែធ្នូនេះ ដើម្បីចុះទៅសាកសួរពីបញ្ហានេះ»។ 

ទីសត្តឃាត​ដ៏​ធំ​តែ​មួយ​គត់ ដែល​ចិញ្ចឹម​និង​ផ្គត់ផ្គត់​សាច់​គោ​អូស្ត្រាលី ត្រូវ​បាន​បិទ​ទ្វារ?

សារព័ត៌មាន ខេមបូណូមីស បានព្យាយាមទាក់ទង លោក ហោ ស៊ីម លាង អគ្គនាយកក្រុមហ៊ុន SLN Meat Supply PTY Ltd ដែលកំពុងស្នាក់នៅប្រទេសសិង្ហបុរី ប៉ុន្តែ មិនអាចទាក់ទងបាននោះទេ។ ដោយឡែក លោក ងួន លឹម ដែលជា ភាគហ៊ុនិក ក្នុងក្រុមហ៊ុន SLN Meat Supply PTY Ltd ក៏មិនអាចទំនាក់ទំនងបានដែរ។

យ៉ាងណា ឯកឧត្តម សេន សុវណ្ណ បានអះអាងថា នៅពេលកន្លងមក លោក ហោ ស៊ឹមលាង បានរអ៊ូរទាំចំពោះបញ្ហាប្រឈមជាច្រើនរបស់គាត់ អំពីការនាំចូលសត្វគោមកកម្ពុជាមានជាប់ពន្ធខ្ពស់ ដែលក្នុងដំណើរការកែច្នៃលើកដំបូង មិនអាចប្រកួតប្រជែងជាមួយគេបាន ព្រោះ សាច់កែច្នៃនឹងមានតម្លៃខ្ពស់ជាងគេ។ 

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ៖ «គាត់បានស្នើសុំក្រសួងកសិកម្ម ឲ្យអន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយលើកលែងពន្ធនាំចូលសត្វគោ។ ហើយសម្រាប់ក្រសួងកសិកម្ម បានជួយអន្តរាគមន៍៣ដង ដោយធ្វើលិខិតអន្តរាគម៍ទៅក្រសួងសេដ្ឋកិច្ច ឲ្យពិចារណាសំណើររបស់ក្រុមហ៊ុន តែមកដល់ថ្ងៃហ្នឹង អត់មានចម្លើយ។ 

ហើយខ្ញុំបានអន្តរាគមន៍ដោយធ្វើតាមសំណើហ្នឹង ព្រមទាំងជួយរកទីផ្សារទៅក្រៅស្រុក ដូចជា នាំចេញទៅឡាវបានមួយជើងដែរ  ហើយទៅរកទីផ្សារនៅថៃ វៀតណាម និងចិន»។

សូមជម្រាបថា កាលពីខែមីនា ក្រុមហ៊ុនធ្លាប់ជួបបញ្ហាម្តងរួចមកហើយ តាមរយៈការចុះត្រួតពិនិត្យនេះ បង្ហាញឲ្យឃើញថា ក្រុមហ៊ុនមានភាពប្រឈមជាច្រើន ប្រសិនបើពុំមានការដោះស្រាយបានទាន់ពេលវេលានោះទេ គឺរោងចក្រនេះនឹងអាចឈានទៅបិទទ្វាររោងចក្រ និងបញ្ឈប់កម្មកររាប់រយនាក់ នាពេលដ៏ខ្លីខាងមុខនេះ។

យោងតាមការវាយតម្លៃក្នុងដំណើរចុះត្រួតពិនិត្យរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ឃើញថា ក្រុមហ៊ុនវិនិយោគលើទីសត្តឃាតខ្នាតអន្តរជាតិមួយនេះ បានប្រឈម រួមមាន កង្វះកិច្ចសហការពេញលេញពីបណ្តាក្រសួងពាក់ព័ន្ធ ការពុំមានការបញ្ជាទិញពីបណ្តាប្រទេសគោលដៅដែលត្រូវនាំចេញ ដោយសារពុំមានការគាំទ្រពីភ្នាក់ងារអនាម័យនិងភូតគាមអនាម័យនៃបណ្តាប្រទេសទាំងនោះ ដែលពេលនេះទាមទារឲ្យក្រសួងពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជាបន្ទាន់។

សូមបញ្ជាក់ថា កាលកន្លងទៅ ក្រុមហ៊ុន អេសអិលអិន មីត សឹបប្លាយ ភីធីវ៉ាយ អិលធីឌី បានបោះទីតាំងវិនិយោគជំហានទី១ក្នុងទឹកប្រាក់ប្រមាណ៣៥លានដុល្លារសហរដ្ឋអាមេរិកដើម្បីការបង្កើតរោងចក្រកែច្នៃសាច់គោនាំពីប្រទេសអូស្រ្តាលីនៅខេត្តព្រះសីហនុ បានប្រកាសពីការចាប់ផ្តើមដំណើរជំហានដំបូងរបស់ខ្លួន ដោយធ្វើការពិឃាដគោ១០០ក្បាលក្នុងមួយថ្ងៃ ស្មើនឹងសាច់ចំនួន៥០តោន ដើម្បីចែកចាយទីផ្សារក្នុងស្រុក និងធ្វើការនាំចេញទៅប្រទេសចិនក្នុងតម្លៃចន្លោះពី៥ទៅ១០ដុល្លារក្នុងមួយគីឡូក្រាម។

នៅទីសត្តឃាតធំជាងគេនៅក្នុងតំបន់អាស៊ីមួយនេះ បានធ្វើការវិនិយោគសាងសង់រោងចក្រនិងខ្សែសង្វាក់ផលិតកម្មចំនួន៣ នៅលើផ្ទៃដី ១០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ ទើបតែបាននាំចូលគោពីប្រទេសអូស្ត្រាលី ១កប៉ាល់ ជាលើកដំបូងចំនួន ២៧៦១ក្បាល។

ទីសត្តឃាតគោអូស្ត្រាលីដ៏ធំនៅកម្ពុជាមួយនេះ បានផ្តល់ការងារដល់ប្រជាជនចំនួន ៤៧០នាក់ ហើយក្រុមហ៊ុននឹងបង្កើនដល់ ៨០០ ទៅជាង ១០០០នាក់ នៅពេលផលិតកម្មដំណើរការពេញ។

ប៉ុន្តែ គួរឲ្យស្តាយណាស់ បើសិនជារោងចក្រពិឃាតគោអូស្ត្រាលីដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីមួយនេះបិទទ្វារ នឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក កម្មកររាប់រយនាក់ ហើយធ្វើឲ្យមានរូបភាពមិនល្អនៅក្នុងប្រទេស  ពិសេស កម្ពុជាបាត់បង់ប្រាក់ចំណូលរាប់លានដុល្លារអាមេរិកពីការបង់ពន្ធចូលជាតិជារៀងរាល់ឆ្នាំ។ 

ដូច្នេះ ទាមទារឲ្យមានការយកចិត្តទុកដាក់សហការពេញលេញពីបណ្តាក្រសួងពាក់ព័ន្ធទាំងអស់ត្រូវជួយអន្តរាគមន៍ជាបន្ទាន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​​នាំ​ចេញ​ជាង​​២៣២​​លាន​​ដុល្លារ​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
ទឹក​ប្រាក់​នាំចេញ​ប្រមាណ​ជាង ២៣២​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) សម្រេច​បាន​ នៅ​ឆ្នាំ​នេះ ខណៈ​ដែ…

មហាសេដ្ឋី លី យ៉ុងផាត់ និងមហាសេដ្ឋីថៃ ស៊ី.ភី.គ្រុប បើកសម្ពោធផ្សារទំនើបលក់បោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជានៅ​ថ្ងៃទី១៧ ធ្នូនេះហើយ

ព័ត៌មាន
ដូចការគ្រោងទុកទៅតាមផែនការ នៅទីបំផុតផ្សារទំនើប Makro ដែលជាផ្សារបោះដុំទំនិញធំជាងគេរបស់ថៃ និងចាប់ផ្តើមបើកសម្ពោធ ដាក់ឲ្យដំណើរការអាជីវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ